ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ស្ត្រី​វៀតណាម​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ផ្ញើសារ​ទៅ​សកម្មជន​ដទៃ​ទៀត​ថា៖ «‍អ្នក​មិន​ឯកោ​ទេ»


អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ ផ្តល់​បទសម្ភាសន៍ដល់ VOA នៅទីស្នាក់ការ​កណ្តាល​របស់ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (VOA Khmer)
អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ ផ្តល់​បទសម្ភាសន៍ដល់ VOA នៅទីស្នាក់ការ​កណ្តាល​របស់ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (VOA Khmer)

«យើង​ត្រូវតែ​រំលឹក​ខ្លួន​ឯង​ថា យើង​មិន​ឯកោ​ទេ។ ពិភពលោក​កំពុង​តែ​តាមដាន​មើល​កិច្ចការ​របស់​យើង។ សហគមន៍​អន្តរជាតិ​កំពុង​តែ​យក​ចិត្ត​ទុកដាក់។ មិន​ថា​បញ្ហា​ណា​ទេ​ដែល​អ្នក​កំពុង​តែ​តស៊ូ​មតិ​ដើម្បី​សហគមន៍​អ្នក សហគមន៍​អន្តរជាតិ​តាមដាន​កិច្ចការ​របស់​យើង​ជានិច្ច‍»។​

កំណត់​និពន្ធ៖ អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ត្រូវបាន​ដោះ​លែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង​ពីរឆ្នាំ និង​ក្រោយ​ពេល​តុលាការ​វៀតណាម​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ។

ការ​ដោះលែង​អ្នកស្រី Quynh ត្រូវបាន​ធ្វើ​ឡើង​ដោយ​មាន​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ។ ​រដ្ឋាភិបាល​វៀតណាម​បាន​យល់​ព្រម​ដោះលែង​អ្នកស្រី Quynh ក្នុង​លក្ខខណ្ឌ​មួយ​ដែល​តម្រូវ​ឲ្យ​សកម្មជន​សរសេរ​ប្លុក​រូប​នេះ ចាកចេញ​ពី​ប្រទេស​វៀតណាម។ អ្នកស្រី Quynh និង​ក្រុម​គ្រួសារ​បាន​ចាកចេញ​ពី​វៀតណាម ហើយ​កំពុង​ស្នាក់​នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋ​អាមេរិក។

ថ្មីៗនេះ អ្នកស្រី​ Quynh បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​នាម​ជា​បេក្ខជន​ម្នាក់​ដែល​ទទួល​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ពី​គណៈកម្មការ​ការពារ​អ្នក​សារព័ត៌មាន (The Committee to Protect Journalists) ​ហើយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ VOA Khmer អំពី​ដំណើរ​ជីវិត​ជា​សកម្មជន​ដើម្បី​យុត្តិធម៌​សង្គម សេចក្តី​ក្លាហាន និង​ការ​បន្ត​តស៊ូ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នកស្រី។ តទៅនេះគឺជាបទ​សម្ភាសន៍ VOA រវាង​អ្នកស្រី Nguyen Ngoc Nhu Quynh និង​អ្នកនាង ទែន សុខស្រីនិត នៃ VOA ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ ដូចតទៅ៖

VOA៖ តើ​កត្តា​អ្វី​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្រី​ចាប់​ផ្តើម​សរសេរ​ប្លុក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ដើម​ឆ្នាំ​២០០០?

អ្នកស្រី Quynh៖ ខ្ញុំ​បាន​ចាប់ផ្តើម​សរសេរ​ប្លុក ដោយសារ​កូន​ស្រី​របស់​ខ្ញុំ។

VOA៖ តើ​រឿងរ៉ាវ​អ្វី​ខ្លះ​អំពី​កូនស្រី​អ្នកស្រី ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ទៅ​សរសេរ​ប្លុក?

