ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​នៅ​វត្ត​វៀតណាម ស្ម័គ្រចិត្ត​ផលិត​របាំង​មុខ


លោក​វេជ្ជបណ្ឌិត Gerry Gacioch ពាក់​របាំង​មុខ​នៅ​មន្ទីរពេទ្យ Rochester General Hospital កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

នៅ​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ ការពាក់​ម៉ាស់​ការពារ គឺជា​រឿង​ល្អ​ហើយ ក៏ប៉ុន្តែ ការពាក់​របាំង​ការពារ​លើ​មុខ គឺ​រឹតតែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។ នេះជា​ការគិត​របស់​លោក Dinh Tran Tuan។

ដូចជា​ម៉ាស់​ដែរ ដែល​គ្របដណ្តប់​លើ​ចំណុច​សំខាន់​ពីរ គឺ​មាត់ និង​ច្រមុះ ដែល​ជា​ផ្លូវ​ចម្លង​ជំងឺ​កូវីដ​១៩​នោះ របាំងមុខ ក៏​កំពុង​មាន​ការខ្វះខាត​ដែរ។ ក៏ប៉ុន្តែ​របាំងមុខ​ដែល​ធ្វើ​ពី​ប្លាស្ទិក​ថ្លា បាំង​ផ្ទៃមុខ​ទាំងមូល រួម​ទាំង​ភ្នែក​ផងដែរ ដែល​ជា​ផ្លូវ​មួយ​ទៀត​ដែល​អាច​ឲ្យ​វីរុស​កូរ៉ូណា​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​បាន។

វា​ច្បាស់​ណាស់​ថា លោក Dinh Tran Tuan បាន​គិត​ថា របាំងមុខ​នេះ គឺ​ជា​ជម្រើស​មួយ​ដែល​ប្រសើរ​ជាង​ការពាក់​ម៉ាស់ សម្រាប់​បុគ្គលិក​ពេទ្យ ដែល​ជា​អ្នកប្រយុទ្ធ​ជួរមុខ​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩​នេះ។

លោក Dinh មិន​មែន​ជា​មនុស្ស​ដែល​គ្រាន់​តែ​គិតនោះ​ទេ កាលពី​ខែមីនា​កន្លង​នេះ លោក​បាន​រៀបចំ​ក្រុម​មួយ​ដែល​មាន​ពលរដ្ឋ​អាមេរិកកាំង​ដើម​កំណើត​វៀតណាម​ចំនួន ៥៥ នាក់ មក​ពី​វត្ត Thanh Tinh Buddhist Temple ក្នុង​ក្រុង Rochester នៃ​រដ្ឋ​ញូវយ៉ក ហើយ​មក​ដល់​ដើម​ខែមេសា ពួកគេ​បាន​ចាប់ផ្តើម​ផលិត​របាំងមុខ។ ក្នុង​រយៈពេល​មួយខែ អ្នកស្ម័គ្រចិត្ត​ទាំងនោះ បាន​ប្រគល់​របាំងមុខ​ដែល​ធ្វើ​ដោយ​ដៃ​ចំនួន ៥.៥០០ បន្ទះ ដែល​មាន​ទំហំ​ខុសៗ​គ្នា​ដើម្បី​ឲ្យ​ត្រូវ​តាម​ទំហំ​មុខ​មនុស្ស​នោះ ទៅ​មន្ទីរពេទ្យ Rochester General និង Strong Memorial ដែល​ជា​មន្ទីរពេទ្យ​ធំ​បំផុត​ពីរ នៅ​ក្នុង​តំបន់។

