ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ភូមិ​រអ៊ូរទាំ​រឿង​មិន​មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ នាំ​ឲ្យ​មាន​ចម្ងល់​ពី​ការ​គាំទ្រ​បក្ស​កាន់អំណាច


ស្លាក​សញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​ក្នុង​សង្កាត់​រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​សង្កាត់​រការ​ធំ នៃ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ ពលរដ្ឋ​មួយ​ចំនួន បាន​ត្អូញត្អែរ​រឿង​មិន​មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​ពួកគេ​បាន​រិះគន់​ចៅសង្កាត់​បច្ចុប្បន្ន​ថា មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នេះ។ ពួកគេ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ចៅ​សង្កាត់​ថ្មី​នឹង​ជួយ​​ពួកគេ​ឲ្យ​មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ​បាន។

វា​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ នៅ​ក្នុង​ភូមិ​ខោប សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ ដោយសារ​ប្រជាពលរដ្ឋពីរ​បី​គ្រួសារ ​បាន​សាងសង់​ផ្ទះ ហើយ​ ​បិទ​ផ្លូវ​ដែល​ធ្លាប់​តែ​ធ្វើ​ដំណើរ​ចេញ​ចូល ទាំង​ដើម​ផ្លូវ និង​ចុង​ផ្លូវ។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​កាត់​ភូមិ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ធំៗ​នៅ​ក្នុង​ភូមិ​ ​មាន​ប្រវែង​ប្រមាណ​៣៥០​ម៉ែត្រ និង​ទទឹង​៤ម៉ែត្រ។ ពួកគេ​បន្ត​ថា​ នៅ​ពេល​អ្នក​ភូមិ​សាងសង់​ផ្ទះ មាន​ការ​សន្យា​ថា​ នឹង​ទុក​ផ្លូវ​ប្រមាណ​៤ម៉ែត្រ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ តែ​ក្រោយ​មក​អ្នក​សង់ផ្ទះ​នោះ មិន​បាន​ទុក​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​នោះ​ទេ រហូតមាន​បញ្ហា​ដល់​បច្ចុប្បន្ន​នេះ។

ការ​មិន​មាន​ផ្លូវ​ប្រើប្រាស់​នេះ បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស មិន​អាច​ដោះស្រាយ​បាន ខណៈ​ប្រជាពលរដ្ឋ​បាន​សម្ដែង​កំហឹង​ជាមួយ​អាជ្ញាធរ​ថ្នាក់​ភូមិ​ សង្កាត់ និង​ក្រុង និង​ប្រជាពលរដ្ឋ​ដែល​សាងសង់​ផ្ទះ​ថា​មិន​ទុក​ផ្លូវ​ធ្វើ​ដំណើរ​ដូច​ពី​ដើម។​

អ្នក​ភូមិបាន​សុំ​ដំណោះស្រាយ​ពី​អាជ្ញាធរ តែ​ករណី​នេះ​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ខណៈ​មាន​បញ្ហា​រឿង​ប្លង់​ដី។ អ្នកភូមិ​លើក​ឡើង​ថា​ពួកគេ​សង្ឃឹម​ថា​ ចៅ​សង្កាត់​ថ្មី​ដែល​នឹង​ត្រូវ​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ជួយ​ដោះស្រាយ​ឲ្យ​ពួកគេ​មាន​ផ្លូវ​ប្រើប្រាស់​ចេញ​ចូល​ផ្ទះ​ឡើង​វិញ។

លោក ហ៊ិន ផានិត អាយុ​២៩ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ខោប បាន​និយាយ​ថា លោក​ចង់​ឲ្យ​មាន​ដំណោះស្រាយ​លើ​ផ្លូវ​ប្រើប្រាស់ មុន​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤ ខែមិថុនា នេះ តែ​លោក​ថា​វា​ហួស​ពេល​ទៅ​ហើយ​ ដោយសារ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​នេះ​ហើយ។

លោក​ថ្លែង​បន្ត​ប្រាប់​ VOAថា លោក​ត្រូវ​ការ​ចៅ​សង្កាត់​ថ្មី ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

«ឲ្យ​មេឃុំ​ មេភូមិ ឲ្យ​គាត់​ជួយ​ដោះស្រាយ​ផ្លូវ​ឲ្យ​ខ្ញុំ​ផង។ ព្រោះ​ឥឡូវ​ ខ្ញុំ​ជួប​ការ​លំបាក។ ដូច​បង​ប្អូន គាត់​បិទ​ផ្លូវ​អញ្ចឹង គាត់​មាន​ផ្លូវ​ឯណា​មក​ធ្វើ​ស្រែ។ ស្រែ​គាត់​នៅ​ខាង​ក្នុង​អត់​មាន​ផ្លូវ​ទេ»។

លោក ផានិត បន្ត​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​បោះឆ្នោត ហើយ​លោក​ចង់​ផ្លាស់ប្ដូរ​មេឃុំ​បច្ចុប្បន្ន​ ដោយ​លោក​ថា​មេឃុំ​បច្ចុប្បន្ន មិន​អាច​ដោះស្រាយ​បញ្ហា​របស់​ប្រជាជននៅ​ក្នុង​ភូមិ​បាន។

ទោះ​ជា​យ៉ាង​ណា លោក​មិន​ចង់​បញ្ចេញ​ឈ្មោះគណបក្ស​ណា​ដែល​លោក​នឹង​បោះឆ្នោត​គាំទ្រ​នោះ​ទេ។

សម្រាប់​សង្កាត់​រការធំ គណបក្ស​ចំនួន​៤​ប៉ុណ្ណោះ​ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង​យក​តំណែង​ចៅ​សង្កាត់។

បេក្ខជន​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឯក បេន អាយុ​២៨ឆ្នាំ នឹង​ប្រកួត​ជាមួយ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ចៅសង្កាត់​បច្ចុប្បន្ន គឺ លោក ព្រំ សារ៉ន អាយុ​៧៧ឆ្នាំ ដែល​មាន​បទពិសោធន៍ ដឹកនាំ​សង្កាត់​ច្រើន​ឆ្នាំ​មក​ហើយ។

សម្រាប់​លោក ផានិត ​អាយុ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ លោក​ថ្លែង​ថា កត្តា​សំខាន់​គឺ​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។

លោក ផានិត មាន​ប្រសាសន៍​ថា៖ «និយាយ​រួម​បញ្ហា​ចាស់​ក្មេង គឺ​អត់​សំខាន់។ សំខាន់​ឲ្យ​គាត់​ចេះ​ជួយ​ប្រជាជន​ក្នុង​ភូមិ ក្នុង​ឃុំ ឲ្យ​គាត់​មាន​សមត្ថភាព»។

លោក​បន្ត​ថា​លោក​ទើប​តែ​ស្គាល់​បេក្ខជន​ប្រកួតប្រជែង​យក​តំណែង​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមាណ​១ខែ​ប៉ុណ្ណោះ។

អ្នកភូមិ​ម្នាក់​ទៀត​គឺ​លោក ញឹម សានន អាយុ៤៤ឆ្នាំ ដែល​ជា​កសិករ​ម្នាក់ បាន​ថ្លែង​ប្រាប់​VOA​ថា លោក​មិន​អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​តាម​គោយន្ត​ ចេញ​ទៅ​ក្រៅ​ភូមិ​បាន​នោះ​ទេ ដោយសារ​មិន​មានផ្លូវ​ធ្វើ​ដំណើរ។​ លោក​មាន​ប្រសាសន៍​ថា​ លោក​ចង់​បាន​មេឃុំ​ថ្មី ដែល​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​នេះ​បាន។​

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖ «ជិត​មួយ​ឆ្នាំ​ហើយ ដែល​អត់​បាន​ផ្លូវ​ដើរ អញ្ចឹង​ខ្ញុំ​ត្រូវ​ការ​រើស​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី។ មេឃុំ​មុន​នោះ គាត់​អត់​បាន​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទេ។ អញ្ចឹង​ខ្ញុំ​ត្រូវ​ការ​រើស​មេឃុំ​ថ្មី ដើម្បី​ឲ្យ​គាត់​ជួយ​អំពី​បញ្ហា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច»។

លោក​ក៏​បានចាត់​ទុក​ករណី​នេះ​ ជា​រឿង​នយោបាយ ដោយ​លោក​អះអាង​ថា​ប្រជាពលរដ្ឋ​ដែល​សង់​ផ្ទះ​បិទ​ផ្លូវ​នោះ គឺ​ជា​សាច់ញាតិ​របស់​ក្រុមប្រឹក្សា​សង្កាត់។

លោក​បាន​ថ្លែង​ថា៖ «ដោយសារ​គេ​ដឹង​ថា​ខ្ញុំ​ហ្នឹង ខាង​សង្គ្រោះ​ជាតិ​អញ្ចឹង​ហ្មង។ ព្រោះ​និយាយ​អញ្ចឹង ម៉ា​បង​ប្អូន​ខ្ញុំ​នេះ គេ​ស្អប់​ដោយសារ​អញ្ចឹង។ គេ​ស្អប់​ដោយសារ​អញ្ចឹង​ គេ​អត់​ដោះស្រាយ​ឲ្យ»។

លោក​បន្ថែម​ថា​៖ «គាត់​រើសអើង​ហ្មង រើសអើង​ប្រជាពលរដ្ឋ​ម៉ា​ចំហៀង​តូច។ គាត់​ដឹង​ថា​ម៉ា​កូន​ចៅ​ខ្ញុំ​នេះ​ខាង​គណបក្ស​សម រង្ស៊ី អញ្ចឹង​ហ្មង»។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោកស្រី ជុន វណ្ណៈ អាយុ​៥៣ឆ្នាំ បាន​រិះគន់​ថា ចៅសង្កាត់​បច្ចុប្បន្ន​ថា​មិន​បាន​ដោះស្រាយ​បញ្ហា​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​រុញ​បញ្ហា​នេះ​ទៅ​ក្រុង ហើយ​ថា​រង់ចាំ​បោះឆ្នោត​ហើយ ទើប​លោក​ដោះស្រាយ​ឲ្យ។

លោកស្រី​បញ្ជាក់​ថា ការ​មិន​ដោះស្រាយ​នេះ អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖

«ខ្ញុំ​ចង់​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ផ្លូវ​ហ្នឹង។ ចង់​បាន​តែ​ផ្លូវ ជួយ​ខ្ញុំ ខ្ញុំ​នឹង​ជួយ​គាត់។ តែ​បើ​ពួក​ខ្ញុំ អត់​មាន​ផ្លូវ ខ្ញុំ​ដឹងមាន​លទ្ធភាព​អី​នឹង​ជួយ​គាត់​ដែរ​ទេ បើ​គាត់​អត់​បាន​ជួយ​ខ្ញុំ​ឲ្យ​បាន​ស្រួល​ផង»។

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨២៩២​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១៥៩២​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១៦៣៣​ទូទាំង​ប្រទេស​នៅ​ក្នុង​អាណត្តិ​នោះ។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ។ សម្រាប់​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រឆាំង​ទទួល​បាន​តំណែង​មេឃុំ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​៨៧។

កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៧អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៩​នៅ​ក្នុង​សង្កាត់​រការធំ។

ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ ទទួល​បាន​៣អាសនៈ ស្មើ​គ្នា​សម្រាប់​ខេត្ត​កំពង់ស្ពឺ។

ទោះ​ជា​យ៉ាង​ណា ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ គឺជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ខ្លួន​នឹង​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ច្រើន​ជាង​នេះ។

លោក ព្រំ សារ៉ន ចៅ​សង្កាត់​រការ​ធំ មាន​ប្រសាសន៍​ថា លោក​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រជាជន​ក្នុង​ភូមិ​ខោប​ដែល​មិន​មាន​ផ្លូវ​ចេញ​ចូល​ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ដោយសារ​ភាគី​ជម្លោះ​សុទ្ធ​តែ​មាន​ប្លង់​ដូចគ្នា។ លោក​បន្ត​ថា ករណី​នេះ​មាន​តែ​តុលាការ​ទេ ដែល​អាច​ដោះស្រាយ​បាន។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ខ្ញុំ​ដោះស្រាយ​នៅ​សង្កាត់​ហ្នឹង​ពីរ​ដង​ហើយ បាន​រាយការណ៍​ជូន​ទៅ​ក្រុង។ ក្រុង​ក៏​ហៅ​ប្រជា​ពលរដ្ឋ​ដោះស្រាយ​នៅ​ហ្នឹង​ភូមិ​របស់​គាត់​តែ​ម្ដង។ ដោះស្រាយ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ។ អ្នក​ដែល​តវ៉ា​ហ្នឹង ក៏​មាន​ប្លង់​ដី​ដូចគ្នា ជាប់​អត់​មាន​ផ្លូវ​ដូចគ្នា សុទ្ធ​តែ​បិទ​ផ្លូវ​ទាំង​អស់។ ខ្ញុំ​ដោះស្រាយ​យ៉ាង​ម៉េច​បាន ខ្ញុំ​អត់​ដោះស្រាយ ព្រោះ​មាន​ប្លង់​ហើយ មាន​តែ​តុលាការ​ទេ​អាច​ដោះស្រាយ។ បើ​យើង​ដោះស្រាយ​មិន​ចេញ មាន​តែ​តុលាការ»។

លោក ព្រំ សារ៉ន អាយុ៧៧ឆ្នាំ ចៅសង្កាត់​រការធំ ដែល​នឹង​ចូលរួមប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់។ (ស៊ុន ណារិន/VOA)
លោក ព្រំ សារ៉ន អាយុ៧៧ឆ្នាំ ចៅសង្កាត់​រការធំ ដែល​នឹង​ចូលរួមប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់។ (ស៊ុន ណារិន/VOA)

មេឃុំ​រូប​នោះ ​បាន​អះអាង​ថា កន្លង​ទៅ លោក​បាន​បំពេញ​កិច្ចការ​ជា​ចៅសង្កាត់​បាន​ល្អ ដូច្នេះ​លោក​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​បន្ត​គាំទ្រ​រូប​លោក​ទៀត។ លោក​រំពឹង​ថា​លោក​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ប្រមាណ​៧០ភាគរយ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​និយាយ​ពី​ប្រជាជន​ នៅ​គាំទ្រ​ខ្ញុំណាស់ អត់​ចង់​ឲ្យ​ខ្ញុំ​ឈប់។ ខ្ញុំ​ថា​ខ្ញុំ​គិត​ឈប់​ហើយ​អាណត្តិ​នេះ ខ្ញុំ​ចង់​សម្រាក​ហើយ ព្រោះ​ខ្ញុំ​ចង់​ទ្រុឌទ្រោម​ហើយ។ គាត់​ថា​កុំ​ឈប់ អត់​ទេ ត​ទៀត​ នៅ​ធ្វើ​ត​ទៀត គាត់​ថា​អញ្ចឹង។ មតិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​ខ្ញុំ​ហ្នឹង គាត់​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​អ្នក​ស្លូត​បូត យោគ​យល់​ជាមួយ​ប្រជាពលរដ្ឋ»។

ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ ហើយ​មាន​សុខភាព​ខ្សោយ ជាពិសេស​លោក​មាន​បញ្ហា​ភ្នែក មើល​មិន​ច្បាស់។ តែ​លោក​ថា​លោក​នឹង​ខិតខំ​បំពេញ​ការងារ​បន្ត​ទៀត ប្រសិន​បើ​លោក​ឈ្នះ​តំណែង​ចៅសង្កាត់​បន្ត​ទៀត​នោះ។

កំពង់ស្ពឺ គឺ​ជា​ខេត្ត​មួយ ដែល​លោក ហ៊ុន ម៉ានី កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជា​តំណាងរាស្ត្រ​បាន​មួយ​អាណត្តិ​មក​ហើយ។ លោក ហ៊ុន ម៉ានី ​បាន​និង​កំពុង​ចុះ​ឃោសនា​ឲ្យ​ប្រជាជន​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា លោក ហ៊ុន ម៉ានី ​បាន​បង្ហោះ​រូបភាព និង​សារ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា​៖

«បោះ​ឆ្នោត​មួយ​សន្លឹក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​បក្ស​ប្រជាជន​កម្ពុជា​របស់​យើង ​បន្ត​អនុវត្ត​គោល​នយោបាយ អភិវឌ្ឍ​ភូមិ​ឃុំ បម្រើ​រាស្ត្រ និង​បន្ត​រក្សា​ស្ថិរភាព និង​សុខ​សន្តិភាព ហើយ​ក៏​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ បន្ត​ជីវភាព​ប្រចាំ​ថ្ងៃ និង​កសាង​សង្គម​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ទាំង​អស់​គ្នា»។

ចៅ​សង្កាត់​រការ​ធំ​លោក ព្រំ សារ៉ន មាន​ប្រសាសន៍​ថា​លោក ហ៊ុន ម៉ានី មាន​ប្រជាប្រិយ​ភាព​ច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​លោក​តែង​តែ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ខេត្ត​ តាម​ពិតទៅ គាត់[លោក ហ៊ុន ម៉ានី] ​មាន​ប្រជាប្រិយភាព​ច្រើន​ដែរ ទៅ​ណា ក៏​គេ​ស្គាល់​គាត់ ព្រោះ​គាត់​សាមញ្ញ គាត់​មិន​ប្រកាន់​អី​ណា​ណី គាត់​ក៏​មក គាត់​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​អីចឹង​ទៅ។ សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​អីចឹង​ទៅ»។

ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​តាំងពី​ឆ្នាំ២០១០ និង​បាន​ក្លាយ​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ក្រុង​ច្បារមន​តាំង​ពី​ឆ្នាំ២០១៤ លោក ឯក បេន បេក្ខជន​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ក្នុង​ បាន​ថ្លែង​ប្រាប់​VOAថា ដោយសារ​ភាព​សកម្ម​របស់​លោក លោក​ត្រូវ​បាន​គាំទ្រ​ឲ្យ​ឈរ​ឈ្មោះ​ប្រកួត​យក​តំណែង​ចៅសង្កាត់​នេះ។

លោក​បន្ត​ថា ដោយសារ​គោល​នយោបាយ​របស់​គណបក្ស បូក​ផ្សំ​ជាមួយ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម កង្វះ​តម្លាភាព និង​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល លោក​សង្ឃឹម​ថា​ លោក​នឹង​ត្រូវ​បាន​គាំទ្រ​សម្រាប់​តំណែង​ចៅសង្កាត់​នេះ។​

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ក៏​ចង់បាន​ការ​ផ្លាស់ប្ដូរ ហើយ​ត្រូវការ​ចរន្ត​មនុស្ស​ថ្មី និង​ក្មេង​សម្រាប់​ដឹកនាំ​ឃុំ​សង្កាត់។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​យើង មិន​សូវ​ចង់​បាន​ទេ មេដឹកនាំ​ដែល​មាន​វ័យ​រាង​ចាស់ អានេះជា​ចំណុច​ដែល​ខ្ញុំ​សង្ឃឹមថា ​ខ្ញុំ​នឹង​ឈ្នះ​បាន​ច្រើន​អាសនៈ​នៅ​អាណត្តិ​ឆ្នាំ​២០១៧​នេះ»។

លោក​ ឯក បេន ដែល​មាន​កម្រិត​ចំណេះ​ដឹង​ត្រឹម​ថ្នាក់ទី​១២ បាន​អះអាង​ទៀត​ថា​ លោក​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​សង្កាត់ បើ​ទោះបីជា ​លោក​មាន​អាយុ​ទើប​តែ​២៨​ឆ្នាំ​ក៏​ដោយ។

លោក​បាន​ថ្លែង​ប្រាប់​VOA៖ «ខ្ញុំ​គិត​ថា​ការងារ​គឺ​បង្រៀន​មនុស្ស មិន​មែន​មនុស្ស​ទៅ​បង្រៀន​ការងារ​ទេ។ ហើយ​ខ្ញុំ​ជឿ​ថា​មុន​ដែល​គាត់​ធ្វើ​ជា​ចៅ​សង្កាត់ ខ្ញុំ​ជឿ​ថា​គាត់​ក៏​មិន​ដែល​មាន​បទពិសោធន៍​ដែរ។ ការងារ​ណា​ក៏ដោយ ឲ្យ​តែ​គេធ្វើ​បាន ខ្ញុំ​ក៏​ធ្វើ​បាន ហើយ​អាច​នឹងល្អ​ជាង​គេ​ផង»។

លោក ឯក បេន ក៏​បាន​សន្យា​ផង​ដែរ​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​អ្នកភូមិ​មិន​មាន​ផ្លូវ​ប្រើប្រាស់​មុន​គេ ប្រសិន​បើ​លោក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​ខ្ញុំ​ជាប់​ជា​ចៅ​សង្កាត់ ខ្ញុំ​នឹង​លើក​យក​ផ្លូវ​នេះ​ ដោះស្រាយ​មុន​គេ ហើយ​ខ្ញុំ​ធានា​ជូន​គាត់​ថា ខ្ញុំ​ដោះស្រាយ​ឲ្យ​ទាល់​តែ​បាន ទាល់​តែ​មាន​ដំណោះ​ស្រាយ​សមស្រប»។

លោក ឯក​ បេន អាយុ២៨ឆ្នាំ បេក្ខជន​មក​ពីគណបក្ស​សង្រ្គោះជាតិ​ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់ ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក ឯក​ បេន អាយុ២៨ឆ្នាំ បេក្ខជន​មក​ពីគណបក្ស​សង្រ្គោះជាតិ​ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់ ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

គួរ​បញ្ជាក់​ថា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ​ គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំង​១៦៤៦ ទូទាំង​ប្រទេស​ក្នុង​អាណត្តិ​ទី​៤​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ថា ​ខ្លួន​នឹង​ព្យាយាម​ផ្ដល់​តំណែង​ណាមួយ​សម្រាប់​មេឃុំ​ ចៅសង្កាត់ ​ដែល​មិន​បាន​ជាប់​ឆ្នោត​នៅ​ពេល​ខាងមុខ ក្នុង​នោះ​មាន​តំណែង​ជា​ទី​ប្រឹក្សា​ជាដើម៕

XS
SM
MD
LG