ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពាណិជ្ជករ​វៀតណាម​ជំរុញ​ឲ្យ​ធ្វើ​ពហិការ​មិន​ប្រើ​ផលិតផល​តម្លៃ​ថោក​របស់​ចិន


បុគ្គលិក​នៃ​សាខា​ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​មួយ នៅ​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម កំពុង​រាប់​ប្រាក់​ដុង​រៀតណាម។

ពាណិជ្ជករ​វៀត​ណាម​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការផលិតផលដែល​មាន​គុណភាព​ទាប​និង​គ្មាន​សុវត្ថិភាព​របស់​ចិន នៅ​ពេល​ដែលមាន​មនោសញ្ចេត​នាប្រឆាំង​ចិន​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នោះ។

យុទ្ធនាការ​នោះ​ ដែល​ត្រូវ​ដឹកនាំ​ដោយ​លោក Vu Tien Loc ​ប្រធាន​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម បាន​លើក​ទឹក​ចិត្តពួក​អ្នក​ប្រើ​ប្រាស់​ទំនិញឲ្យ​ប្រើ​ប្រាស់​ទំនិញ​ធ្វើ​នៅប្រទេស​វៀតណាម​ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញពី​ភក្តីភាព​ដល់​ជាតិ​របស់​ខ្លួនក្នុង​ពេល​ប្រឈម​ឥរិយាបទ​គគ្លើនរបស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Loc បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា ​លោក​មិន​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​ពហិការទំនិញ​ទាំង​អស់​របស់​ចិន​ទេ ​ក៏ប៉ុន្តែ​ការ​ទិញ​ទំនិញ​ធ្វើ​នៅ​ក្នុង​ស្រុក ​ដែលមាន​តម្លៃ​សមរម្យ​និង​មាន​សុវត្ថិភាព​ ​ត្រូវ​តែ​ជា​អាទិភាព។​

លោក​ថ្លែង​ថា៖ «យើង​មិន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់ការ​ប្រើ​ប្រាស់​ទំនិញ​របស់​ចិន​ទេ។ ​យើង​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ពួកគេ​កុំ​ឲ្យ​ទិ​ញ​ផលិតផល​ទាំងឡាយ​ណា​ដែល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ដែលបាន​មក​ពី​ការ​រត់​ពន្ធ​និង​គ្មាន​សុវត្ថិភាព​ ​ហើយ​ផ្តល់​អាទិភាព​ដល់​ការ​ប្រើប្រាស់​ទំនិញ​វៀតណាម​ដោយ​មាន​តម្លៃ​ប្រកួត​ប្រជែង​ជំនួស​វិញ។ ​អាទិភាព​គួរ​តែ​ផ្តល់​ឲ្យ​ទំនិញវៀតណាម​ ក៏ប៉ុន្តែ​មិន​មែន​ប្រឆាំង​នឹង​ទំនិញ​ផ្សេង​ទាំង​អស់​នោះ​ទេ»។

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ទទួល​ការ​ជំរុញ​ដោយ​មនុស្ស​ជា​ច្រើន ​រួម​មាន​ទាំង​សមាជិក​គណបក្ស​កុម្មុយនិស្ត​ឲ្យកាត់​បន្ថយ​ការ​ពឹង​ផ្អែក​សេដ្ឋ​កិច្ច​របស់​វៀតណាម​លើ​ចិន​បន្ទាប់​ពីការ​ដាក់​ការដ្ឋាន​ខួង​ប្រេង​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Vu ​និយាយ​ទៀត​ថា ​ពាណិជ្ជករ​វៀតណាម​ ​អាចសម្តែងលក្ខណៈ​ជាតិនិយម​របស់​ខ្លួនដោយ​ផលិត​ផលិតផល​ធ្វើ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដែលអាច​ប្រណាំងប្រជែងមិន​ត្រឹម​តែ​ក្នុង​ទីផ្សារវៀតណាម​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​ទីផ្សារ​បរទេស​ដែរ។

​បណ្តាញ​ផ្សាយ​ព័ត៌មានវៀតណាម​រាយការណ៍​ថា ​អ្នក​ប្រើ​ប្រាស់​ទំនិញ​វៀតណាម៦៣​ភាគរយ ​ចូល​ចិត្ត​ផលិតផលក្នុង​ស្រុកជាង​ផលិត​ផល​នាំ​ចូល​មក​ពីបរទេសក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ក៏ប៉ុន្តែ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​តើ​ការ​ស្ទង់មតិ​នេះ ​ធ្វើ​ឡើង​យ៉ាង​ដូចម្តេច​ទេ។

​យោង​ទៅ​តាម​ស្ថិតិ​ផ្លូវការ​ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​វៀតណាមដោយ​មាន​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មកបាន​ឡើង​ដល់​ជាង​៥០​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ​២០១៣។

​ចិន​នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់​នេះនៅ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ ថ្វី​បើ​មាន​ការ​តានតឹងពីសមុទ្រ​ចិន​ខាង​ត្បូង​ក៏ដោយ៕

សេចក្តី​រាយការណ៍​នេះ​ត្រូវ​ផលិត​ដោយ VOA ភាសា​វៀតណាម

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG