នាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា នឹងទទួលបានចម្លើយពីប្រធានាធិបតីសហរដ្ឋអាមេរិក អំពីតួនាទីរបស់សហរដ្ឋអាមេរិកនាពេលអនាគត នៅក្នុងការជួយតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់ជាមួយនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
នៅសប្ដាហ៍ក្រោយ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នឹងក្លាយជាមេដឹកនាំមកពីតំបន់អាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ក្នុងការធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ចាប់តាំងពីលោក Trump បានស្បថចូលកាន់តំណែងកាលពីខែមករាកន្លងមកនេះមក។ គេរំពឹងថា ជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីសហរដ្ឋអាមេរិក នឹងផ្ដោតជាពិសេសលើបញ្ហាពាណិជ្ជកម្ម និងការទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
លោកអតីតប្រធានាធិបតី Barack Obama បានអនុវត្តគោលនយោបាយ «បែរទៅរកទ្វីបអាស៊ី» ដែលបានជួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានាទប់ទល់ជាមួយនឹងប្រទេសចិន។ ប៉ុន្តែ គេនៅមិនច្បាស់ថា លោក Trump នឹងអនុវត្តគោលនយោបាយបែបណាចំពោះទ្វីបអាស៊ីនៅឡើយទេ។
លោក Murray Hiebert អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយយ៉ាងដូច្នេះថា៖ «លោកនាយករដ្ឋមន្ត្រីវៀតណាមចង់ស្វែងយល់អំពីគម្រោង និងគោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមក៏ចង់ស្វែងយល់អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះបញ្ហាសមុទ្រចិនខាងត្បូងផងដែរ»។
មួយវិញទៀត គេក៏រំពឹងផងដែរថា លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងរំឭកលោកប្រធានាធិបតី Donald Trump អំពីការប្ដេជ្ញារបស់សហរដ្ឋអាមេរិកដើម្បីបោសសម្អាតជាតិពុលគីមី Agent Orange ដែលសហរដ្ឋអាមេរិកបានបាចលើផ្ទៃដីទំហំប្រហែលជាង ២ លានហិកតា នៅក្នុងអំឡុងពេលសង្គ្រាមវៀតណាម ចាប់ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧២៕