អ្នកស្រី Quynh៖ កាលពី​ឆ្នាំ​២០០៦ ខ្ញុំ​បាន​ចាប់​ផ្តើម​បង្កើត​កម្រង​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​រៀបរាប់​ពី​ដំណើរ​ពរពោះ​កូន​ស្រី​លើក​ទីមួយ​របស់​ខ្ញុំ។ ​ថ្ងៃមួយ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ជុំវិញ​ខ្ញុំ​ជា​ច្រើន​នាក់ ដែល​មាន​ជីវភាព​ក្រីក្រ មិន​អាច​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព ដែល​ខ្ញុំ​ទទួល​បាន​ពី​បុគ្គលិក​ពេទ្យនោះ​ទេ។ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​សួរ​ខ្លួន​ឯង​ថា៖ «‍ហេតុ​អី​បាន​ជា​ខ្ញុំ​មើល​មិន​ឃើញ​ភាព​អយុត្តិធម៌​ដែល​កំពុង​កើត​ឡើង​ជុំវិញ​ខ្លួន​ខ្ញុំ?» ​ក្រោយ​ពី​សួរ​ខ្លួន​ឯង​ហើយ ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​សរសេរ​ប្លុក​អំពី​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម ភាព​មិន​ស្មើ​ភាព ដោយសារ​តែ​ខ្ញុំ​ដឹង​ថា មនុស្ស​ជាច្រើន​នាក់​កំពុង​តែ​រង​គ្រោះ​ពី​បញ្ហា​ទាំង​អស់​នេះ។

​ក្រោយ​មក​ទៀត ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​បរិស្ថាន ជាពិសេស​គឺ​គម្រោង​ដែន​អធិបតេយ្យភាព​រវាង​វៀតណាម និង​ចិន នៅ​ក្នុង​តំបន់​ប្រជុំ​កោះ Spratly។ នៅ​ឆ្នាំ​២០០៩ ខ្ញុំ​ត្រូវបាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​រយៈពេល​១០ថ្ងៃ។ ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​គិត​ និង​ព្រួយបារម្ភ​ពី​សុខុមាលភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ។

រូបឯកសារ៖ អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ឈរស្តាប់ដំណើរការសវនាការកាត់ទោសអ្នកស្រី នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។
រូបឯកសារ៖ អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ឈរស្តាប់ដំណើរការសវនាការកាត់ទោសអ្នកស្រី នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។

VOA៖ នៅពេល​ដែល​អ្នកស្រី​ត្រូវបាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៩ តើ​វា​ដោយសារ​តែ​កិច្ចការ​តស៊ូ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិតរបស់​អ្នកស្រី​ឬ?

អ្នកស្រី Quynh៖ ខ្ញុំ​ជឿ​ថា ​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ដោយ​ចាប់​ខ្លួន​មនុស្ស​ដូចជា​ខ្ញុំ ដែល​ហ៊ាន​និយាយ​ពី​ការពិត ដោយសារ​តែ​នាពេល​នោះ រដ្ឋាភិបាល​វៀតណាម​ព្រួយ​បារម្ភ​ពី​ទំនាក់​ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​ចិន។ ពួក​គេ​ខ្លាច​ថា ការ​តស៊ូ​មតិ​របស់​ខ្ញុំ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​នានា អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ទាំងពីរ។

ទីពីរ​ទៀត ​រដ្ឋាភិបាល​ពឹងផ្អែក​លើ​ការ​ឃោសនា​របស់​ខ្លួន ដើម្បី​ភូតភរ​ប្រជា​ពលរដ្ឋ ដើម្បី​លាក់បាំង​ពី​ផលប៉ះពាល់​បរិស្ថាន។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួកគេ​ខ្លាច​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ជា​សកម្មជន ដែល​មិន​ភ័យ​ខ្លាច​ក្នុង​ការ​លាត​ត្រដាង​ការពិត​នៃ​ការ​ភូតភរ​របស់​រដ្ឋាភិបាល។

VOA៖ ប្រឈម​នឹង​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​នានា តើ​អ្នកស្រី​យល់​ថា សកម្មជន​ដូចជា​អ្នក​ស្រី​នៅ​ជុំវិញ​ពិភពលោក អាច​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ទៀត ដើម្បី​បន្ត​លើក​ឡើង​ពី​បញ្ហា​សំខាន់​នានា​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍?

អ្នកស្រី Quynh៖ ចំណុច​ដំបូង​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ដល់​សកម្មជន​ទាំង​អស់​នោះ គឺ​ថា យើង​ត្រូវតែ​រំលឹក​ខ្លួន​ឯង​ថា យើង​មិន​ឯកោ​ទេ។ ពិភពលោក​កំពុង​តែ​តាមដាន​មើល​កិច្ចការ​របស់​យើង។ សហគមន៍​អន្តរជាតិ​កំពុង​តែ​យក​ចិត្ត​ទុកដាក់។ មិន​ថា​បញ្ហា​ណា​ទេ​ដែល​អ្នក​កំពុង​តែ​តស៊ូ​មតិ​ដើម្បី​សហគមន៍​អ្នក សហគមន៍​អន្តរជាតិ​តាមដាន​កិច្ចការ​របស់​យើង​ជានិច្ច។​

ទីពីរ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​តែ​តស៊ូមតិ​ អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដល់​ជីវភាព​របស់​មនុស្ស​ជា​ច្រើន​នាក់​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ នៅ​ពេល​ដែល​យើង​និយាយ​ជាមួយ​ពួក​គេ​ វា​អាច​ថា ដំបូង​ឡើយ​ពួកគេ​មិន​ដឹង​ពី​ការ​ផ្លាស់ប្តូរ​នោះ​យ៉ាង​ម៉េច​ទេ តែ​វា​អាច​ថា ពួកគេ​ចាប់ផ្តើម​អង្កេត ហើយ​យក​ចិត្ត​ទុកដាក់​នឹង​មូលហេតុ​ដែល​យើង​ខំប្រឹង​បង្កើន​ការ​យល់ដឹង​របស់​ពួក​គេ​អំពី​បញ្ហា​នោះ។ ក្រោយ​ពី​ធ្វើ​ការ​អង្កេត និង​តាមដាន ពួកគេ​នឹង​ចាប់ផ្តើម​ព្រួយបារម្ភ ហើយ​ក្រោយ​មក ពួកគេ​នឹង​ត្រូវបាន​លើក​ទឹកចិត្ត​ចូលរួម​ជាមួយ​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ។ ដល់​ដំណាក់ការ​នេះ ពួក​គេ​អាច​នឹង​ចាប់ផ្តើម​តស៊ូ​មតិ ក្រោក​ឈរ​តវ៉ា ឬ​ក៏​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត។

បន្ទាប់មក ពួក​គេ​អាច​នឹង​ចាប់ផ្តើម​ស្វែងរក​វិធីសាស្ត្រ និង​ធនធាន​នានា​ដើម្បី​បង្ហាញ​ការ​ព្រួយបារម្ភ​រួម​គ្នា ហើយ​សំឡេង​ពួកគេ​នឹង​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ក្លា​ជាង​មុន។ ពួកគេ​នឹង​រកឃើញ​ការ​ជំរុញ​ទឹកចិត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយសារ​ថា អ្វី​ដែលយើង​ចង់​ឃើញ​កើត​ឡើង គឺ​យើង​ចាប់ផ្តើម​ធ្វើ​កិច្ចការគ្រប់បែប​យ៉ាង មិនមែន​ដើម្បី​តែ​អ្នក​ដទៃទេ តែ​ក៏​ដើម្បី​ខ្លួន​យើង​ដែរ។ យើង​ខំ​ធ្វើ​កិច្ចការ​ទាំង​នោះ ពីព្រោះ​យើង​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​កើត​ឡើង។ នៅ​ថ្ងៃ​នេះ យើង​អាច​ថា​មិន​ទាន់​ឃើញ​លទ្ធផល​នៅ​ឡើយ តែ​លទ្ធផល​នឹង​កើត​ឡើង​ជា​មិន​ខាន។

VOA៖ ក្នុង​នាម​ជា​សកម្មជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តើ​អ្នកស្រី​ធ្លាប់​ដែល​គិត​ថា អ្នកស្រី​គឺជា​ផ្នែក​មួយ​នៃ​វិស័៦ ឬ​ស្ថាប័ន​សារព័ត៌មាន​ ហើយ​ជឿ​ថា​ អ្វី​ដែល​អ្នកស្រី​បាន​ធ្វើ បាន​ជួយ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ដែរ​ឬ​ទេ?

អ្នកស្រី Quynh៖ ដំបូង​ឡើយ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មិន​ដែល​ចាត់​ទុក​ខ្លួន​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សារព័ត៌មាន​ទេ។ ខ្ញុំ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​របស់​ខ្ញុំ​ ក្នុងការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ខ្ញុំ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​សរសេរ​ប្លុក ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គឺជា​សកម្មជន​ម្នាក់​ដើម្បី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន។ ពីមុន​នេះ ខ្ញុំ​គ្រាន់តែ​គិត​ថា ខ្ញុំ​គឺជា​អ្នក​ការពារ​យុត្តិធម៌​សង្គម​តែ​ប៉ុណ្ណោះ។

អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ត្រូវបានទទួលស្វាគមន៍នៅអាកាសដ្ឋានមួយ នៅសហរដ្ឋអាមេរិក។
អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ត្រូវបានទទួលស្វាគមន៍នៅអាកាសដ្ឋានមួយ នៅសហរដ្ឋអាមេរិក។

VOA៖ ហេតុអ្វី​បាន​ជា​អ្នក​ស្រី​មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​ខ្លាច​ផល​ប៉ះពាល់​មក​លើ​អ្នកស្រី និង​ក្រុម​គ្រួសារ? តើ​ភាពក្លាហាន​នេះ​អាច​កើត​ចេញ​ពី​ការ​ខ្វាយខ្វល់​របស់​អ្នកស្រី​អំពី​អនាគត​កូន​ស្រី​របស់​អ្នក​ស្រី? ឬ​ក៏​ដោយសារ​តែ​អ្នកស្រី​ស្រឡាញ់​និង​ចង់​ការពារ​បរិស្ថាន?

អ្នកស្រី Quynh៖ ខ្ញុំ​ជឿថា កម្លាំង​លើក​ទឹក​ចិត្ត​ខ្ញុំ កើត​ចេញ​ពី​កូនស្រី​ខ្ញុំ។ ខ្ញុំ​ចង់​ឃើញ​នាង​ធំ​ដឹង​ក្តី​ឡើង ដោយ​មាន​សេរីភាព និង​ដោយ​ក្តី​រីករាយ ដូច​ក្មេងៗ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ដែរ។

បន្ទាប់​ពី​កូនស្រី​ខ្ញុំ ខ្ញុំ​ក៏​មាន​កូន​ប្រុស។ ដូច​ម្តាយ​ដទៃ​ទៀត ខ្ញុំ​ចង់​ឲ្យ​កូនៗ​ខ្ញុំ​ទទួលបាន​ការ​អប់រំ សេវា​ថែទាំ​សុខភាព ដែល​មាន​គុណភាព​ល្អ ហើយ​ចង់​ឃើញ​ពួកគេ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ការ​ចង់​ឃើញ​អនាគត​ដ៏​ល្អ​របស់​កូនៗ​ខ្ញុំ ជំរុញ​លើក​ទឹក​ចិត្ត​ខ្ញុំ។

VOA៖ ខ្ញុំ​ដឹង​ថា អ្នកស្រី និង​ក្រុម​គ្រួសារ​ទើប​តែ​បាន​មក​រស់នៅ​ទីក្រុង Houston ​រដ្ឋ​ Texas។ តើ​អ្នក​ស្រី​មាន​គម្រោង​ធ្វើ​អ្វី​ខ្លះ​ទៀត​ក្រោយ​ពេល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នេះ?

អ្នកស្រី Quynh៖ ជាដំបូង ​ក្នុង​អំឡុង​ពេល​ដែល​ពួក​យើង​កំពុង​តែ​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ ខ្ញុំ​គ្រោង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​កូនៗ​ខ្ញុំ ហើយ​ជួយ​ពួកគេ​សម្រប​ខ្លួន និង​យល់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ពី​មុន ហើយ​ខ្ញុំ​ក៏​ចង់​ចំណាយ​ពេល​ថែទាំ​សុខភាព​ផ្លូវចិត្ត​ម្តាយ​របស់​ខ្ញុំ​ដែរ។

និយាយ​ទៅ ខ្ញុំ​ក៏​បាន​ចាត់​ទុក​ខ្លួន​ខ្ញុំ ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ទៅកាន់​សេរីភាព ដល់​សកម្មជន​ផ្សេងៗ​ទៀត​នៅ​វៀតណាម ហើយ​កិច្ចការ​មួយ ដែល​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​បំផុត​នោះ គឺ​ស្វែងរក​សេរីភាព​ដល់​សកម្មជន​ស្ត្រី​ម្នាក់​ទៀត ដែល​គាត់​ក៏​ជា​ម្តាយ ហើយ​គាត់​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ឡើយ។ គាត់​មាន​ឈ្មោះ​ថា Tran Thi Nga។

បន្ថែម​លើ​នេះ ខ្ញុំ​ក៏​ចង់​បន្ត​សរសេរ​ប្លុក ហើយ​ខ្ញុំ​បាន​សិទ្ធិ​ប្រើប្រាស់​គណនីយ​ហ្វេសប៊ុក​របស់​ខ្ញុំ​វិញ ដែល​ហ្វេសប៊ុកបាន​ដក​សិទ្ធិ​ខ្ញុំ​មិន​ឲ្យ​ប្រើប្រាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​រំលែក​ការ​គិត និង​កត្តា​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ធ្វើកិច្ចការ​ផ្សេងៗ​ទៀត​ជាមួយ​អ្នក​ដទៃ។

VOA៖ ដោយសារ​តែ​អ្នកស្រី​លើក​ឡើង​ពី​ការ​ស្វែង​រក​សេរីភាព​ដល់​អ្នកស្រី Tran Thi Nga។ តើ​អ្នក​ស្រី​យល់​យ៉ាង​ណា​អំពី​ភាព​ជា​សកម្មជន​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក?

អ្នកស្រី Quynh៖ ខ្ញុំ​ជឿ​ថា ស្ត្រី​យើង កើត​មក​ដោយ​មាន​ក្តី​សន្តោស​ប្រណី​មក​ជាមួយ។ ដោយសារ​តែ​ក្តី​សន្តោសប្រណី​នេះ យើង​ព្រួយ​បារម្ភ​ច្រើន ហើយ​យើង​យក​ចិត្ត​ទុក​ដាក់​ពីកិច្ចការ​តូចតាច រហូត​ដល់​កិច្ចការ​ធំៗ។ ខ្ញុំ​ជឿ​ថា ស្ត្រី​យើង​មាន​ការ​គិត​ដ៏​ស៊ីជម្រៅ ហើយ​យើង​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​តែ​ពី​អនាគត​កូន​របស់​យើង​ទេ តែ​យើង​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពី​បរិយាកាស​សង្គម​ដែល​កូន​យើង​កំពុង​រស់នៅ។

ការ​គិត​ពី​ចំណុច​តួចៗ រហូត​ដល់​ចំណុច​ធំៗ​បែប​នេះ​ វា​ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​តូចៗ​នៅ​ក្នុង​សង្គម​គ្រួសារ​យើង ហើយ​ការ​ផ្លាស់ប្តូរ​នេះ នឹង​រីក​ដុះដាល ហើយ​ក្លាយ​ទៅ​ជា​ការ​ផ្លាស់ប្តូរ​ធំ​មួយ ដែល​អាច​បញ្ជ្រាប​ក្នុង​សង្គម និង​ប្រទេស​ជាតិ​ទាំង​មូល។

VOA៖ ជា​ចុងក្រោយ តើ​អ្នក​ស្រី​មាន​អ្វី​ជា​សារ​ផ្ញើ​ជូន​ដល់​សកម្មជន​ផ្សេងៗ​ទៀត​ដែល​សរសេរ​ប្លុក​ដែរ​ឬ​ទេ?

អ្នកស្រី Quynh៖ អ្នក​មិន​ឯកោ​ទេ ដោយសារ​តែ​សេរីភាព​គឺជា​អ្វី​ដែល​យើង​ទាំង​គ្នា និង​គ្រប់គ្នា​ចង់​បាន។ ដោយសារ​តែ​គោលដៅ​រួម​គ្នា​នេះ និង​ដោយសារ​តែ​ក្តី​ស្រមៃ​ដូចគ្នា​នេះ​ហើយ ទើប​យើង​មិន​មែន​ឯកោ​ទេ។ បើ​សិន​ជា​អ្នក​អាច​ជម្នះ​ភាព​ភ័យខ្លាច​ផ្ទាល់​ខ្លួន​របស់​អ្នក នោះ​អ្នក​នឹង​ស្វែងរក​ឃើញអ្នកគាំទ្រ​អ្នក​ជាច្រើន។ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​បញ្ចេញ​មតិ មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​នឹង​ចូលរួម​ជាមួយ​អ្នក។ នេះគឺជា​កត្តា​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើកិច្ចការ​ដែល​យើង​កំពុង​ធ្វើ៕

រាយការណ៍​បន្ថែម​ដោយ​អ្នកស្រី Tra Mi ​ប្រចាំ​វីអូអេ​ផ្សាយ​ជា​ភាសា​វៀតណាម

វីដេអូថ្មីៗបំផុត

XS
SM
MD
LG