បន្ទាប់ពីមានការពិនិត្យសើរើរយៈពេល ៥ ខែមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាមបានសម្រេចដំឡើងយកពន្ធគយបណ្ដោះអាសន្នពី ២,៤៦ ភាគរយ ទៅ ៣៥,៥៨ ភាគរយ លើផលិតផលអាលុយមីញ៉ូមនាំចូលពីប្រទេសចិនមួយចំនួន ដែលវៀតណាមជឿថាមានតម្លៃទាបជាងតម្លៃទីផ្សារ។ ការដំឡើងពន្ធគយនេះបានចូលជាធរមានកាលពីថ្ងៃទី ៥ ខែមិថុនា។
ប្រទេសវៀតណាមបានក្លាយជាប្រទេសដែលទទួលបានប្រយោជន៍ដ៏ច្រើនបំផុតមួយកាលពីឆ្នាំមុនពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុននាំចេញទំនិញនៅក្នុងប្រទេសចិនដែលប៉ះពាល់ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក បានជ្រើសយកប្រទេសវៀតណាមជំនួសឲ្យចិន ដោយសារតែប្រទេសវៀតណាមជាប្រទេសដែលផលិតទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយជាប់ពន្ធគយទាប។
ការដាក់កំហិតពន្ធគយរបស់វៀតណាមលើទំនិញនាំចូលដែលមានតម្លៃទាបជាងតម្លៃទីផ្សារនេះគឺជា «ការឆ្លើយតបដ៏មានប្រសិទ្ធភាពពីភាគីវៀតណាមទាក់ទិននឹងការគ្រោងយកពន្ធគយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលើផលិតផលអាលុយមីញ៉ូម ដែលធ្វើហើយបានពាក់កណ្ដាលដែលនាំចេញពីប្រទេសវៀតណាម»។ នេះបើយោងតាមកំណត់សម្គាល់មួយកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research ដែលជាក្រុមហ៊ុនវិភាគទីផ្សារហិរញ្ញវត្ថុមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ។
កំណត់សម្គាល់នេះបានហៅការយកពន្ធគយនេះថាជា «វិធានការដ៏តឹងតែងបំផុតមួយសម្រាប់ប្រទេសវៀតណាមនៅក្នុងការកែប្រែ» ក្នុងនាមជា «ប្រទេសមួយដែលបានក្លាយជាប្រទេសដែលទទួលបានប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកដ៏ច្រើនជាងគេបំផុតនៅក្នុងតំបន់»។
ការគេចពីការយកពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញផលិតនៅប្រទេសចិន
ការនាំចេញរបស់ប្រទេសចិននូវទំនិញអាលុយមីញ៉ូមដែលធ្វើហើយបានពាក់កណ្ដាល បានកើនឡើងទ្វេដងរហូតដល់ចំនួន ៦ ម៉ឺន ២ ពាន់តោន នៅក្នុងឆ្នាំ ២០១៨ នៅពេលដែលជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានផ្ទុះឡើង។ នេះបើយោងតាមការរកឃើញរបស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research។
ក្នុងចំណោមបរិមាណនៃការនាំចេញនេះ «ទំនិញមួយចំនួនធំគួរសមត្រូវគេជឿថាបាននាំចេញពីប្រទេសចិន ដើម្បីគេចពីវិធានការយកពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការយកពន្ធគយទូទាត់ផ្សេងៗ»។ នេះបើយោងតាមកំណត់សម្គាល់របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research នេះ។
លោក Rajiv Biswas សេដ្ឋវិទូចម្បងផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit និយាយដូច្នេះថា៖ «ទំនិញមួយចំនួនដែលសហរដ្ឋអាមេរិកនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថាមានប្រភពផលិតនៅប្រទេសចិន ដែលចំណុចនេះគឺជាការព្យាយាមគេចពីការយកពន្ធគយលើទំនិញរបស់ចិនណានៅក្នុងសហរដ្ឋអាមេរិក ដែលមានតម្លៃទាបជាងតម្លៃទីផ្សារ»។
ប្រទេសផ្សេងទៀតនៅទ្វីបអាស៊ីដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម បានយកពន្ធគយផ្ទាល់ខ្លួនរបស់ពួកគេលើទំនិញដែកថែបដែលនាំចូលពីប្រទេសចិន។ ក្រុមហ៊ុននាំចេញនានារបស់ចិនអាចលក់ថោកជាងក្រុមហ៊ុនដទៃទៀតនៅក្នុងទីផ្សារនៃប្រទេសទាំងពីរនេះ។ ប្រទេសទាំងពីរនេះកំពុងប្រឹងប្រែងបង្កើតឧស្សាហកម្មដែកថែប ឬក៏អាលុយមីញ៉ូមផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារតែមានផលលើសផ្នែកផ្គត់ផ្គង់ និងទំហំផលិតកម្មធំ។
ប្រទេសវៀតណាមកំពុងស្រូបយកចំនួនយ៉ាងច្រើននូវផលិតផលលើសចំនួនរបស់ចិន ដោយសារតែប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយវៀតណាមមានតម្លៃផលិតកម្មទាបជាងចិន។ នេះបើតាមការបញ្ជាក់របស់លោក Song Seng Wun សេដ្ឋវិទូនៃសាខាធនាគារឯកជន CIMB នៅក្នុងប្រទេសសិង្ហបុរី។ ផលិតកម្មជាវិស័យជំរុញសេដ្ឋកិច្ចវៀតណាម ដោយជួយឲ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនរវាងពី ៦ ទៅ ៧ ភាគរយ ក្នុងមួយឆ្នាំ។
ការលម្អៀងទៅរកសហរដ្ឋអាមេរិក
សេដ្ឋវិទូនានាជឿថា ការកើនឡើងនូវការនាំចូលទំនិញពីប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មអាលុយមីញ៉ូមផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម និងធ្វើឲ្យឧស្សាហកម្មនេះប្រឈមនឹងហានិភ័យនៃការត្រួតពិនិត្យតឹងតែងជាងមុនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump។
ការយកពន្ធគយលើទំនិញបង្ខូចថ្លៃដែលចូលជាធរមានសម្រាប់រយៈពេល ១២០ ថ្ងៃនេះ នឹងជួយការពារទំនាក់ទំនងឋិតថេរកន្លងមករបស់ប្រទេសវៀតណាមជាមួយនឹងរដ្ឋបាលរបស់លោក Trump ដោយសារតែរដ្ឋាភិបាលវៀតណាមជួយបញ្ឈប់ការដឹកជញ្ជូនទំនិញរបស់ចិនឆ្លងកាត់ប្រទេសរបស់ខ្លួនក្នុងទិសដៅឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយ។
លោក Frederick Burke ម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយដូច្នេះថា៖ «ខ្ញុំពិតជាយល់ឃើញថា វៀតណាមព្យាយាមដាក់វិធានការតឹងតែងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសទី ៣។ ប្រទេសវៀតណាមចាត់ទុកការធ្វើដូច្នេះថាជាអំពើឧក្រិដ្ឋ ជាការទាញប្រយោជន៍ពីឋានៈដែលក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងនោះមាន ដោយមានការរត់ពន្ធចូល និងរត់ពន្ធចេញ។ ការធ្វើដូច្នេះគឺបំផ្លាញដល់កិត្តិយសរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងនេះ ហើយពួកគេមិនបានប្រយោជន៍ពីនេះទេ»។
ទំនិញអាលុយមីញ៉ូមដែលធ្វើហើយបានពាក់កណ្ដាលរបស់ចិន ប្រឈមនឹងការយកពន្ធគយលើការលក់បង្ខូចថ្លៃ បន្ថែមទៅនឹងពន្ធគយចំនួន ១០ ភាគរយ ដែលសហរដ្ឋអាមេរិកយកលើប្រទេសនានានៅលើពិភពលោក។ រោងចក្រផលិតកម្មនានានៅក្នុងប្រទេសវៀតណាមទិញទំនិញទាំងនេះពីប្រទេសចិន ដើម្បីយកមកធ្វើទ្វារ ជញ្ជាំង និងផ្នែកផ្សេងៗទៀតនៃរចនាសម្ព័ន្ធសំណង់។
ទោះបីជារដ្ឋាភិបាលរបស់លោក Trump បានបុកគោលដៅភាគច្រើនលើប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មក៏ដោយ ក៏កាលពីខែមុន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានចាត់ទុកវៀតណាមថាអាចជា «អ្នកក្រឡុក» រូបិយវត្ថុ។ ដូចប្រទេសចិនផងដែរ ប្រទេសវៀតណាមក៏មានផលលើសផ្នែក ពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលនេះគឺជាលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែលបង្កឲ្យមានជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលជម្លោះនេះបានឈានចូលដល់ឆ្នាំទីពីររបស់ខ្លួនហើយ ហើយជម្លោះនេះអាចនឹងកើនឡើងថែមទៀតនៅក្នុងខែនេះ។
លោក Song Seng Wun និយាយដូច្នេះថា៖ «យើងឃើញថា អំណាចដ៏មានឥទ្ធិពលរបស់លោកប្រធានាធិបតី Trump អាចមានឥទ្ធិពលធំធេងគួរសម។ ដូច្នេះ ខ្ញុំគិតថា នៅចំណុចនេះ វៀតណាមហាក់ដូចជាមិនចង់ធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក ជាងធ្វើឲ្យប៉ះពាល់ដល់ចិននោះទេ»។
បន្ទាប់ពីមាន «ការប្រឹក្សាយោបល់» សាធារណៈជាច្រើនលើកច្រើនសារមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម នឹងសម្រេចមុនពេលដំណាច់ឆ្នាំនេះថាតើគួរតែបន្ថែមពេលវេលាយកពន្ធគយនេះបន្តទៀត ឬក៏យ៉ាងណានោះ»។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research។
ប្រសិនបើប្រទេសវៀតណាមមិនដាក់គំនាបពន្ធគយរបស់ខ្លួនទេ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទំនងជាស៊ើបអង្កេតលើក្រុមហ៊ុនមួយចំនួន ដែលគេសង្ស័យថាបាននាំទំនិញអាលុយមីញ៉ូមរបស់ចិនចេញពីប្រទេសវៀតណាម និង «បញ្ជាឲ្យមន្ត្រីគយផ្ដោតការយកចិត្តទុកដាក់ជាងមុនលើទំនិញណាដែលដាក់ស្លាកថាផលិតនៅប្រទេសវៀតណាម»។ នេះបើតាមការបញ្ជាក់របស់លោក Maxfield Brown អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates នៅក្នុងទីក្រុងហូជីមិញ៕
ប្រែសម្រួលដោយ ភី សុភាដា