កម្មករវៀតណាមដែលរស់នៅកោះតៃវ៉ាន់ បានចេញមកតាមផ្លូវនានាក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃច័ន្ទដើម្បីតវ៉ាប្រឆាំងក្រុមហ៊ុនតៃវ៉ាន់ដែលពួកគេ បានចោទប្រកាន់ថា បានបណ្តាលឲ្យមានការងាប់ត្រីយ៉ាងច្រើននៅតាមបណ្តោយឆ្នេរសមុទ្រវៀតណាមភាគកណ្តាល ដោយមានអ្នកខ្លះបានស្តីបន្ទោសពួកមន្រ្តីរដ្ឋាភិបាលទាំងនៅក្នុងទីក្រុងតៃប៉ិនិងទីក្រុងហាណូយចំពោះការឆ្លើយតបយឺតយ៉ាវដល់មហន្តរាយបរិស្ថាននេះ។
នៅក្នុងការសាមគ្គីភាពជាមួយពួកបាតុករដែលបានរៀបចំការតវ៉ាប្រឆាំងនៅក្នុងទីក្រុងសំខាន់ៗនៅទូទាំងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ក្រុមកម្មករវៀតណាមបានកាន់បដាដើម្បីតវ៉ាប្រឆាំងក្រុមហ៊ុន Formosa Plasticsរបស់តៃវ៉ាន់ឬ (TFP) នៅខាងក្រៅការិយាល័យរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោក Ma Ying-jeou។ ហ្វូងមនុស្សតូចមួយ បានត្រូវចូលរួមដោយពួកកម្មករចំណាកស្រុកមកពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។
យោងទៅតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ថ្វីបើការស៊ើបអង្កេតដោយពួកមន្រ្តីទីក្រុងហាណូយ មិនបានភ្ជាប់ការសម្លាប់ត្រីដ៏ច្រើនទៅនឹងរោងចក្រប្លាស្ទិកមានតម្លៃ១០.៦ រយលានដុល្លាដែលរៀបចំចាត់ចែងដោយក្រុមហ៊ុន TFP នៅក្នុងខេត្ត Ha Tinh ក៏ដោយ «ការខឹងសម្បារពីសាធារណៈជនប្រឆាំងនឹងក្រុមហ៊ុននោះ មិនបានធ្លាក់ចុះនៅឡើយទេ»។ ខណៈដែលបណ្តាញសារព័ត៌មានរបស់វៀតណាម មិនបានរាយការណ៍ពីការតវ៉ាប្រឆាំងកាលពីថ្ងៃអាទិត្យ ដែលកម្រកើតមាននៅក្នុងប្រទេសវៀតណាម ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងហាណូយដោយមានការកាន់បដាដែលមានន័យថា «ការបំផ្លាញបរិស្ថានរបស់ក្រុមហ៊ុន Formosa ជាឧក្រិដ្ឋកម្ម» និង «តើនរណាដែលបានបំពុលទឹកនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម?»
បព្វជិត Peter Nguyen Van Hung នៃវិហាររ៉ូម៉ាំងកាតូលិកអូស្រ្តាលីដើមកំណើតវៀតណាមដែលគង់នៅកោះតៃវ៉ាន់ បានប្រាប់ VOA ថា «យើងរៀបចំការតវ៉ាប្រឆាំងនេះដើម្បីសម្តែងនូវកង្វល់របស់ពួកយើងពីការខូចខាតដែលបានបំផ្លិចបំផ្លាញបរិស្ថានដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ពលរដ្ឋយើង ហើយជាពិសេសដល់ប្រព័ន្ធអេកូឡូស៊ីនៃដែនសមុទ្រវៀតណាម។ យើងចងបង្កើនការប្រុងប្រយ័តក្នុងចំណោមពលរដ្ឋក្នុងមូលដ្ឋានហើយនឹងកម្មករវៀតណាមនៅកោះតៃវ៉ាន់អំពីមហន្តរាយនេះ»៕