លោក Dinh អាយុ ៤៨ ឆ្នាំ មាន​ដើម​កំណើត​នៅក្នុង​ទីក្រុង Nha Trang ដែល​ជា​ទីក្រុង​រមណីយដ្ឋាន​មួយ​ក្នុង​ប្រទេស​វៀតណាម។ លោក Dinh បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«នៅ​ពេល​ដែល​យើង​ប្រគល់​របាំងមុខ​ទាំងនោះ ដល់​មន្ទីរពេទ្យ ពួកគេ​អរគុណ​យើង​យ៉ាងខ្លាំង ហើយ​បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​ជាច្រើន។ នោះ​ពិត​ជា បាន​លើក​ទឹកចិត្ត​ពួកយើង ពីព្រោះ​យើង​ដឹង​ថា យើង​បាន​ចូលរួម​ចំណែក​នៅក្នុង​ការព្យាយាម​បញ្ឈប់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ ជាពិសេស​នៅក្នុង​តំបន់​រដ្ឋ​ញូវយ៉ក»។

លោក Gerald Gacioch ប្រធាន​ផ្នែក​ព្យាបាល​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ Rochester General Hospital ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាងគេ​បង្អស់​ក្នុង​ប្រព័ន្ធ Rochester Regional បាន​ទទួល​របាំងមុខ​ចំនួន​១.៨៤០​បន្ទះ ដែល​បាន​ធ្វើ​ដោយ​លោក Dinh និង​ក្រុម​របស់​លោក។ លោក Gerald Gacioch បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អ្នក​ដែល​បាន​ឃើញ​របាំង​មុខ​នោះ​ហើយ ចូលចិត្ត​វា​គ្រប់ៗ​គ្នា។ យើង​នឹង​រីករាយ​ខ្លាំងណាស់​ក្នុង​ការ​ទទួល​យក​របាំងមុខ​ទាំង​នោះ តាម​ដែល​សហគមន៍​ដ៏​សប្បុរស​របស់​អ្នក​អាច​ផ្តល់​ឲ្យ​ពួក​យើង»។

នៅក្នុង​សារ​អេឡិចត្រូនិច ឬ អ៊ីម៉ែល​មក​កាន់ VOA លោក Gacioch បាន​សរសេរ​ថា៖

«បុគ្គលិកពេទ្យ​ទាំងអស់​នៅ​មន្ទីរពេទ្យ​របស់​លោក ពិតជា​ដឹងគុណ​ខ្លាំង​ណាស់»។

លោក Gacioch បាន​សរសេរ​បន្ត​ទៀត​ថា៖

«លោក Dinh បាន​ធ្វើ​របាំង​គំរូ​មួយ ហើយ​ឲ្យ​បុគ្គលិក​ខ្ញុំ និង​ខ្ញុំ​ពាក់​សាក​មើល។ ក្រោយពី​ពាក់​របាំង​នោះ យើង​ឃើញ​ថា វា​មាន​ផាសុខភាព និង​ស្រួល​ឲ្យ​យើង​ដក​ដង្ហើម​ជាង​របាំង​មុខ​ស្តង់ដារ​របស់​យើង។ ចំណុច​នេះ សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ដែល​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ត្រូវ​ពាក់​វា​ម្តងៗ ជាច្រើន​ម៉ោង​នោះ។ រីឯ​ការស្តាប់​វិញ វា​ក៏​ធ្វើ​ឲ្យ​ពួកយើង​ឮ​ច្បាស់​ដែរ ហើយ​នៅ​ពេល​ដែល​យើង ត្រូវ​ប្រើ​ឧបករណ៍​ស្តាប់​សង្វាក់​បេះដូង យើង​អាច​ប្រើ​បាន»។

លោក Dinh ដែល​ជា​វិស្វករ​គីមី​មួយ​រូប​នៅ​ក្រុមហ៊ុន Xerox Corp ជាង ២០ ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា បន្ទាប់ពី​ពិនិត្យ​មើល​របាំងមុខ​មួយ​ចំនួន​តាម​អនឡាញ ហើយ​មិន​ឃើញ​របាំង​ណា​មួយ​ជា​ទីពេញចិត្ត​របស់​លោក​នោះ លោក​ក៏​បាន​សម្រេច​រចនា​របាំង​មុខ​ដែល​មាន​ភាពងាយស្រួល​ផលិត និង​ងាយស្រួល​ប្រើ ដោយ​ខ្លួន​លោក​ផ្ទាល់។

