ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ធីម ខេន​​អង្រួន​បេះដូង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ​ Richmond ​


លោក​សាម៉ូអែល​ នួន (Samuel Nuon) ​​គ្រូគង្វាល​ចូល​និវត្តន៍​​​នៅ​វិហារ​​សាសនា​គ្រឹស្ត​ សព​ថ្ងៃ​រស់​នៅ​ ​ជាយ​ក្រុង​ Richmond ​រដ្ឋ​ Virginia។ លោក​បាន​រំលឹក​ពី​​អាជីព​នយោបាយ​របស់​អតីត​​មិត្ត​រួម​ជំនាន់​​របស់​គាត់ ​គឺ​លោក​សមាជិក​ព្រឹទ្ធ​​សភា​ធីម ខេន ដែល​ត្រូវ​ជ្រើស​រើស​ជា​បេក្ខជន​អនុប្រធានាធិបតី​អាមេរិក​​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ (ម៉ែន គឹមសេង/VOA)
លោក​សាម៉ូអែល​ នួន (Samuel Nuon) ​​គ្រូគង្វាល​ចូល​និវត្តន៍​​​នៅ​វិហារ​​សាសនា​គ្រឹស្ត​ សព​ថ្ងៃ​រស់​នៅ​ ​ជាយ​ក្រុង​ Richmond ​រដ្ឋ​ Virginia។ លោក​បាន​រំលឹក​ពី​​អាជីព​នយោបាយ​របស់​អតីត​​មិត្ត​រួម​ជំនាន់​​របស់​គាត់ ​គឺ​លោក​សមាជិក​ព្រឹទ្ធ​​សភា​ធីម ខេន ដែល​ត្រូវ​ជ្រើស​រើស​ជា​បេក្ខជន​អនុប្រធានាធិបតី​អាមេរិក​​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ (ម៉ែន គឹមសេង/VOA)

លោក Tim Kaine បេក្ខជន​អនុប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​​ មាន​​អាជីព​នយោបាយ​ទាក់ទង​នឹង​ក្រុង Richmond រដ្ឋ Virginia ដែល​នៅ​ទី​នោះ​លោក​​បាន​ស្គាល់​ខ្មែរ​អាមេរិកាំងដែរ។

លោក​ សាម៉ូអែល​ នួន (Samuel Nuon) តាម​ដាន​ជា​ប្រចាំ​នូវ​ការ​ឈាន​ឡើង​ខាង​អាជីព​នយោបាយ​របស់​អតីតមិត្ត​រួម​ជំនាន់របស់​គាត់​គឺ​លោក​សមាជិក​ព្រឹទ្ធសភា​ ធីម ខេន (Tim Kaine)។

នៅ​ឯ​គេហដ្ឋាន​របស់​លោក​នា​ជាយ​ក្រុង​ Richmond ​រដ្ឋ​ Virginia (វីជីនៀ) ​លោកគ្រូ​បណ្ឌិត សាម៉ូអែល នួន ​ដែល​ពេល​នេះ​បាន​ចូល​និវត្តន៍​ពី​ការងារ​ជា​គ្រូ គង្វាលនៅ​វិហារសាសនា​គ្រឹស្ត​បាន​រំលឹក​ពីលោក​ ធីម ខេន​ ថា៖

«ខ្ញុំ​ធ្លាប់​បាន​ស្គាល់​គាត់​តាំង​ពី​ឆ្នាំ​៩១ដែល​យើង​បាន​សិក្សា​ជាមួយ​គ្នា​ខាង ​LMR ​(ឬ​ថ្នាក់ដឹកនាំ​នៅ​តំបន់​ក្រុង​ Richmond)។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ហើយ​គាត់​ជា​អ្នក​ដែល​យក​ចិត្ត​ទុកដាក់​ប្រជាជន​ហើយ​មាន​ប្រជាប្រិយ​ខាង​និយាយ​ពីរោះ​ក្បោះក្បាយ‍»។

បន្ទាប់​ពី​សិក្សាវគ្គ ​LMR ​ឬ​ថ្នាក់​ដឹកនាំ​នៅ​តំបន់​ក្រុង​ Richmond ​រយៈ​ពេល​មួយ​ឆ្នាំកាល​ពី​ឆ្នាំ​១៩៩១​នោះ​មក ​លោក​ ធីម ខេន ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ក្នុង​ឆ្នាំ​១៩៩៤​និង​ជា​បន្ត​បន្ទាប់មកជាចៅហ្វាយក្រុង​ Richmond ​អភិបាល​រដ្ឋ​និង​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋVirginia។

