ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ម៉ៅ មុនី្នវណ្ណ​ច្រានចោល​​ការ​ចោទ​របស់​លោក​សម រង្ស៊ី​ពី​ផែនការ​ធ្វើ​បក្ស​ប្រហារ


លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រងពីហ្វេសប៊ុក Mao Monyvann)
លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រងពីហ្វេសប៊ុក Mao Monyvann)

​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ​ លោក​ ​ម៉ៅ​ មុនី្នវណ្ណ​បាន​ថ្លែង​នៅ​ថ្ងៃពុធនេះ​ថា​ លោក​គ្មាន​មហិច្ឆតា​ឡើង​ក្តោបក្តាប់​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជំនួស​លោក​ ​កឹម សុខា​ ​ដូច​អ្វី​ដែល​លោក​ ​សម រង្ស៊ី​ អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆំាង​ ​បាន​ចោទប្រកាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះទេ។​

លោក​ ម៉ៅ​ មុនី្នវណ្ណ​ ដែល​ជា​នាយក​គណៈកម្មាការ​ប្រតិបត្តិ​ស្តីទី​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​លោក​មិនមែន​ជា​ជន​បង្កប់​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​ដឹកនាំ​ធ្វើបក្ស​ប្រហារ​ក្នុង​គណ​បក្ស​ប្រឆាំង​ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​សម រង្ស៊ី។​ ​លោក​មាន​ប្រសាសន៍​ថា​ រាល់​សកម្មភាព​នយោបាយ ​ដែល​លោក​បាន​ធ្វើ​ក្នុង​ពេល​គណ​បក្ស​កំពុង​រង​ការ​វាយ​ប្រហារ​ខាង​ផ្លូវ​ច្បាប់​ ​មាន​គោល​បំណង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​ ដើម្បី​ឈាន​ដល់​ការ​យក​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨។​

អ្នកតំណាងរាស្ត្រ​រូប​នេះអះអាង​ថា​ ការ​ចោទប្រកាន់​របស់​លោក​ ​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​គណបក្សប្រឆាំង ដែល​ទទួល​ការ​គាំទ្រ​ខ្លាំងក្លាក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​ ២០១៧​។

លោក​ ​ម៉ៅ មុន្នីវណ្ណ​ បាន​ប្រាប់​ ​VOA​ ​នា​ថ្ងៃ​ពុធ​នេះ​ថា៖​

«​ចំណេញ​ស្អី​អ្វី!​ ធ្វើ​ឲ្យ​កាន់​តែ​ខាត​បង់​ ទៅវិញ​ទេ​។​ ចង់​មិន​ចង់​ គឺថា​ អ្នក​ដែល​ចំណេញ​នោះ​ គឺ​អ្នក​កាន់​អំណាច​នោះ​ទេ​...គេ​កំពុង​តែ​អង្គុយ​ញញឹម​នោះ​។ ខ្ញុំ​នឹក​ឃើញ​ហើយ​ ខ្ញុំ​ហួសចិត្ត​ ប៉ុន្តែ​ខ្ញុំ​ សុំ​ថា​ ខ្ញុំ ​comment​ [អធិប្បាយ] ​ជាមួយ​គាត់ ជា​លើក​ចុងក្រោយ​ហើយ​ ជាមួយ​នឹង​ VOA ​ហ្នឹង​ គឺ​ខ្ញុំ​អត់​ឆ្លើយ​តប​អី​ ជាមួយ​គាត់​តទៅ​ទៀត​ទេ»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​ លោក​ សម រង្ស៊ី​ បាន​បញ្ចេញ​ឃ្លីបវីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​ ​របស់​លោក​ ដោយ​បាន​ចោទប្រកាន់​លោក​ ម៉ៅ​ មុន្នីវណ្ណ​ចំៗ​ថា​ លោក​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ក្នុង​ការ​ធ្វើ​បក្ស​ប្រហារ​ផ្លាស់​ប្តូរក្បាល​ម៉ាស៊ីនដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ ​លោក​ សម រង្ស៊ី​ បាន​អំពាវនាវ​ផងដែរ​ ដល់​ថ្នាក់​ដឹកនាំបក្ស​ប្រឆាំង​ ឬមន្ត្រី​ថ្នាក់​មូលដ្ឋាន​ ដែល​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខាង​នយោបាយ​ ​ឲ្យ​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស។​

​លោក ​ម៉ៅ មុន្នី​វណ្ណ​ ដែល​ធ្លាប់​ជា​សមាជិក​របស់​គណបក្ស​សម រង្ស៊ី​ មុន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ ​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​ ​បាន​ថ្លែង​ថា​ ​លោក​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះឡើយ ទោះស្ថិត​ក្នុង​ស្ថានភាព​គំរាម​កំហែងបែប​ណា​ក៏​ដោយ។​ ​

លោក​ ​ម៉ៅ មុនី្នវណ្ណ​ ​ដែល​គេ​ដឹង​ថា​ មាន​ភាព​សកម្ម​ក្នុង​ការ​តវ៉ា​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​ ​យល់​ថា​ ការ​ចោទប្រកាន់​របស់​ លោក​ ​សម រង្ស៊ី​ ​មក​លើរូបលោក​ ​ជា​ចេតនា​នៃ​ការ​សម្លាប់​ជីវិត​នយោបាយ​របស់​លោក​ផងដែរ។​ ​លោក​និយាយថា​ លោក​ ​សម រង្ស៊ី​ ​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ជ្រោយ​ខណៈ​លោក​ ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ផ្តល់​ការ​អធិប្បាយ​ ​ដែល​ផ្ទុយ​ពី​ស្ថានភាព​របស់​គណបក្ស​នៅ​ក្នុង​ប្រទេស។​

«គាត់​ត្រូវ​បាន​ទទួល​ព័ត៌មាន​ប្រយោល ពី​មន្ត្រី​ដែល​បម្រើ​យុទ្ធសាស្ត្រ​គេ​ យក​ទៅ​ប្រាប់​គាត់​អីចឹង​ទៅ​ គាត់​ធ្វើសេចក្តី​សម្រេច​មួយ​ ​ដែល​ថ្លែង​ជា​សាធារណៈ​ បែប​នេះ​ ក្នុង​គោល​បំណង​ ​គឺថា​សម្លាប់​ជីវិតនយោបាយ​របស់​ខ្ញុំ​ហើយ។​ ​ប៉ុន្តែ​ខ្ញុំមិន​បារម្ភ​ទេ​ ព្រោះ​ដោយ​សារ​ថា​ ខ្ញុំ​យល់​ឃើញ​ថា​ ទុក​ឲ្យ​ពេល​វេលា​ វា​ជា​អ្នក​កំណត់​ ភាព​បរិសុទ្ធ​របស់​ខ្ញុំ​ទៅវិញ»។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ​សម រង្ស៊ី​ ​ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារំាង​ ទាក់​ទិន​ការ​ចោទប្រកាន់​របស់​លោក​ ​ប្រឆាំង​នឹង​លោក​ ម៉ៅ​ មុនី្នវណ្ណ​ តាម​សារ​អេឡិចត្រូនិក​ ឬ​Email។​ ​ប៉ុន្តែ​អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូបនេះ​ មិន​ទាន់​ឆ្លើយ​តប​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​VOA​ ​ក៏​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ទូរស័ព្ទលោក​រោទិ៍​ គ្មាន​អ្នក​ទទួល​។ កញ្ញា​ កឹម មនោវិទ្យា​ កូនស្រីច្បង​លោក​កឹម សុខា​ និង​ជា​អគ្គនាយករងកិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះជាតិ ក៏​មិន​ទាន់​ឆ្លើយ​តប​ សំណួរ​តាម​ សារ​អេឡិច​ត្រូនិក​ ឬ​Email ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រេះស្រាំ​របស់​បក្ស​ប្រឆាំង​ នៅ​គ្រា​មានការ​ចោទ​គ្នា​ទៅវិញ​មក​បែបនេះ។​

ក្នុង​ឃ្លីប​វីដេអូ​របស់​លោក​ ​សម រង្ស៊ី​ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​ អតីត​មេដឹកនាំ​គណ​បក្ស​ប្រឆាំងរូបនេះ​ ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​ត្រូវ​បានរំលាយ​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ហើយ​ថា​ លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​រក្សា​ជំហរ​រឹងប៉ឹង​ ទោះ​បី​លោក​កំពុង​ស្ថិត​ក្នុងពន្ធនាគារ​ក៏ដោយ។​ ​លោក​ ​សម រង្ស៊ី​ ​បាន​ថ្លែងបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​លោក​ ​ហ៊ុន សែន​ ​នឹង​បរាជ័យ​ជាថ្មីទៀត​ ក្នុង​កិច្ចប្រឹងប្រែង​បង្ក​ឲ្យ​មាន​បក្ស​ប្រហារ​ ផ្លាស់​ប្តូរ​មេដឹកនាំ​គណបក្ស​ប្រឆាំង។​ ​លោក​បន្ត​ថា​ រដ្ឋាភិ​បាល​លោក​ ​ហ៊ុន សែន​ ​បានបរាជ័យ​ក្នុងការ​ប៉ុនប៉ង​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​គំនាប​សេដ្ឋកិច្ច​ និងនយោបាយ​ពី​ប្រ​ទេស​កាន់លទ្ធិ​ប្រជាធិប​តេយ្យ។​

តែ​ទោះបី​ជា​យ៉ាងណាក្តី​ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ​បាន​អះអាងថា​ តុលាការ​កំពូល​នឹង​ធ្វើ​ការ​សម្រេច​ពី​វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៅ​មុខ​ទៀត។​

ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ និង​តែ​មួយ​គត់​នៅ​សភាជាតិ​ខ្មែរ បាន​ទទួលរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​ ដែល​ជា​ម្ចាស់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។​ ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ ដែល​ជា ម្ចាស់​ជំនួយ​ធំ​ទី​បួន​របស់​កម្ពុជា​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​ ខ្លួន​នឹង​ពិចារណា​លើចំណង​ការទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើងវិញ​ ​ប្រសិន​បើ​មានការ​រំលាយ​គណបក្ស​ប្រឆាំង។​ រដ្ឋាភិបាល​ស៊ុយ​អែត​ក៏ទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ដោយធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិប្រតិបត្តិការ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ និងសេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ជា​ឆ្អឹងខ្នង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ សមាជិក​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ ​មកពី​គណបក្ស​សាធារណ​រដ្ឋ​ ដែល​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រជាធិបតេយ្យក៏​បាន​គំរាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ រួមទាំង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ ​ប្រសិន​បើ​បក្ស​កាន់​អំណាច​កម្ពុជា​រំលាយ​ និង​មិន​ដោះលែង​ប្រធាន​ និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG