ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វិនិយោគិន​វៀតណាម​​ប្រុង​ប្រយ័ត្ន​​ជាង​មុនចំពោះ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​បង្កើត​ថ្មី​ Startup


រូបឯកសារ៖ ក្រុងហូជីមិញជាកន្លែងប្រមូលផ្តុំនៃអាជីវកម្មធំៗនៅប្រទេសវៀតណាម ដែលកំណើនសេដ្ឋកិច្ចឆាប់រហ័សបានទាក់ទាញវិនិយោគិនលើក្រុមហ៊ុនទើបចាប់ផ្តើមថ្មីៗ។

​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អ្នក​វិនិយោគ​សុខចិត្ត​វិនិយោគ​លើ​​អាជីវកម្ម​ដែល​មាន​ការ​ខាតបង់​ ដើម្បី​បាន​ចំណែក​ទីផ្សារ​កាន់​តែ​ធំ។ ប៉ុន្តែ​នា​ពេល​ឥឡូវ​នេះ ពួកគេ​មាន​​ការ​ពិនិត្យពិច័យ​ជាង​មុន​ចំពោះ​ការ​វិនិយោគ​ថ្មីៗ។ 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើបបង្កើត​ថ្មី​ ឬ startup នៅ​វៀតណាម​ក្នុង​ឆ្នាំ​ ២០២០​នេះ​កំពុង​តែ​ព្យាយាមបញ្ចៀស​នូវ​កំហុសរបស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូចជា​ ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន WeWork ដែល​ក្រុមហ៊ុន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​វិនិយោគិន​ខក​ចិត្ត​ក្នុង​ឆ្នាំ ២០១៩ ដោយ​សារ​តែ​ខកខាន​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ បន្ទាប់​ពីភាព​ល្បី​ឈ្មោះ​និង​ការ​រំពឹង​ខ្ពស់​មក។ ​

វិនិយោគិន​ និង​សហគ្រិន​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​កំពុង​មាន​ការ​ពិនិត្យ​ពិច័យ​ជាង​មុន​ទៅ​លើ​ក្រុមហ៊ុន​និង​អាជីវកម្ម​របស់​ពួកគេ បន្ទាប់​ពី​រក​ឃើញ​ថា សហគ្រិន​ និង​វិនិយោគិន​ដទៃ​ទៀត​នៅ​ក្រៅ​ប្រទេស​ត្រូវខាតបង់​។ ក្រុមហ៊ុន WeWork ដែល​ជា​ក្រុមហ៊ុន​ផ្តល់​កន្លែង​ជួល​ដើម្បីធ្វើការ​ ត្រូវ​បាន​យល់​ឃើញ​ថា​ជា​ឧទាហរណ៍​សម្រាប់​ការប្រុងប្រយ័ត្ន​មួយ​សម្រាប់​ក្រុមហ៊ុន​ startup ដែល​មិនបាន​បំពេញ​តាម​ក្តី​រំពឹង​ទុក​ និង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន។

​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អ្នក​វិនិយោគ​សុខចិត្ត​វិនិយោគ​លើអាជីវកម្ម​ដែល​មាន​ការ​ខាតបង់​ ដើម្បី​បាន​ចំណែក​ទីផ្សារ​កាន់​តែ​ធំ។ ប៉ុន្តែ​នា​ពេល​ឥឡូវ​នេះ ពួកគេ​មានការ​ពិនិត្យពិច័យ​ជាង​មុន​ចំពោះ​ការ​វិនិយោគ​ថ្មីៗ។

កម្មវិធី Vietnam Innovative Startup Accelerator ឬ​ហៅ​កាត់​ថា VIISA តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​នឹង​ចាប់​ផ្តើម​បំពេញ​តម្រូវ​ការបទដ្ឋាន​មួយ​ចំនួន​ អំឡុង​ពេល​ដែល​អាជីវកម្ម​របស់​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុងកម្មវិធី​បណ្តុះបណ្តាល VIISA នេះ។​