លោក Tim Kaine (ធីម ខេន) សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ Virginia និង​ជា​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​អំឡុង​ការ​ជួប​ជុំ​គ្នា​រមួយរបស់​អ្នក​គាំទ្រ​នៅ​ទី​ក្រុង Greensboro រដ្ឋ​ North Carolina កាល​ពី​ថ្ងៃ​ពុធ ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។​(AP Photo/Chuck Burton)
លោក Tim Kaine (ធីម ខេន) សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ Virginia និង​ជា​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​អំឡុង​ការ​ជួប​ជុំ​គ្នា​រមួយរបស់​អ្នក​គាំទ្រ​នៅ​ទី​ក្រុង Greensboro រដ្ឋ​ North Carolina កាល​ពី​ថ្ងៃ​ពុធ ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។​(AP Photo/Chuck Burton)

លោក ​ធីម ខេន ​អ្នក​នយោបាយ​ដែល​មាន​វ័យ​៥៨​ឆ្នាំ​រូបនេះ ​ត្រូវ​បាន​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ (Hillary Clinton) បេក្ខជន​ប្រធានាធិបតី​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យជ្រើស​រើសជា​បេក្ខជន​អនុប្រធានាធិបតីសម្រាប់​ការ​បោះឆ្នោតនៅ​ថ្ងៃទី​៨​ខែ​វិច្ឆិកា​ខាង​មុខនេះ។

លោក ​សាម៉ូអែល​ នួន​ បញ្ជាក់ពី​ជំនឿ​លើលោក​ ធីម ខេន ថា៖

«ខ្ញុំ​ជឿ​ថា​ គាត់​នឹង​ជា​បេក្ខជន​មួយ​ដ៏ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ផង​និង​គ្រប់​សាសន៍​នៅ​សហរដ្ឋ​អាមេរិក​នេះ»។​

រីឯ​នៅ​វត្ត​ខ្មែរ​សាមគ្គី​ក្នុង​ទីក្រុង Richmond ​ឈ្មោះ​របស់​លោក ​ធីម ខេន​និង​ស្នាដៃ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ។

លោក​កែវ ស៊ុម ​ពលរដ្ឋ​ខ្មែរ​ដែល​ចូលនិវត្តន៍​បាន​បញ្ជាក់​ថា៖

«គាត់​ជា​ប្រមុខ​រដ្ឋ​មួយ​ដ៏ល្អ​។ គាត់​បាន​កសាង​សេដ្ឋកិច្ច​សង្គម​នៅ​រដ្ឋ​ Virginia ​បាន​ល្អ។ ហើយ​ពេល​ជា​សមាជិក​ព្រឹទ្ធសភា​គាត់​តែង​តែ​រិះរក​មធ្យោបាយ​ជួយ​ប្រជាជន​នៅ​រដ្ឋ​ Virginia ​ហ្នឹង។ នេះ​បើ​តាម​ខ្ញុំ​មើល​ឃើញ‍»។​

លោក​ កែវ ស៊ុម ​បាន​បន្ថែម​ទៀត​ថា​ លោក​នឹង​បន្ត​គាំទ្រ​លោក​ធីម ខេន៖

«ខ្ញុំ​បាន​សម្រេច​ហើយ​ថា ​ខ្ញុំ​មិន​បោះឆ្នោត​ប្រឆាំង​នឹង​បក្ស​សាធារណរដ្ឋ​ទេ​ ប៉ុន្តែ​ទម្លាប់​ខ្ញុំ​គឺ ខ្ញុំ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ‍ ​គឺ​បោះឆ្នោត​ឱ្យ​លោក​ធីម ខេន​ហ្នឹង​ហើយ‍!‍»

លោក​ធីម ខេន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ជា​ដៃគូ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​ដោយ​សារ​តែ​រដ្ឋ ​Virginia ​គឺជា​រដ្ឋ​ដែល​មាន​លក្ខណៈ​ប្រទាញ​ប្រទង់​គ្នា។

លោក សាន អឿន ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងនៅ​ទីក្រុង​ Richmond ​ដែល​តែង​តែ​គាំទ្រគណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ​ប៉ុន្តែ​គាំទ្រ​លោក​ ធីម ខេន ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​បាន​បង្ហាញ​ពី​ជំហរ​ថ្មី។

«ខ្ញុំ​ធម្មតា​ពី​ដើម​មក ​មាន​បោះឆ្នោត​ជូន​សាធារណរដ្ឋ​ខ្លះ​ ប៉ុន្តែ​យោល​ទៅ​តាម​សភាព​ការណ៍​នយោបាយ​ទៅ​តាម​ប្រទេស​ជាតិ​បច្ចុប្បន្ន​ដែល​យើង​មើល​ឃើញ​ដូច្នេះ​នៅ​ឆ្នាំ​នេះ​ប្រហែល​ជា​ខ្ញុំ​ប្តូរ​ចិត្ត​បោះ​ទៅ​ខាង​ប្រជាធិបតេយ្យ​ម្តង‍»។​

លោក ​សាន អឿន ​ចង់​ឱ្យ​មេដឹកនាំ​ថ្មី​មាន​ការ​យក​ចិត្ត​ទុកដាក់​ថែម​ទៀត​មក​លើ​សហគមន៍​ខ្មែរ​អាមេរិកាំង។

«ទីមួយ​គឺ​ថា​ចង់​សន្តិភាព​ប្រទេស​ជាតិ​ ទីពីរ​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​ ដូច​ជា​ការ​ដោះស្រាយ​ប្រជាជន​ឱ្យ​បាន​រស់​នៅ​បាន​ដោយ​ស្រួល​និង​បញ្ហា​សង្គម‍»។

អ្នកស្រី​សាមឿន ផូ (Samoeun Por) ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​រស់​នៅ​ក្រុង Richmond រដ្ឋ​ Virginia. (ម៉ែន គឹមសេង/VOA)
អ្នកស្រី​សាមឿន ផូ (Samoeun Por) ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​រស់​នៅ​ក្រុង Richmond រដ្ឋ​ Virginia. (ម៉ែន គឹមសេង/VOA)

អ្នកស្រី​សាមឿន ផូ ​យល់​ស្រប​ចំពោះ​តម្រូវការ​សេដ្ឋកិច្ច​និង​ការងារ។ ប៉ុន្តែ​មាន​សំណូមពរ​បន្ថែម៖

«ចង់ផ្តោត​ដែរ​គឺ​ថា​ យើង​ទៅ​ពេទ្យ​ចង់​ថា ​កុំ​ឱ្យ​គេ​យក​ថ្លៃ​ពេក​ដូច​ជា​ថ្នាំ​សង្កូវ​ចង់​ឱ្យ​គេ​ជួយ​ឱ្យ​មាន​ភាព​តិចតួច​កុំ​ឱ្យ​ច្រើន​ពេក​ជាពិសេស​គឺ​ពេទ្យ​ហ្នឹង​ហ្មង‍»។​

សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋ ​Virginia មិន​ជា​ធំ​ប៉ុន្មាន​ទេ​ គឺ​មាន​ពលរដ្ឋ​ចំនួន​រាប់​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែល​រស់​នៅ​ទីក្រុង​ Richmond ​នេះ​គឺ​មាន​តែ​ប្រហែល​បួនរយ​គ្រួសារ​តែ​ប៉ុណ្ណោះ។ ​

លោក​ហុក ហាក់​សមាជិក​នៃ​គណៈកម្មការ​វត្ត​នៅ​ទីក្រុង Richmond រដ្ឋ Virginia។ (ម៉ែន គឹមសេង/VOA)
លោក​ហុក ហាក់​សមាជិក​នៃ​គណៈកម្មការ​វត្ត​នៅ​ទីក្រុង Richmond រដ្ឋ Virginia។ (ម៉ែន គឹមសេង/VOA)

លោក​ ហុក ហាក់ ​សមាជិក​នៃ​គណៈកម្មការ​វត្ត​នៅ​ទីក្រុង​Richmond ​នេះទទួល​ស្គាល់​ថា​ សហគមន៍​របស់​លោក​នៅ​មិន​ទាន់​ពូកែ​ខាង​ទាក់​ទង​ឱ្យ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ចាប់​អារម្មណ៍​ខ្លាំង​លើ​សហគមន៍​ដ៏​តូច​នេះ​នៅ​ឡើយទេ។​ លោក​សង្ឃឹម​ថា​ លោក​ធីម ខេន ​នឹង​អាច​ជួយ​ផ្តោត​ការ​ចាប់​អារម្មណ៍​បន្ថែម។​

«ទំនាក់​ទំនង​និង​រក​ច្រក​ដើម្បី​ពឹង​ពាក់​ឬ​ក៏​សំណូមពរ​អ្វីៗ​ផ្សេង​ខ្មែរ​យើង​មាន​លទ្ធភាព​ពុំ​ចម្រើន​ទេ​ក្នុង​ការ​ទាក់ទង​របៀប​នេះ។ ក៏ប៉ុន្តែ​បើ​សិន​ជា​លោក​មាន​ព្រហ្មវិហារធម៌​និង​មាន​មនោ​សញ្ចេតនាថាចង់​ជួយ​សហគមន៍​ខ្មែរ​គឺថា​សហគមន៍​ខ្មែរ​នឹង​ត្រេកអរ​និង​ឱប​ក្រសោប​និង​ស្វាគមន៍​នូវ​អ្វីៗ​ដែល​លោក​ចង់​បាន​ទាំងអស់‍»។​

លោក​ ហុក ហាក់​ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួនដែល​លោក​ធីម ខេន​ត្រូវ​ធ្វើការ​ឃោស​នា​បន្ថែម​ទៀត​ដើម្បី​បញ្ចុះ​បញ្ចូល​ដោយ​លោក​ថា​លោកនៅ​មិន​ទាន់​សម្រេច​ចិត្តថា ​តើ​នឹង​ត្រូវ​បោះឆ្នោត​ជូន​បេក្ខជន​ណា​នៅឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG