កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកគីម ជុងណាម បងប្អូនប្រុសរបស់មេដឹកនាំកូរ៉េខាងជើងត្រូវបានសម្លាប់នៅព្រលានយន្តហោះម៉ាឡេស៊ី ដោយសារធាតុគ្រោះថ្នាក់ម្យ៉ាងដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។
ក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួន មានស្រ្តីម្នាក់ដែលជនជាតិវៀតណាមត្រូវបានរាយការណ៍ថា ធ្លាប់មកលេងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីមិនបានស្នើសុំឲ្យកម្ពុជាជួយស៊ើបអង្កេតករណីនេះនៅឡើយទេ។ តែមន្រ្តីកម្ពុជានិយាយថា កម្ពុជារីករាយក្នុងការផ្តល់ព័ត៌មាន ប្រសិនបើមានការស្នើសុំ។
មន្រ្តីកម្ពុជាបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតការសម្លាប់បងប្អូនប្រុសម្តាយទីទៃរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
លោកគីម ជុងណាមបានស្លាប់នៅព្រលានយន្តហោះក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីស្ត្រីជនជាតិវៀតណាម និងឥណ្ឌូនេស៊ីបានខ្ទប់មុខលោកជាមួយសាធារធាតុម្យ៉ាងឈ្មោះថា VX ដែលជាធាតុពុល និងត្រូវបានចាត់ថ្នាក់ថា មានគ្រោះថ្នាក់បំផុត ហើយត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។ អ្នកស៊ើបអង្កេតម៉ាឡេស៊ីបាននិយាយថា លោកគីម ជុងណាមបានស្លាប់នៅមណ្ឌលសុខភាពមួយនៅព្រលានយន្តហោះ ២០នាទីបន្ទាប់ពីស្វែងរកជំនួយផ្នែកពេទ្យ។
ស្រ្តីពីរនាក់ ម្នាក់ជាជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួននិងចោទប្រកាន់កាលពីថ្ងៃពុធថា បានសម្លាប់លោកគីម ជុងណាម។ ស្រ្តីជនជាតិវៀតណាមឈ្មោះ Doan Thi Huong ត្រូវបានរាយការណ៍ដោយសារព័ត៌មានអន្តរជាតិថា បានមកលេងប្រទេសកម្ពុជាកាលពីខែមករា។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បានទទួលសំណើពីរដ្ឋាភិបាលម៉ាឡេស៊ីនៅឡើយទេ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ប្រសិនបើមានការស្នើសុំ នោះរដ្ឋាភិបាលកម្ពុជានឹងជួយក្នុងការផ្តល់ព័ត៌មាន។
លោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា រហូតមកដល់ពេលនេះមិនទាន់មានសំណើស្នើសុំនោះទេ។ លោកមិនបានដឹងថាស្រ្តីជនជាតិវៀតណាមធ្លាប់មកលេងកម្ពុជានោះទេ។
បណ្តាញសារព័ត៌មានបានរាយការណ៍ថា នាង Doan Thi Huong បានមកលេងប្រទេសកម្ពុជាហើយបានបង្ហោះរូបថតនៅលើគេហទំព័រ Facebook របស់នាង។ រូបថតបានឲ្យដឹងថា នាងបានមកលេងប្រទេសកម្ពុជានៅពាក់កណ្តាលខែមករានិងបានស្នាក់នៅសណ្ឋាគារដែលមានឈ្មោះថា V Hotel ភ្នំពេញ។ ទោះជាយ៉ាងណា មន្រ្តីនិយាយថា ពួកគេមិនបានដឹងអំពីទំនាក់ទំនងរវាងស្រ្តីដែលរងការចោទប្រកាន់នោះជាមួយប្រទេសកម្ពុជានោះទេ។
បុគ្គលិកនៅសណ្ឋាគារ V Hotel បានបញ្ជាក់ថា Doan Thi Huong ពិតជាបានមកស្នាក់នៅសណ្ឋាគារនេះជាមួយបុរសបរទេសពីរនាក់កាលពីខែមករា។ បុគ្គលិករូបនោះបាននិយាយថា ស្រ្តីជនជាតិវៀតណាមម្នាក់នោះបានមកស្នាក់នៅក្នុងសណ្ឋាគារនេះជាមួយបុរសបរទេសពីរនាក់ដែលស្ថិតក្នុងវ័យ៤០ឆ្នាំដូចគ្នា។
មន្រ្តីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបាននិយាយថា លោកគីម ជុងណាមត្រូវបានសម្លាប់តាមបញ្ជារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ លោកគីម ជុងណាម បានរស់នៅនិរទេសខ្លួនក្នុងទីក្រុងម៉ាកាវនៃប្រទេសចិន ចាប់តាំងពីលោកលែងត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកូរ៉េខាងជើង។
អាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនបុរសជនជាតិកូរ៉េមួយចំនួន ដែលពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ ហើយកំពុងស៊ើបអង្កេត និងស្វែងរកបុរសជាជនជាតិកូរ៉េខាងជើងមួយចំនួនទៀតដែលសង្ស័យថា ពាក់ព័ន្ធនឹងការសម្លាប់នេះ។
VOA មិនអាចសុំការឆ្លើយតបពីស្ថានទូតម៉ាឡេស៊ី វៀតណាម និងកូរ៉េខាងជើងប្រចាំនៅប្រទេសកម្ពុជាបានទេ។
ទោះជាយ៉ាងណា ស្រ្តីឈ្មោះ Doan Thi Huong នោះត្រូវបានរាយការណ៍ថា នាងបានចូលរួមក្នុងកម្មវិធីលេងសើចមួយដែលនាងត្រូវបានគេប្រាប់ឲ្យយកសារធាតុម្យ៉ាងដាក់នឹងដៃហើយខ្ទប់មុខរបស់លោកគីម ជុងណាម នៅព្រលានយន្តហោះ។
ដូចគ្នាផងដែរ នាង Siti Aisyah ក៏បាននិយាយថា នាងក៏ចូលរួមក្នុងកម្មវិធីបែបកំប្លែងនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរម៉ាឡេស៊ីនិយាយថា ស្រ្តីទាំងពីរនាក់នោះត្រូវបានជនជាតិកូរ៉េខាងជើងបង្វឹកអំពីរបៀបនៃការសម្លាប់នោះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានទាមទារឲ្យប្រទេសម៉ាឡេស៊ីបញ្ជូនសាកសពរបស់លោកគីម ជុងណាមទៅប្រទេសកូរ៉េខាងជើងវិញ តែប្រទេសម៉ាឡេស៊ីបានបដិសេធការស្នើសុំនោះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានហៅការបដិសេធមិនព្រមបញ្ជូនសពរបស់លោកគីម ជុងណាមទៅកូរ៉េខាងជើងគឺជា«ការខុសច្បាប់ និងមិនមានសីលធម៌» ខណៈក្រុមចារកម្មរបស់កូរ៉េខាងត្បូងនិយាយកាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយការសម្លាប់នេះ៕