ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាស​ន៍VOA៖ អគ្គលេខាធិការ​អាស៊ាន​និយាយ​ពី​សមាហរណកម្ម​ និង​ចលនា​សេដ្ឋកិច្ច​គាំពារនិយម


រូបភាពឯកសារ​៖​ លោក​អគ្គ​លេខា​ធិការ​អាស៊ាន​ Le ​Luong​ Minh និយាយជាមួយអ្នកសារព័ត៌មានក្នុងសណ្ឋាគាមួយក្នុងប្រទេសភូមា​ នាថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៤។ (Reuters) ​
រូបភាពឯកសារ​៖​ លោក​អគ្គ​លេខា​ធិការ​អាស៊ាន​ Le ​Luong​ Minh និយាយជាមួយអ្នកសារព័ត៌មានក្នុងសណ្ឋាគាមួយក្នុងប្រទេសភូមា​ នាថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៤។ (Reuters) ​

បរិបទ​អាស៊ាន​មាន​លក្ខណៈ​ខុស​ពី​គេ​គួរ​ឲ្យ​កត់​សម្គាល់​ ដោយសារ​អាស៊ាន​ធ្វើ​ការ​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​មូល​មតិ​គ្នា​ (កុងសង់ស៊ីស)​ ហើយ​រដ្ឋ​ជា​សមាជិក​នៅ​អាច​រក្សា​អធិបតេយ្យ​ភាព​របស់​គេ​រៀងៗ​ខ្លួន។

កំណត់​និពន្ធ៖ នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​កំពុង​ធ្វើ​សមាហរណកម្ម​ ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន ​ដែល​ជំហាន​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ក្រោម​ពាក្យ​ស្លោក​ថា ​«សហគមន៍​សេដ្ឋកិច្ច​អាស៊ាន» ​ដែល​បាន​ចាប់​ផ្ដើម​នៅ​ដំណាច់​ឆ្នាំ​២០១៥។ ​ប៉ុន្តែ ​សមាហរណកម្ម​អាស៊ានកំពុងដំណើរការ ​ក្នុង​បរិយាកាស​ដែល​សេដ្ឋកិច្ច​សាកលលោក​កំពុង​រង​បាតុភូត​ថ្មី​នៃ​ការ​កើត​ឡើង​នៃ​ចលនា​គាំពារនិយម​ប្រឆាំង​ និង​ចរន្ត​សាកលភាវូបនីយកម្ម។ ​នៅ​ក្នុង​កិច្ចសម្ភាសន៍​តាមសារ​អេឡិចត្រូនិក​ជាមួយ ​លោក​ អូន​ ឆេងប៉រ ​នៃ​ VOA ផ្នែកខេមរភាសា​ លោក​អគ្គ​លេខាធិការ​អាស៊ាន​ Le ​Luong​ Minh ​បាន​លើក​ឡើង​អំពី ​ពាណិជ្ជ​កម្ម​អន្តរជាតិ ​ដំណើរការនៃ​សមាហរណកម្មរបស់អាស៊ាន​ ​និងការតាំងចិត្តរបស់​អាស៊ានទៅថ្ងៃអនាគត។

VOA៖ តើអាស៊ានមានទស្សនៈយ៉ាងណាទៅលើភាពមិនប្រាកដប្រជានៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច​ ជា​ពិសេស​ការ​ធ្លាក់​ចុះ​នៃ​សហភាព​អឺរ៉ុប? តើ​មាន​មេរៀន​អ្វី​ខ្លះ​ដែល​អាស៊ាន​អាច​រៀន​បាន​ពី​ Brexit?

Le Luong Minh៖ Brexit បាន​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​អធិបតេយ្យភាព​ បញ្ហា​ជន​អន្តោប្រវេសន៍​ និង​ការ​ចូលរួម​ចំណែក​មិន​ស្មើគ្នា​ ទល់​នឹង​ផល​ប្រយោជន៍​នៃ​ភាព​ជា​សមាជិក​សហភាព​អឺរ៉ុប​នីមួយៗ។ បរិបទ​អាស៊ាន​មាន​លក្ខណៈ​ខុស​ពី​គេ​គួរ​ឲ្យ​កត់​សម្គាល់​ ដោយសារ​អាស៊ាន​ធ្វើ​ការ​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​មូល​មតិ​គ្នា​ (កុងសង់ស៊ីស)​ ហើយ​រដ្ឋ​ជា​សមាជិក​នៅ​អាច​រក្សា​អធិបតេយ្យ​ភាព​របស់​គេ​រៀងៗ​ខ្លួន។

ទោះ​ជា​យ៉ាងណា​មាន​មេរៀន​មួយ​ចំនួន​ដែល​យើង​ត្រូវ​រៀន​ពី Brexit (ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប)។ ខណៈពេល​ដែល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ការ​ធ្វើ​សមាហរណកម្ម​មិន​ប្រឈម​នឹង​បញ្ហា​ដូច​នៅ​ក្នុង​បរិបទBrexitនោះ​ មេរៀន​ល្អ​ពី​រឿង​នេះ​គឺ​ថា ​សារៈសំខាន់​ដែល​សមាហរណកម្ម​ក្នុង​តំបន់​គួរ​តែ​ផ្ដល់​ជា​ប្រយោជន៍​ដល់​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ នឹង​ត្រូវ​ធានា​ថា ​ភាគី​ពាក់ព័ន្ធ​ដែល​នៅ​ក្នុង​ទទួល​យក​ចំណែក​ចេញ​ចូល​បែប​នេះ​យូរ​លង់​ត​ទៅ​ទៀត។

ហេតុ​នេះ​ហើយ​សារៈ​សំខាន់​នៃ​ការ​ដឹង​ និង​ការ​យល់​ជា​សាធារណៈ ​អំពី​គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម​ថ្នាក់​តំបន់​នេះ​មាន​សារៈសំខាន់​ជា​ខ្លាំង​ដើម្បី​បង្កើត​និង​រក្សា​ការ​យល់​ព្រម​និង​ការ​គាំទ្រ​ពី​សាធារណជន​ ក៏​ដូច​ជា​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​យល់​ច្រឡំ​ ដែល​អាច​កើត​មាន​ជា​យថាហេតុ ​នៅ​ក្នុង​ការ​ទំនាក់ទំនង​រវាង​សមាហរណកម្ម​ថ្នាក់​តំបន់​ និង​បញ្ហា​ប្រឈម​នានា​ក្នុង​បណ្ដា​រដ្ឋ​ជា​សមាជិក។

VOA៖ តើ​អាស៊ាន​យល់​ថា ​វា​ដល់​ពេល​ហើយ​ឬ​នៅ​ក្នុង​ការ​ទទួល​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ធំ​ជាង​នេះ​នៅ​ក្នុង​តំបន់​និង​ពិភពលោក​ដោយ​ការ​បង្កើត​ គំនិត​ផ្ដួចផ្ដើម​ដែល​ផ្តោត​ទៅ​លើ​អាស៊ាន​កាន់​តែ​ខ្លាំង?

មាន​យន្តការ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​រួច​ទៅ​ហើយ​ ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នានា​នៅ​លើ​គន្លង​នៃ​សហគមន៍​អាស៊ាន​ ដែល​បាន​ផ្តល់​ជា​ផល​ជាក់ស្តែង​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​នានា​ផង​ដែរ។

ចាប់​តាំង​ពី​ពេល​ត្រូវ​បាន​បង្កើត​ឡើង​ អាស៊ាន​បាន​ធ្វើ​ការ​ឥត​ឈប់ឈរ​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ អាស៊ាន​ បាន​នឹង​កំពុង​ផ្តល់​ឲ្យ​តំបន់​នេះ​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ឱកាស​អភិវឌ្ឍ​វប្បធម៍​សង្គម។ ការ​ធានា​សុវត្ថិភាព​របស់​ប្រជាជន​យើង​នឹង​នៅ​តែ​ជា​គន្លឹះ​របស់​អាស៊ាន។ អាស៊ាន​បាន​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ចៀសចេញ​ពី​ការ​គំរាម​កំហែង​សន្តិសុខ​បែប​ប្រពៃណី ​និង​ការ​គំរាមកំហែង​សន្តិសុខ​ផ្សេង​ទៀត​ ដូច​ជា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ជំងឺ​ឆ្លង​ គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​រូបភាព​ផ្សេងៗ។

នៅ​ក្រប​ខណ្ឌ​នៃ​ ផែន​ការ​គោល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC)ឆ្នាំ​២០២៥​ អាស៊ាន​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កាន់​តែ​ខ្លាំង​ឡើង​ ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​សាកលលោក។ ការ​កសាង​ពី​ការ​ចំណេញ​នៃ​ការ​ចូលរួម​របស់​អាស៊ាន​ជាមួយ​សាកលលោក​ និង​ការ​ផ្តួចផ្តើម​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​អាស៊ាន​អាច​ទទួល​យក​តួនាទី​ធំ​ជាង​នេះ​ ក្នុង​ការ​សហការ​ជាមួយ​ដៃ​គូ​ក្នុង​តំបន់​និង​ដៃ​គូ​កម្រិត​សាកល​នានា ​ក្នុង​ការ​ស្វែង​រក​ការ​តភ្ជាប់​ជា​យុទ្ធសាស្រ្ត ​ដើម្បី​បន្ត​ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​ជា​ពិសេស​ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​និង​ក្រុម​នៅ​ក្នុង​តំបន់​ដែល​មាន​ជំនឿ​ទៅ​លើ​គុណ​តម្លៃ ​និង​មាន​គោល​ការណ៍​ដូចគ្នា​ លើ​ការ​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​របស់​ពួក​គេ​ប្រសើរ​ឡើង​តាមរយៈ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។

អាស៊ាន​នឹង​បន្ត​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ចូលរួម​យ៉ាង​សកម្ម​ក្នុង​វេទិកា​តំបន់​និង​លើក​កម្ពស់​ការ​ចូលរួម​ជាមួយ​ស្ថាប័ន​សាកល​និង​ស្ថាប័ន​ថ្នាក់​តំបន់​នានា។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ ការ​ផ្តួចផ្តើម​បច្ចុប្បន្ន​ដែល​យក​អាស៊ាន​ជា​គោល​ ដែល​ក្នុង​ចំណោម​នោះ​មាន​ការ​ចរចា​នៃ​ ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ក៏​ដូច​ជា​ការ​ពិនិត្យ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ជាមួយ​នឹង​ដៃ​គូ​ខាង​ក្រៅ​តំបន់​របស់​ខ្លួន​ (ASEAN +1FTAs) ដើម្បី​ធានា​ថា​ កិច្ច​ព្រមព្រៀង​ទាំង​នោះ​នៅ​តែ​ទាន់​សម័យ​ គ្រប់ជ្រុងជ្រោយ​ មាន​គុណភាព​ខ្ពស់​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រអាជីវកម្ម​ដែល​ប្រតិបត្តិការ​ បណ្តាញ​ផលិតកម្ម​នៅ​ក្នុង​អាស៊ាន​និង​ដៃគូ​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន FTA ។

សសរ​ស្តម្ភ​នៃ​គំនិត​ផ្ដួចផ្ដើម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​អាស៊ាន​គឺ​ជា​សុខុមាលភាព​របស់​សហគមន៍​អាស៊ាន។ វា​នឹង​មិន​មាន​ពេល​វេលា​ល្អ​ប្រសើរ​ជាង​នេះ​នោះ​ទេ​ ដែល​ត្រូវ​និយាយ​អំពី​ការ​កាត់បន្ថយ​ការ​រង​ទុក្ខ​វេទនា ​និង​ការ​សង្គ្រោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​អាស៊ាន។ គំនិត​ផ្តួចផ្តើម​ត្រូវ​បាន​បង្ហាញ​នៅ​ក្រោម​ក្របខ័ណ្ឌ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្នុង​តំបន់​ គឺ​ជា​បញ្ហា​នៃ​ការ​រស់រាន​មាន​ជីវិត​និង​ភាព​រឹងមាំ​ដ៏​សំខាន់។

VOA៖ អ្នក​ខ្លះ​មើល​សមាហរណកម្ម​អាស៊ាន​ថា​យឺត​ (ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ដ៏​ប្រយ័ត្នប្រយែង) ។ តើ​លោក​គិត​ថា​ វា​គឺ​ជា​ពេល​វេលា​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ សម្រាប់​អាស៊ាន​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​ខ្លួន?

Le Luong Minh៖ គំនិត​ទស្សនៈ​នៅ​លើ​ថា ​តើ​អាស៊ាន​គួរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​បែប​ណា​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ថ្នាក់​តំបន់​នេះ​ គឺ​ទំនង​នឹង​ក្លាយ​ជា​ការ​យល់​ឃើញ​បែប​អត្តនោម័តិ​ផ្សេងៗ​ពី​គ្នា។ នៅ​ពេល​នៃ​ការ​ចាប់​ផ្តើម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ដែល​បាន​សម្រេច​គោល​ដៅ​កំណត់​ដោយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​ បាន​សម្រេច​ការ​អនុវត្ត​ស្ទើរ​តែ​ទាំង​ស្រុង​នៃ​វិធាន​ការ​នៅ​ក្រោម​ផែន​ការ​គោល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)​ឆ្នាំ​២០២៥។

សន្ទុះ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចាប់​ពី​ឆ្នាំ ​២០១៦​ ដល់​ឆ្នាំ ​២០២៥​ ឥឡូវ​នេះ​ត្រូវ​ធ្វើ​ឡើង​ជាមួយ​នឹង​ផែន​ការ​គោល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)​ឆ្នាំ​២០២៥​ ជា​ផែន​ទី​បង្ហាញ​ផ្លូវ​ ដែល​ទទួល​បាន​ទទួល​បន្ត​ពី​ផែនការ​ដំបូង។ ផែនការ​គោល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)​ឆ្នាំ​២០២៥​ ត្រូវ​តាក់តែង​ឡើង​អម​ដោយ​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្រ្ត​រួម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥​ ដែល​ចែង​ពី​ខ្សែ​បណ្តាញ​សកម្មភាព​គន្លឹះ​សំខាន់ៗ​ដែល​ត្រូវ​បាន​យក​ចេញ​ពី​ផែនការ​ការងារ​តាម​វិស័យ​នានា ​និង​បាន​ចង្អុរ​បង្ហាញ​ពេល​វេលា​សម្រាប់​សកម្មភាព​ផ្សេង​គ្នា។

លើស​ពី​នេះ​ទៀត ​អាស៊ាន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់។ ជាមួយ​នឹង​ការ​ផ្តោត​សំខាន់​យ៉ាងខ្លាំង​ទៅ​លើ​សហគមន៍​មួយ​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន​ផ្តោត​ទៅ​លើ​ប្រជាពលរដ្ឋ​និង​យក​ប្រជាពលរដ្ឋ​ជាគោល ​អាស៊ាន​មាន​ការ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ធានា​ថា​ រដ្ឋ​សមាជិក​ទាំង​អស់​ ទោះ​បី​ជា​កម្រិត​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋ​ជា​សមាជិក​ទាំង​នោះ​ស្ថិត​ក្នុង​កម្រិត​ណា​ក៏​ដោយ​ សុទ្ធ​តែ​អាច​ជា​អ្នក​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទទួល​ផល​ប្រយោជន៍​ ពី​សំណាក់​របៀបវារៈ​និង​កម្ម​វិធី​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់។

ក្នុង​ន័យ​នេះ​ អាស៊ាន​ទទួល​ស្គាល់​ថា​ រដ្ឋ​ជា​សមាជិក​ខ្លះ​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ការ​ប្តេជ្ញា​ចិត្ត​ថ្នាក់​តំបន់​របស់​ពួក​គេ​ឲ្យ​បាន​ ដូច្នេះ​ហើយ​វិធាន​ច្បាស់លាស់​ និង​គំនិត​ផ្តួចផ្តើម​ជាក់លាក់​ត្រូវ​បាន​ដាក់​ក្នុង​របៀបវារៈ​ដើម្បី​ជួយ​រដ្ឋ​ជា​សមាជិក​ទាំង​នោះ។ ការ​មាន​រដ្ឋ​ជា​សមាជិក​ដែល​មាន​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ផ្លាស់​ប្តូរ​និង​កម្រិត​នៃ​ការ​អភិវឌ្ឍ​ ជា​ការ​ចាំបាច់​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឲ្យ​ចូល​គ្នា​ដើម្បី​ឲ្យ​សមាហរណកម្ម​នេះ​មាន​និរន្តរភាព​ដូច្នេះ​ហើយ​ ការ​ផ្តោត​អារម្មណ៍​គឺ​ការ​ធានា​ថា​ សមាហរណកម្ម​គឺ​ស៊ី​ជម្រៅ ​មាន​ន័យ ​និង​ស្ថិតស្ថិរ​យូរ​អង្វែង។

អាច​និយាយ​បាន​ថា​យើង​មាន​ទីតាំង​ដើម្បី​ពន្លឿន​ការ​អនុវត្ត​វិធានការ​មួយ​ចំនួន​សម្រាប់​អាស៊ាន​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ និង​ដើម្បី​ឲ្យ​នៅ​តែ​មាន​ភាព​ត្រដំ​ត្រសង​ ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ហើយ​ដើម្បី​ប្រាកដ​ថា​គំរូ​ដ៏​សមរម្យ ​និង​ទីតាំង​ដ៏​សម​ប្រកប​ នៅ​តែ​អាច​រក្សា​លំហ​សម្រាប់​កិច្ច​សន្ទនា​បែប​នេះ​ និង​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​នានា។

VOA៖ តើ​មាន​ការ​លំបាក​អ្វី​ខ្លះ ​(ទាំង​ក្នុង​ និង​ខាង​ក្រៅ​អាស៊ាន) សម្រាប់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​នេះ?

Le Luong Minh៖ នៅ​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្តន៍​ ផែន​ការ​គោល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន(AEC)ឆ្នាំ​២០២៥ ​ត្រូវ​បាន​គេ​ផ្តោត​សំខាន់​ទៅ​លើ​ ការ​កំណត់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដាក់​ឲ្យ​ដំណើរការ​ដែល​មាន​ប្រសិទ្ធភាព​នៃ​ផែន​ការ​គោល​ថ្មី​ការ​អនុម័ត​ផែនការ​ការងារ​តាម​វិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នានា​ និង​ការ​អនុម័ត​ក្របខ័ណ្ឌ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ ។

បញ្ហា​ប្រឈម​សំខាន់​មួយ​គឺ​ការ​ធានា​ការ​យល់​ដឹង​ និង​ការ​បំពេញ​តាម​ការ​រំពឹង​ទុក​នានា​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ការ​ឆ្លើយ​តប​ធម្មតា​របស់​ភាគី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​គឺ​ជា​ការ​រំពឹង​ទុក​នៃ​ដំណើរការ​ផ្លាស់​ប្តូរ​មួយ​រំពេច​ ឬ​កង្វះ​ការយល់​ដឹង​នូវ​អ្វី​ដែល​វា​ពិត​ជា​ហុច​ផល​មែន។ ហេតុ​នេះ​ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​នឹង​ត្រូវ​ពង្រឹង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ទំនាក់ទំនង​ ការ​ផ្សព្វផ្សាយ​និង​ការ​ធានា​ឱ្យ​មាន​របៀប​វារៈ​មួយ​នៃ​ការ​ចូលរួម​និង​ការ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់។ ការ​ភ្ជាប់​ទំនាក់ទំនង​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​ជំរុញ​ឱ្យ​ស្រប​តាម​សត្យា​នុម័តិភាព​នៃ​តំបន់​អាស៊ាន​មួយ​ដែល​មា​ការ​រាប់​បញ្ចូល​ ការ​ផ្តោត​ទៅ​លើ​ ប្រជាពលរដ្ឋ​និង​ការ​យក​ប្រជាពលរដ្ឋ​ជា​គោល។

ជា​រូបភាព​ខាង​ក្រៅ ​ឆ្នាំ​នៃ​ការ​សម្ភោធ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ បាន​ចាប់​ផ្តើម​នៅ​ក្នុង​ពេល​នៃ​បរិយាកាស​សេដ្ឋកិច្ច​និង​នយោបាយ​សាកល​មិន​ប្រាកដ​ប្រជា។ សេដ្ឋកិច្ច​សាកល​មាន​ការ​លូតលាស់​យឺតយ៉ាវ​នៅ​ក្នុង​កម្រិត​ទាប​ជាង​កម្រិតមធ្យម​ជាមួយ​លទ្ធផល​មិន​ល្អ​ទៅ​លើ​ទាំង​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់។

អាស៊ាន​ក៏​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​ការ​កើនឡើង​ចលនា​សេដ្ឋកិច្ច​គាំពារ​និយម​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កើត​មាន​ទូទាំង​សាកលលោក​ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំង៕

ប្រែ​សម្រួល​ដោយ​ ​ផន​ បុប្ផា

XS
SM
MD
LG