ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​បឹង​តាមោក​ថា​ អាជ្ញាធរ​ខណ្ឌ​ព្រមាន​ប្តឹង​ពួកគេ​ពី​បទ​«បង្ក​អសន្តិសុខ និង​ប្រឆាំង​អាជ្ញាធរ»


ប្រជាពលរដ្ឋ​នៅ​បឹង​តាមោកដែល​មាន​ជម្លោះ​ដី​នាំគ្នា​ជួបជុំ​នៅ​មុខ​វត្តបទុម ក្បែរ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី​ ដើម្បី​ដាក់​ញត្តិ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មុខ​វត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ប្រជាពលរដ្ឋ​នៅ​បឹង​តាមោកដែល​មាន​ជម្លោះ​ដី​នាំគ្នា​ជួបជុំ​នៅ​មុខ​វត្តបទុម ក្បែរ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី​ ដើម្បី​ដាក់​ញត្តិ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មុខ​វត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​បឹង​តាមោក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បាន​អះអាង​ថា​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ព្រមាន​ប្តឹង​ពួកគេ​ពី​បទ​«បង្ក​អសន្តិ​សុខ​សង្គម និង​ប្រឆាំងអាជ្ញា​ធរ» ក្រោយ​ពួកគេ​ចេញ​មុខ​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

ការ​ព្រមាន​ប្តឹង​នេះ ត្រូវ​បាន​អះអាង​ដោយ​តំណាង​ប្រជាពលរដ្ឋ អ្នកស្រី ប្រាក់ សុភា ដែល​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​មក​ស្នើ​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​ពីរ។

អ្នកស្រី ប្រាក់ សុភា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រជាពលរដ្ឋ​បាន​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ស្វែង​រក​ដំណោះស្រាយ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ព្រមាន​ថានឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ដោយ​ចោទ​ពលរដ្ឋ​ថា«បង្ក​អសន្តិ​សុខ​សង្គម និង​ប្រឆាំង​អាជ្ញាធរ» ក្រោយ​ប្រជាពលរដ្ឋ​ចេញ​មុខ​តវ៉ា និង​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

អ្នក​ស្រី​និយាយ​ថា៖«គាត់​ថា​គាត់​នឹង​ដាក់​ដីកា​តុលាការ​ប្តឹង​ប្រជាពលរដ្ឋ។ ខ្ញុំ​ថា​បើ​ប្តឹង​ប្រជាពល​រដ្ឋ សូម​ប្តឹង​១០៨​ខ្នង​ផ្ទះ សូម​ឱ្យ​ចាប់​ខ្លួន​២៥០​គ្រួសារ»។

បើ​តាម​អ្នក​ស្រី មន្ត្រី​ខណ្ឌ​ដែល​ព្រមាន​ប្តឹង​ប្រជាពលរដ្ឋ​នោះ គឺ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ និង​នាយក​រដ្ឋបាល លោក ស៊ឹម សុផង់។

អ្នកស្រី​បញ្ជាក់​ថា​៖ «លោក​ ស៊ឹម សុផង់ និង​លោក សុខ សម្បត្តិ គាត់​ប្តឹង​ប្រជាពល​រដ្ឋ ១០៨​ខ្នង​ផ្ទះ សហគមន៍​សំរោង​ត្បូង​ហ្នឹង​ ប៉ុន្តែ​អត់​ថា​ប្តឹង​បុគ្គល​ណា​ទេ។ យើង​អត់​ទាន់​ដឹង​ទេ។»

អ្នកស្រី ប្រាក់ សុភា បន្ថែម​ថា​ក្រុម​អ្នក​ស្រី​អស់​ជំនឿ​ចិត្ត​ទៅ​លើ​អាជ្ញាធរ​ខណ្ឌ ហេតុ​នេះ​ហើយ​បាន​ជា​ពួកគេ​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍។

ប្រជាពលរដ្ឋនៅ​បឹង​តាមោក​ដែល​មាន​ជម្លោះ​ដី​នាំគ្នា​ជួបជុំ​នៅ​មុខ​វត្តបទុម ក្បែរ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី​ ដើម្បី​ដាក់​ញត្តិ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មុខ​វត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ប្រជាពលរដ្ឋនៅ​បឹង​តាមោក​ដែល​មាន​ជម្លោះ​ដី​នាំគ្នា​ជួបជុំ​នៅ​មុខ​វត្តបទុម ក្បែរ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី​ ដើម្បី​ដាក់​ញត្តិ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មុខ​វត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

តំណាង​ពល​រដ្ឋ​ម្នាក់​ទៀត អ្នកស្រី ផន សុខុម ប្រាប់​វីអូអេ​ថា​ប្រជាពលរដ្ឋ​រង​គ្រោះ ប៉ុន្តែ​ស្រាប់​តែ​រង​ការ​ព្រមាន​ពី​អាជ្ញាធរ​ទៅ​វិញ។

អ្នកស្រី​ថ្លែង​អះអាង​ដោយ​យោង​តាម​សម្តី​របស់​មន្ត្រី​ខណ្ឌ​ព្រែក​ព្នៅ​ថា​៖«ប្រយ័ត្ន ខ្ញុំ​ប្តឹង។ ប៉ុន្តែ​ខ្ញុំ​ជា​អាជ្ញាធរ​ ខ្ញុំ​នឹក​ឃើញ​ថា​ប្រជាពល​រដ្ឋ​មាន​កំហឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ លោក ស៊ឹម សុផង់ បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​ប្តឹង​នេះ។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ពួកគេ​នាំ​គ្នា​ឡើង​មក​ខុទ្ទ​កាល័​យ​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​ពីរ​នា​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​បញ្ជាក់​ថា​ហេតុ​អ្វី​ញត្តិ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ខណ្ឌ។

បើ​តាម​អ្នកស្រី ប្រាក់ សុភា មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា​ញត្តិ​របស់​ពួក​គេ​ខុស​ទម្រង់​រដ្ឋ​បាល​ ហើយ​ទាម​ទារ​ឱ្យ​កែ​តម្រូវ​ឡើង​វិញ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ​កើត ឆែ បាន​ប្រាប់​វី​អូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ការ​ដែល​អាជ្ញាធរ​មិន​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ឱ្យ​ប្រជាពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ម្តុំ​បឹង​តា​មោក គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​ឯក​សារ​កាន់​កាប់​គ្រប់​គ្រាន់។

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​បានស្នើ​សុំ​ឱ្យ​កាត់​ឆ្វៀល​ដី​៥​ហិកតា​ដល់​ពលរដ្ឋ​ជាង​១០០​ខ្នង​ផ្ទះ​ ដែល​ពួកគេ​អះ​អាង​ថា​បាន​រស់​នៅ​ទី​នោះ​ជាង​២០​ឆ្នាំ ឬ​តាំង​ពី​អំឡុង​ឆ្នាំ​១៩​៩០។ ប្រជា​ពលរដ្ឋ​រំពឹង​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ដូច​ជា​ការ​ស្នើ​សុំ​ឱ្យ​កាត់​ឆ្វៀល​ដី និង​ការ​ធ្វើ​សៀវភៅ​គ្រួសារ​ សៀវ​ភៅ​ស្នាក់​នៅ និង​ការ​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​អំពី​ការ​ចាក់​ដី និង​ថ្ម​ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួក​គេ ដោយ​ស្នើ​ពេល​មួយ​រយៈ​ទៀត ដើម្បី​ប្រមូល​ផល​ត្រី​ ដែល​ចិញ្ចឹម​ក្នុង​បឹង។

គួរ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​កាត់​ដី​បឹង​តាមោក​ផ្នែក​ខ្លះ​ ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯក​ជន និង​នីតិ​បុគ្គល។ ការ​អភិវឌ្ឍ​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃ​ដី​ជាង​៣​ពាន់​ហិកតា ​ក៏​រង​ការ​រិះគន់​ផង​ដែរ​ថា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បឹង​ស្តុក​ទឹក​ធម្មជាតិ​នេះ៕

XS
SM
MD
LG