ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​អំពាវនាវ​ឲ្យ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​កម្ពុជា​មាន​លក្ខណៈ​«សេរី និង​យុត្តិធម៌‍»


ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)
ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)

លោក Ed Royce សមាជិក​សភា​ម្នាក់​ទៀត និង​ជា​ប្រធាន​ម្នាក់​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus) ក៏​បាន​លើក​ឡើង​ថា «ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវតែ​ទទួល​បាន​ការ​ចូលរួម​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយ​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ ឬ​ការ​បំភិត​បំភ័យ​អ្វី​ឡើយ‍»។

សមាជិក​រដ្ឋសភា​អាមេរិក​ចំនួន​បីរូប បាន​អំពាវនាវ​ដល់​ក្រសួង​ការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា «សម្តែង​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា‍» ហើយ​និង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា «គោរព​សិទ្ធិ​បោះឆ្នោត‍»​របស់​ប្រជា​ពលរដ្ឋ‍​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៨ «ដោយ​គ្មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​គំរាម​កំហែង‍»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃទី៣១ ខែឧសភា​នេះ ដែល​វីអូអេ​ទទួល​បាន។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ត​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​ បើសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ការ​បោះឆ្នោត។ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី៤ ខែ​មិថុនា​ខាង​មុន​នេះ។

លោក Alan Lowenthal សមាជិក​សភា​ប្រចាំ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​បង្អស់ បាន​សរសេរ​នៅក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖

«‍ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែល​សហគមន៍​អន្តរជាតិ​អាច​ទទួល​ស្គាល់​បាន ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ដាច់​ខាត​ត្រូវតែ​បោះបង់​ចោល​បទ​ចោទប្រកាន់​បែប​លក្ខណៈ​នយោបាយ​ទៅកាន់​មេដឹកនាំ​គណបក្ស​ប្រឆាំង បញ្ឈប់​ការ​គំរាម​កំហែង​លើ​គណបក្ស​សង្គ្រោះជាតិ និង​អនុញ្ញាត​ឲ្យ​អ្នក​តាមដាន​ការ​បោះឆ្នោត​ដោយ​ឯករាជ្យ​មាន​វត្តមាន​នៅ​គ្រប់​មណ្ឌល​បោះឆ្នោត​ទាំង​អស់»។

ចាប់​តាំង​ពី​ដំណើរការ​ឃោសនា​បោះឆ្នោត​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ថ្ងៃសៅរ៍ ទី២០ ខែឧសភា​កន្លង​មក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​រូប​នេះ បាន​ព្រមាន​ផ្ទួន​គ្នាៗ​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​មិន​អាច​បន្ត​អំណាច​ទៀត​ នោះ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង។ ក៏​ប៉ុន្តែ អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​នៅ​កម្ពុជា យល់​ថា ការ​ព្រមាន​នេះ​គ្រាន់តែ​ជា​ការ​បំភិតបំភ័យ​ស្មារតី​អ្នក​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

រូបឯកសារ៖ សមាជិក​សភា​អាមេរិក លោក Alan Lowenthal ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​របស់ VOA។
រូបឯកសារ៖ សមាជិក​សភា​អាមេរិក លោក Alan Lowenthal ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​របស់ VOA។

សមាជិក​សភា​ម្នាក់​ទៀត​លោក Steve Chabot ប្រចាំ​រដ្ឋ​ Ohio បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន «ត្រូវតែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង»។ លោក Chabot បាន​លើកឡើង​បន្ត​ទៀត​នៅក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖

«‍ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​គឺមាន​សារៈសំខាន់​ណាស់​ដល់​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​វា​ចាំបាច់​ណាស់ ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ទទួល​ស្គាល់​សារៈសំខាន់​នេះ។ ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាប្រព័ន្ធ​មក​លើ​គណបក្ស​សង្គ្រោះជាតិ​ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​ព្រួយបារម្ភ​នេះ»។

រីឯ​លោក Ed Royce សមាជិក​សភា​ម្នាក់​ទៀត និង​ជា​ប្រធាន​ម្នាក់​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus) ក៏​បាន​លើក​ឡើង​ថា «ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវតែ​ទទួល​បាន​ការ​ចូលរួម​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយ​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ ឬ​ការ​បំភិត​បំភ័យ​អ្វី​ឡើយ‍»។

មុន​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ឈាន​មក​ដល់​នៅ​ឆ្នាំ២០១៨​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត នឹង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៤ ឆ្នាំ២០១៧ នៅថ្ងៃអាទិត្យ​នេះ។

សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួត​ប្រជែង​ដើម្បី​គ្រប់គ្រង​ឃុំ សង្កាត់​ចំនួន​១៦៤៦ នៅទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​គណបក្ស​ទាំង​១២​នេះ អ្នក​វិភាគ​ជា​ច្រើន​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា៕

XS
SM
MD
LG