វត្ថុធាតុ​ដើម​ដែល​យក​មក​ប្រើប្រាស់​ដើម្បី​ផលិត​របាំង​ទាំងនោះ មាន​ដូចជា​ប្លាស្ទិក​ថ្លា​និង​អេប៉ុង។ ខ្សែរ​កៅស៊ូ​យឺត​មួយ​ដែល​ជាប់​នឹង​ផ្នែក​ខាង​លើ​នៃ​របាំង​នោះ នឹង​ស្ថិត​នៅ​លើ​ថ្ងាស​របស់​អ្នក​ពាក់ ហើយ​គេ​អាច​ទាញ​វា​ពាក់​ព័ទ្ធ​ជុំវិញ​ក្បាល។

ដើម្បី​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា អ្នកស្ម័គ្រចិត្ត​បាន​ចែក​ជា​ក្រុម ហើយ​បំពេញ​ភារកិច្ច​ផ្សេងៗ​គ្នា។ លោក Dinh បាន​និយាយ​ថា អ្នកស្ម័គ្រ​ចិត្ត​ដែល​រស់នៅ​ក្បែរគ្នា បំពេញ​ភារកិច្ច​ស្រដៀង​គ្នា ឬ ដែល​កិច្ចការ​ដែល​ទាក់ទង​គ្នា។ ការធ្វើ​ដូច្នេះ ដើម្បី​ធានា​ថា ការផលិត នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ លោក Dinh បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩៨៩ ដើម្បី​មក​រស់នៅ​ជាមួយ​ឪពុក​របស់​លោក ដែល​បាន​ចាកចេញ​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ១៩៧៥។

ឧបសគ្គ​ធំ​បំផុត​ដែល​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​បាន​ជួបប្រទះ គឺ​ការ​ទិញ​ប្លាស្ទិក​ដែល​មាន​គុណភាព​ខ្ពស់ ពីព្រោះ​វា​ជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​របាំង​មុខ​នេះ។

សមាជិក​នៃវត្តនេះ ប្រមាណជា ៦០ នាក់ បាន​បរិច្ចាគ​ប្រាក់ ១២.៦០០ ដុល្លារ។ ចំនួន​ប្រាក់​ខាង​លើ​នេះ អាច​ឲ្យ​លោក Dinh ទិញ​ប្លាស្ទិក​និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​ទៀត ដើម្បី​ផលិត​របាំងមុខ​នេះ បាន ៨.០០០ បន្ទះ ដែល​ក្នុង​ចំណោម​នេះ របាំង​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​តំបន់ Rochester ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ ដូចជា ទីក្រុង​ញូវយ៉ក​ និង​ជាយក្រុង រដ្ឋ Pennsylvania រដ្ឋDelaware និង​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា​ជាដើម។

លោក Dinh បាន​និយាយ​ថា នៅពេលដែល​មន្ទីពេទ្យ​ក្នុង​រដ្ឋញូវយ៉ក បាន​ទទួល​ការបរិច្ចាគ​របាំងមុខ​ដំបូង​ហើយ ក្រុម​របស់​លោក​បាន​សម្រេច​បញ្ជូន​របាំង​មុខ​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត ដែល​បុគ្គលិក​ពេទ្យ​ជួរមុខ ត្រូវការ​ជា​ទីបំផុត មិន​ថា ពួកគេ​នៅ​ទីណា​នោះ​ទេ។

អ្នកស្ម័គ្រចិត្ត មាន​ទឹក​ចិត្ត​ក្នុង​ការផលិត។ លោក Dinh បាន​ថ្លែង​ថា ពួកគេ​គ្រប់គ្នា​យល់ ថា​ពួកគេ​កំពុង​ធ្វើ​ការងារ​ដ៏​សំខាន់។ មាន​សមាជិក​វត្ត​ជាច្រើន​ទៀត​ចង់​ជួយ លោក Dinh ដែល​ហួស​ពី​ចំនួន​ការងារ​ដែល​លោក​មាន​ឲ្យ​ពួកគេ​ធ្វើ។

អ្នកស្រី Phan Thi My ជា​អ្នក​កាន់​ពុទ្ធសាសនា​ដ៏​ខ្ជាប់ខ្ជួន​មួយ​រូប ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើការ​នៅវត្ត​នោះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បាន​និយាយ​ថា អ្នកស្រី​បាន​ឆ្លើយតប​ភ្លាមៗ នៅ​ពេល​ដែល​លោក Dinh ចាប់ផ្តើម​អំពាវនាវ​រក​ជំនួយ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​បាន​អាន​ព័ត៌មាន​នានា​តាម​អ៊ីនធឺណិត ហើយ​ដឹង​ថា គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា កំពុង​ត្រូវការ​ជំនួយ​សម្ភារៈ​ពេទ្យ​ខ្លាំងណាស់ ដូច្នេះ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​ខ្ញុំ​អាច​ជួយ​បាន»។

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា កិច្ចការ​នេះ ធ្វើ​ឲ្យ​អ្នកស្រី​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍ ដោយសារ​ថា កាលពី​ចុង​ខែ​មីនា អ្នកស្រី បាន​បាត់បង់​ការងារ​ជា​អ្នកធ្វើ​ក្រចក​នៅ​ហាង​ Pro Nails ដែល​នោះ​ជា​អាជីវកម្ម​មួយ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា «មិនចាំបាច់» នៅ​ក្រុង Webster នៃ​រដ្ឋញូវយ៉ក ក្នុង​អំឡុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ។

លោក Tran Van Hiep អាយុ ៦៤ ឆ្នាំ ស្ម័គ្រចិត្ត​ធ្វើការ​ដោយ​ស្មារតី​មេត្តាធម៌ និង​កាតព្វកិច្ច។ អ្នក​ស្ម័គ្រចិត្ត​ធ្វើការ​នៅ​វត្ត​ជាប្រចាំ​រូប​នេះ បាន​ចូល​និវត្តន៍​កាលពី​ខែធ្នូ​ឆ្នាំមុន ពី​ក្រុមហ៊ុន Art-Craft Optical ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ុមវែនតា គ្រប់គ្រង​ដោយ​គ្រួសារ​មួយ នៅ​ក្រុង Rochester។ នៅក្នុង​ក្រុមហ៊ុន​នោះ លោក​បាន​បម្រើ​ការងារ ជា​អ្នកបច្ចេកទេស។ លោក Tran Van Hiep ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩៩៤ ក្រោម​កម្មវិធី​អន្តោ​ប្រវេសន៍​តាម​លំដាប់​លំដោយ​ និង​មាន​សុវត្ថិភាព ហៅ​ថា Orderly Departure Program។ លោក និង​មនុស្ស​ជាច្រើន​ទៀត​នៅក្នុង​សហគមន៍ បាន​សុខចិត្ត​ធ្វើការ​ទាំងយប់​ទាំងថ្ងៃ​ ដើម្បី​សម្រេច​ការងារ។ នៅក្នុង​ពេល​កំពុង​ធ្វើ​របាំងមុខ លោក Hiep បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«យើង​មើល​អនាគតមិន​ឃើញ​ទេ។ ថ្ងៃ​ស្អែក មិន​ដឹង​ថា​ខ្ញុំ​នឹង​នៅ​រស់​ឬ​ស្លាប់​ទេ។ ជីវិត​របស់​យើង ត្រូវបាន​កំណត់​ទុក​ជាមុន​រួចស្រេច​ទៅ​ហើយ។ ទោះបីជា​អ្នក​នៅ​ផ្ទះ ក៏​អ្នក​មិន​អាច​គេច​ផុត​ពី​ជោគវាសនា​របស់​ខ្លួន​ឯង​បាន​ដែរ។ ដូច្នេះ ខ្ញុំ​រីករាយ​ក្នុងការ​ទៅ​វត្ត​ដើម្បី​ជួយ​ធ្វើ​កិច្ចការ។ ខ្ញុំ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើ​ការងារ​ទៅ​តាម​តម្រូវការ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG