ពលរដ្ឋជាង៣០នាក់បាននាំយកញត្តិមកដាក់ជូនរដ្ឋសភាជាតិ ជាលើកទីបីនៅថ្ងៃច័ន្ទនេះ ដើម្បីស្នើឲ្យជំរុញអាជ្ញាធរនៅក្នុងស្រុកស្នួលខេត្តក្រចេះ ចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេនិងប្រជាពលរដ្ឋដទៃទៀតសរុបចំនួន៧៣គ្រួសារ។
លោកស៊ឹម ពៅ តំណាងឲ្យប្រជាពលរដ្ឋទាំង៧៣គ្រួសារ រស់នៅក្នុងសហគមន៍ពាមប៉ោអូរបីស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល មានប្រសាសន៍ប្រាប់ VOA ថា លោកធ្លាប់បានដាក់ញត្តិចូលទៅរដ្ឋសភាចំនួនពីរលើកមកហើយប៉ុន្តែ នៅមិនទាន់មានដំណោះស្រាយនៅឡើយបើទោះជាមានក្រុមនិស្សិតដែលធ្វើការវាស់វែងដីនៅមុនពេលបោះឆ្នោតជាតិធ្លាប់ចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋនៅទីនោះកាលពីឆ្នាំ២០១២ក៏ដោយ។
«ខ្ញុំទាមទារឲ្យខាងរដ្ឋសភាហ្នឹងជំរុញឲ្យអាជ្ញាធរ ជួយចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមាននិស្សិតចុះវាស់វែងហ្នឹង ហើយផ្ទៃដីតាមទំហំដែលគាត់រស់នៅ អាស្រ័យផលប៉ុន្មានគឺវាស់ឲ្យប៉ុណ្ណឹងទៅ»។
លោកស ចំរ៉ុង អភិបាលខេត្តក្រចេះ បញ្ជាក់ថា អាជ្ញាធរខេត្តកំពុងធ្វើការដោះស្រាយទំនាស់ដីធ្លីនេះហើយ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនេះក៏កំពុងមានការខ្វែងគំនិតគ្នាជាមួយនឹងតំណាងប្រជាពលរដ្ឋម្នាក់ផ្សេងទៀតដែលទំនាស់នេះកើតមានឡើងបន្ទាប់ពីដីនេះត្រូវបានខ្វៀលយកចេញពីក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាមឈ្មោះ ប៊ិញភឿក២ កាលពីឆ្នាំ២០១៤។ ដីដែលមានទំនាស់នេះ គឺមានទំហំ២៥០,៩៦ហិកតា និងស្ថិតនៅក្នុងឃុំខ្សឹម ស្រុកស្នួលខេត្តក្រចេះ។
ក្រុមប្រជាពលរដ្ឋបានចោទថា តំណាងប្រជាពលរដ្ឋមា្នក់ទៀត ឈ្មោះឡុក សុផាបានកាន់បញ្ជីមួយផ្សេងទៀតតំណាងឲ្យប្រជាពលរដ្ឋ១០៤គ្រួសារ។ ប៉ុន្តែ ពួកគេអះអាងថា បញ្ជីនេះគឺជាបញ្ជីមិនត្រឹមត្រូវព្រោះមិនមានឈ្មោះមនុស្សមួយចំនួនរស់នៅក្នុងដីទំនាស់ជាក់ស្តែង។
អ្នកស្រីឡុក សុផា ដែលបានដាក់ពាក្យបណ្តឹងទៅរដ្ឋសភាជាតិកាលពីថ្ងៃទី៨ខែកញ្ញាម្តងរួចមកហើយដែរនោះ បដិសេធមិនទទួលស្គាល់បញ្ជីរបស់លោកស៊ឹម ពៅដោយអ្នកស្រីអះអាងថា ឈ្មោះលោកស៊ឹម ពៅ និងតំណាងពលរដ្ឋម្នាក់ទៀតក៏ស្ថិតនៅក្នុងបញ្ជីរបស់អ្នកស្រីដែរ៖
«ខ្ញុំសុំបដិសេធហ្មង ឈ្មោះស៊ឹម ពៅក៏នៅក្នុងបញ្ជី១០៤។ ហាក់ញ៉េនក៏នៅក្នុងបញ្ជី១០៤ ទើបអាជ្ញាធរគាត់ធ្វើការបែងចែកស្មើៗគ្នា គាត់កើតទុក្ខមិនសុខចិត្ត ដោយសារដីគាត់ច្រើន»។
អ្នកស្រីចង់ឲ្យរដ្ឋសភាជួយអន្តរាគមន៍ដល់អាជ្ញាធរឲ្យពន្លឿនការវាស់វែងដីធ្លីដើម្បីបញ្ចប់ជម្លោះមួយនេះ។
របាយការណ៍របស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីចុងខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៤ មកទល់នឹងដំណាច់ខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋខ្មែរមានចំនួន៦០.០០០នាក់ ហើយបានក្លាយជាជនរងគ្រោះ ដោយសារគោលនយោបាយរដ្ឋាភិបាលទាក់ទងនឹងការដណ្តើមកាន់កាប់ដីធ្លីនោះ៕