មន្ត្រីការទូតកំពូលអាមេរិកម្នាក់និយាយថា ក្រុមមន្ត្រីវៀតណាមបានបដិសេធសំណើរបស់អាមេរិកក្នុងការផ្តល់ជំនួយបច្ចេកទេសបើកការស៊ើបអង្កេតទៅលើការងាប់ត្រីយ៉ាងរង្គាលនៅតាមឆ្នេរសមុទ្រប៉ែកកណ្តាលនៃប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ថ្លែងនៅក្នុងមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសវៀតណាម Ted Osius បាននិយាយថា សំណើផ្តល់ជំនួយកាលពីចុងខែមេសា ត្រូវបានគេច្រានចោលភា្លមៗ។
លោក Osius បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានស្នើផ្តល់ជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលវៀតណាមត្រូវការ ដើម្បីពិនិត្យមើលថាតើមានរឿងអ្វីបានកើតឡើង ហើយតើមូលហេតុអ្វីបានជាត្រីជាច្រើនក្បាលបានងាប់នៅតាមបណ្តោយឆ្នេរប៉ែកកណ្តាល។ សំណើផ្តល់ជំនួយភ្លាមៗនោះមិនត្រូវបានគេទទួលនោះទេ។»
លោកឯកអគ្គរដ្ឋទូតដែលត្រូវបានគេអញ្ជើញឲ្យពិភាក្សាអំពីដំណើរទស្សនកិច្ចលក្ខណៈប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាមេរិក Obama ទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ និងពិភាក្សាអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីមូលហេតុអ្វីបានជាក្រុមមន្ត្រីវៀតណាមច្រានចោលសំណើផ្តល់ជំនួយរបស់អាមេរិកនោះទេ៕