​លោក Hieu Vo សមាជិក​ក្រុមប្រឹក្សា និង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃកម្មវិធី VIISA បាន​និយាយ​ថា៖ «ក្រៅ​ពី​ស្តង់ដារ​ជ្រើសរើសដែល​ផ្អែក​លើកលក្ខណៈ​ជាក់ស្តែង ​ដែល​គ្រប់​ក្រុមហ៊ុន​ទើប​នឹង​បង្កើត​ថ្មី startup ទាំងអស់​ត្រូវ​ឆ្លង​កាត់​នោះ កម្មវិធី​នេះក៏​មាន​ដាក់​បញ្ចូល​នូវ​របៀប​វាស់​ស្ទង់​ការ​វិវត្ត​ថ្មី​មួយ ដែល​ជួយ​យើង​តាមដាន​ដំណើរការ​វិវត្ត​របស់​ក្រុមហ៊ុន​ទើប​នឹង​បង្កើត​ថ្មី ដែល​ត្រូវ​បាន​ទទួល​ចូល​ក្នុង​កម្មវិធី​ VIISA។ ហើយ​ខ្ញុំ​គិត​ថា ដំណើរការ​នេះ​នឹង​ជួយ​បុគ្គល​ម្នាក់ៗ​បំពេញ​ឲ្យ​អស់​សមត្ថភាពរបស់​ពួក​គេ​នៅ​ក្នុង​អាជីវកម្ម​ ដែល​ពួកគេ​បាន​បង្កើត​ឡើង និង​ប្តេជ្ញា​សម្រេច​ឲ្យ​បាន»។ ​

លោក Vo និយាយ​ថា សហសេវិក​របស់​លោក​អង្គុយ​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​ទើប​នឹង​ចាប់​ផ្តើម​ថ្មី​ថ្មោង​ startup នៅ​ពេល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ ដើម្បី​ពិភាក្សា​អំពី​សុចនាករ​សមត្ថភាព​ចម្បង ឬ KPI ដែល​នឹង​ត្រូវ​ចាត់​ទុក​ជា គោលដៅ។ កម្មវិធី​ VIISA ក៏​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​អាជីវកម្ម​ទើប​នឹង​បង្កើត​ថ្មី ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​អាច​វាស់វែង​បាន ដូចជា បែបផែន​នៅ​ក្នុង​ការ​រៀបចំ​កិច្ចព្រមព្រៀង​អាជីវកម្ម ឬ​ការ​បង្កើត​ប្រព័ន្ធ​គណនេយ្យ​របស់​ពួកគេ។

លោក Vo បន្ត​ទៀត​ថា ​ការ​មាន​រង្វាស់​ និង​ចំណាត់ថ្នាក់​នឹង​ជួយ​ «ទាំង​សមត្ថភាព​អាជីវកម្ម ក៏ដូចជា ការ​អភិវឌ្ឍផ្លាស់​ប្តូរជា​លក្ខណៈ​ឯកជន​របស់​ស្ថាបនិក»។

ស្ថាបនិក​ជា​បុគ្គល​ម្នាក់​ឬច្រើននាក់​បានក្លាយ​ជា​ចំណុច​ផ្តោត​ពិនិត្យ​ពិច័យ​សំខាន់​របស់ក្រុម​វិនិយោគិន​ ដែល​ធ្លាប់តែ​មាន​ភាព​អនុគ្រោះ​ចំពោះ​ស្ថាបនិកដែល​មាន​ភាព​ប្លែក ឬក្លាហាន ដែល​នេះ​ត្រូវ​បាន​យល់​ឃើញ​ថា ជា​ផ្នែក​មួយ​នៃ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់នៃ​បុគ្គល​វ័យ​ឆ្លាត​ខាងបច្ចេកវិទ្យា​ឲ្យ​ដឹកនាំ​ក្រុមហ៊ុន​បែប​ច្នៃ​ប្រឌិត​មួយ។ ប៉ុន្តែ​ក៏​មាន​ការ​តវ៉ា​ពី​អ្នក​ផ្សេងដែល​គិត​ថា ការ​បណ្ដោយ​ជ្រុល​ហួសហេតុឲ្យ​ស្ថាបនិក​អាច​ធ្វើ​អ្វី​ស្រេច​ចិត្ត អាច​បង្ក​ការ​ខូចខាត​ដល់​អាជីវកម្ម​ផង​ដែរ។ កន្លង​មក​មាន​ចាប់​ពី​រឿង​ការបំពានផ្លូវ​ភេទ​ ក្នុង​វប្បធម៌​កន្លែង​ធ្វើ​ការ​របស់​ក្រុមហ៊ុន Uber រហូតដល់​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​សេចក្តី​សម្រេច​ផ្នែក​អាជីវកម្ម​នៅ​ក្រុមហ៊ុន WeWork។

កម្មវិធី​នេះ​មិន​ត្រឹមតែ​ជួយ​ក្នុង​ការ​គិត​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជំរុញ​ឲ្យ​មាន​ទស្សនៈ​ពី​ខាង​ក្រៅ​បន្ថែម​ទៀត​ផង​ដែរ នេះ​បើ​យោង​តាម​លោក Pham Manh Ha ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Beekrowd ដែល​ជាក្រុមហ៊ុន​វិនិយោគ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​ហូជីមិញ។

លោក Pham បាន​និយាយ​ថា៖ «ក្នុង​នាម​ជា​ស្ថាបនិក​លើក​ដំបូង វា​ហាក់​ដូចជា​មិន​អាច​ឲ្យ​យើង​មើល​ហួស​ពី​រយៈពេល​ប្រាំមួយ​ខែ​ទៅ​មួយ​ឆ្នាំ​ដំបូង​នៃ​អាជីវកម្ម​របស់​យើង​ទេ។ កត្តា​ទាំង​នោះ​ស្ថិត​នៅ​ខាង​ក្រៅដែល​បិទបាំង​យើង​មិន​ឲ្យ​មើល​អ្វី​ទាំង​មូល»។

ដើម្បី​អាច​មើល​ឃើញ​ទាំង​រូបភាព​វែងឆ្ងាយបាន អាជីវកម្ម​នៅ​វៀតណាម​ដូចជា​ ក្រុមហ៊ុន​របស់​លោក​ កំពុង​តែ​ប្រើប្រាស់​នូវ​យុទ្ធសាស្រ្ត​ដែល​អាច​វាស់វែង​បាន​ជាង​មុន។ នៅ​វៀតណាម​ មាន​ការ​កើន​ឡើង​នូវ​ចំនួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​នឹង​ចាប់​ផ្តើម​ថ្មី startup ​ជា​ច្រើន ស្រប​ពេល​ដែល​វិនិយោគិន​បានប្រញាប់ប្រញាល់​ក្នុង​ការ​វិនិយោគ និង​កេង​ចំណេញ​ពី​សេដ្ឋកិច្ច​ដែល​កំពុង​មាន​កំណើន​ឆាប់រហ័ស។

ប៉ុន្តែ​ពួកគេ​ក៏​ចងចាំ​ដែរ​ថា ​ពី​សម័យ​កាល dot-com bubble ក្នុង​ទសវត្សរ៍​១៩៩០ នៅ​សហរដ្ឋ​អាមេរិក ដែល​ពេល​នោះ​ការ​រីក​ធំ​ជ្រុលនាំ​ឲ្យធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​ឆាប់​នៃអាជីវកម្ម​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​អ៊ីនធឺណិត និង​ការ​រីក​ធំ​ជ្រុលនៅក្នុង​វិស័យ​បច្ចេកវិទ្យា​លើ​សាកលលោក​នា​ពេល​ថ្មីៗ​នេះ ដែល​អ្វី​ទាំង​ពីរ​នេះ​ជា​មេរៀន​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG