ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀត​ណាម​​នឹង​ផ្តល់​ឧបករណ៍​ជំនួយ​ដង្ហើម​៨០០​គ្រឿង​ដល់​កម្ពុជា ខណៈ​អ្នក​ជំងឺ​កូវីដ​១៩ កើន​ដល់​ជាង​៥ពាន់​នាក់


រូបឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

រដ្ឋាភិបាល​វៀតណាម​បានសម្រេចផ្តល់​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដែល​ក្នុង​នោះ​មាន​ឧបករណ៍ជំនួយ​ផ្លូវ​ដង្ហើម​ចំនួន​ ៨០០ ​គ្រឿង និង​ម៉ាស់​ជាង ​២ លាន ​ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ យ៉ាងធ្ងន់ធ្ងរ ហើយចំនួន​អ្នក​ជំងឺ​ដែលកំពុងព្យាបាលជំងឺមាន​ទៅ​ដល់​ជាង ​៥.៦០០ ​នាក់។

សារព័ត៌មាន​របស់​វៀតណាម​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ VnExpress​ ផង​ដែរ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ នឹង​ផ្តល់​ជំនួយ​បរិក្ខាពេទ្យ​រួម​មាន​ឧបករណ៍​ជំនួយផ្លូវ​ដង្ហើម​ចំនួន​ ៨០០ ​គ្រឿង និង​ម៉ាស់ពេទ្យ​ប្រមាណ​ ២,៣​ លាន ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​រាត​ត្បាត​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​រាយការណ៍​អង្គ​ភាព​ព័ត៌មាន​វៀត​ណាម ​Vn​Express ឲ្យ​ដឹង​ថា ​ការ​សម្រេច​ផ្តល់​ជំនួយ​នេះ ធ្វើ​ឡើង ក្រោយ​មានជំនួប​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​រវាង​រដ្ឋមន្ត្រី​សុខាភិបាល​វៀត​ណាម​ លោក ​Nguyen Thanh Long និងរ​ដ្ឋមន្ត្រី​សុខា​ភិបាល​កម្ពុជា​លោក​ ម៉ម​ ប៊ុនហេ​ង​ កាល​ពី​ថ្ងៃ​ទី ២២ ​ខែមេសា។

បើ​តាម​សេចក្តី​រាយការណ៍​ដដែល ​វៀតណាម​ក៏​នឹង​ជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ​ដោយ​ការ​បញ្ជូន​អ្នក​ជំនាញ​សុខាភិបាល និង​ឧបត្ថម្ភ​ឧប​ករណ៍​សុខា​ភិបាល​ផ្សេង​ទៀត​ មក​កាន់​ប្រទេស​ជិត​ខាង​របស់​ខ្លួន ប្រសិន​បើ​កម្ពុជា​ត្រូវ​ការ។ រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​លើក​ឡើង​ថា ​ប្រទេស​វៀតណាម​មាន​ឆន្ទៈ​ដើម្បី​ភ្ជាប់​ទី​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​១៩ ​រវាង​ប្រទេស​ទាំង​ពីរ និង​អនុញ្ញាត​ឲ្យ​មាន​ការផ្លាស់​ប្តូរ​អ្នក​ជំនាញ​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​ចាំបាច់។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការអធិប្បាយពី​លោក ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ចំណែក​លោកស្រី ឱ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​មិន​ទាន់ឆ្លើយ​តប​នឹងសំណួរ​ផ្ញើ​តាម​ប្រព័ន្ធ​តេឡេក្រាម ​(Telegram) នៅឡើយទេ។

វីអូអេ​ក៏មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ដែរ។

រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​លោក​ Nguyen Thanh Long ត្រូវ​បាន​សារព័ត៌មាន​ Vn​Express ដក​ស្រង់​សម្តី​តាម​ន័យ​ដើម​ថា​៖

«មេ​រៀន​របស់​វៀតណាម​ក្នុង​ចំណោម​មេរៀន​ជា​ច្រើននោះ ​គឺ​ការ​បង្ការ​និង​ប្រយុទ្ធ​ការ​រាត​ត្បាត [ជំងឺ​កូវីដ​១៩]​ ដោយ​ការ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​នយោបាយ​ទាំង​មូល ​ហើយ​និង​ប្រជាជន​ទាំង​អស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ»។

លោក ​Long ត្រូវ​បាន​គេដកស្រង់​សម្តី​បន្ថែម​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​ទីតាំងព្យាបាល​ជំងឺ​កូវីដ​១៩ នៃ​ប្រទេស​ទាំង​ពីរ​ មាន​ន័យ​ថា ​វេជ្ជ​បណ្ឌិត​អាច​ផ្លាស់​ប្តូរ​យោបល់គ្នាទៅ​វិញ​ទៅ​មក ​នូវ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ។

រថយន្ត​សង្គ្រោះបន្ទាន់របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអ)
រថយន្ត​សង្គ្រោះបន្ទាន់របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអ)

ប្រទេសកម្ពុជា​បាន​ឃើញ​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយធំជា​លើក​ដំបូង ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ គឺ​នៅ​ពេល​ពលរដ្ឋ​ចិន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ក្រុងព្រះសីហនុ​ ត្រូវ​បាន​រក​ឃើញ​ថា​មានផ្ទុក​ជំងឺ​កូវីដ​១៩។ ការ​ឆ្លង​ជំងឺ​នេះ​បាន​រាលដាល​ដល់​បណ្តា​ខេត្ត​មួយ​ចំនួន ​រួម​មាន​ខេត្ត​កណ្តាល តាកែវ​ ព្រែវែង​ និង​ស្វាយរៀង​ជា​ដើម។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រាយការណ៍​ថា ​ករណី​ឆ្លង​ថ្មី​មាន​ជាង ​៦៥០ ​នាក់​ទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍ ​២០ ​កុម្ភៈ មាន ​៨.៣០១ ​នាក់។ អ្នក​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ជាង ​៥.៦០០ ​នាក់ ខណៈ​កម្ពុជា​កំពុង​ខ្វះ​ខាត​កន្លែង​ព្យាបាល​អ្នក​ជំងឺ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ៦១ ​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ។

លោក ទឹម វរ៉ា ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព យល់​ថា ​ការ​សម្រេច​របស់រដ្ឋា​ភិ​បាល​ទីក្រុង​ហាណូយ​ក្នុង​ការ​ផ្តល់​ជំនួយ​បរិក្ខា​រពេទ្យ​មក​កម្ពុជា គឺ​ជា​កម្លាំង​មនុស្ស​ធម៌​ដែល​អាច​ជួយ​កម្ពុជា​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំគិត​ថា​ អានេះ​វា​ជា​ការ​ងារ​មនុស្ស​ធម៌​ ហើយ​វា​នៅ​ក្នុងក្រប​ខណ្ឌ​អាស៊ានអីចឹង​ ប្រទេស​មួយ​នៅ​ក្នុង​អាស៊ាន ​គឺ​ខ្ញុំ​គិត​ថា​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក ​អ្នកណាមាន​លទ្ធភាព​ខាង​ណា ​គឺគេ​អាច​ជួយ​គ្នា​បាន ​អី​ចឹង​ខ្ញុំគិត​ថា​ជាការ​ល្អ»។​

លោក​បន្ថែម​ថា ​កម្ពុជា​ក៏​ធ្លាប់​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​នេះ​នៅ​ក្នុង​តំបន់​ជា​ពិសេស ​គឺ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់ថា​អាស៊ាន ដោយ​កម្ពុជា​បាន​បញ្ជូន​ម៉ាស់​និងបរិក្ខារ​ពេទ្យ​ជា​ច្រើនទៅ​ចែក​ជូន​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះ​មាន​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ទីម័រ​ឡេស្ត​ និង​នេប៉ាល់ ​នៅ​គ្រា​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​ ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។

កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២០ រដ្ឋមន្រ្តី​សុខាភិ​បាល​កម្ពុជា​លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​ឧបករណ៍ជំនួយ​ផ្លូវ​ដង្ហើម​ប្រមាណ​ ២០០ ​គ្រឿង។ កាល​នោះ លោកស្រី ​Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​កម្ពុជាត្រៀម​ខ្លួនសម្រាប់​ការឆ្លងសហគមន៍​ទ្រង់ទ្រាយ​ធំ ដោយ​បង្កើន​សម្ភារៈ​ការពារ​ខ្លួន ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម និង​គ្រូពេទ្យ​ជា​ដើម។

ទោះ​ជា​យ៉ាងណា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ប៉ាន់​ស្មាន​អ្នក​ជំងឺ​កូវីដ​ចំនួន ​៨០%​នៅ​កម្ពុជា ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគ​សញ្ញា​និង​កម្រិត​ស្រាល៕

XS
SM
MD
LG