ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Vingroup របស់​វៀតណាម​ឈាន​ជើង​ចូល​ក្នុង​អាជីវកម្ម​សន្តិសុខ​តាម​អ៊ីនធឺណិត


លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុនVingroup ធ្វើ​ការ​បង្ហាញ​ដល់​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ទស្សនកិច្ច​មួយ​ទៅ​កាន់​រោងចក្រ​ផលិត​រថយន្ត Vinfast នៅ ក្នុង​ក្រុង Hai Phong កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទ​ដៃ​ងាយ​ស្រួល​នឹង​ត្រូវ​បាន​គេ​លួច​បាន​ណាស់។ ផ្ទុយ​ទៅ​វិញ ពួកគេ​ណែនាំ​ឱ្យ​ប្រើ​ការ​ផ្ទៀតផ្ទាត់​តាម​ជីវសាស្ត្រ ដូចជា​ការ​ប្រើ​ស្នាម​ក្រយៅ​មេ​ដៃ​ជា​ដើម។

ក្រុមហ៊ុន Vingroup ដែល​ជា​ក្រុមហ៊ុន​ពហុ​អាជីវកម្ម​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​វៀតណាម បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដោយ​បាន​បន្ថែម​នូវ​សេវាកម្ម​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត។ ក្រុមហ៊ុន​នេះ​មាន​អាជីវកម្ម​ជា​ច្រើន​រួច​ទៅ​ហើយ តាំង​ពី​អាជីវកម្ម​អចលនទ្រព្យ​រហូត​ទៅ​ដល់​អាជីវកម្ម​រថយន្ត និង​អាជីវកម្ម​ផ្សារ​ទំនើប​ជា​ដើម។

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ទទួល​បាន​នូវ​ការ​បញ្ជាក់​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​បច្ចេកវិទ្យា​ដែល​ខ្លួន​ប្រើ​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​តាម​អ៊ីនធឺណិត។ ការ​បញ្ជាក់​ទទួល​ស្គាល់​នោះ​ចេញ​ដោយ​ក្រុមហ៊ុន Fast IDentity Online Alliance ដែល​ហៅ​កាត់​ថា FIDO Alliance។ ក្រុមហ៊ុន FIDO Alliance គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​ស្រដៀង​ទៅ​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន Lenovo ក្រុមហ៊ុន LINE និង​ក្រុមហ៊ុន eBay ផង​ដែរ។

សន្តិសុខ​តាម​អ៊ីនធឺណិត​គឺ​ជា​បញ្ហា​នៃ​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ប្រទេស​វៀតណាម ដែល​នៅ​ទី​នោះ ការ​ប្រើប្រាស់​ជា​ទូទៅ​នូវ​កម្មវិធី​កុំព្យូទ័រ​លួច​ចម្លង​នានា ធ្វើ​ឱ្យ​កុំព្យូទ័រ​ងាយ​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត។ ក្រុមហ៊ុន Vingroup បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​ការ​បញ្ជាក់​ទទួល​ស្គាល់​សម្រាប់​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា VinCSS Internet Security Services Limited Liability Company។

លោក Nguyen Phi Kha ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន VinCSS បាន​និយាយ​ថា៖ «ជោគជ័យ​របស់​ក្រុមហ៊ុន VinCSS នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ការពារ​សុវត្ថិភាព​បណ្ដាញ​តាម​អ៊ីនធឺណិត​សម័យ​ទំនើប​នៅ​ក្នុង​ប្រទេស​វៀតណាម»។

ព័ត៌មាន​នេះ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ទូទាំង​សាកលលោក​ដើម្បី​ធ្វើ​ឱ្យ​ការ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​មាន​សុវត្ថិភាព​ជាង​មុន។ នៅ​ក្នុង​ប្រព័ន្ធ​ពី​មុន​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ ជា​រឿយៗ​អ្នក​ប្រើប្រាស់​ភ្លេច​លេខ​សម្ងាត់​របស់​ខ្លួន និង​ប្រើ​លេខ​សម្ងាត់​តែ​មួយ​សម្រាប់​គណនី​ផ្សេង​គ្នា ឬ​ក៏​ប្រើ​លេខ​សម្ងាត់​ណា​ដែល​អ្នក​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត​អាច​ទាយ​បាន​ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ដែល​ប្រើប្រាស់​ពាក្យ​សាមញ្ញ​នៅ​ក្នុង​វចនានុក្រម​ដើម្បី​ចូល​ទៅ​ប្រើប្រាស់​បាន។

ក្រុមហ៊ុន FIDO Alliance មាន​បំណង​ងាក​ចេញ​ពី​ការ​ពឹងផ្អែក​ហួស​ហេតុ​ទៅ​លើ​លេខ​សម្ងាត់​នេះ។ មនុស្ស​មួយ​ចំនួន​និយាយ​ថា ស្ថាប័ន​នានា​គួរ​តែ​ប្រើ​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពីរ​ដង ដូច​ជា​ការ​ផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទ​ដៃ បន្ថែម​ពី​លើ​ការ​ប្រើប្រាស់​តែ​លេខ​សម្ងាត់​តែ​មួយ​មុខ។ ចំណែក​ឯ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា ការ​ផ្ញើ​លេខ​កូដ​ទៅ​ទូរស័ព្ទ​ដៃ​ងាយ​ស្រួល​នឹង​ត្រូវ​បាន​គេ​លួច​បាន​ណាស់។ ផ្ទុយ​ទៅ​វិញ ពួកគេ​ណែនាំ​ឱ្យ​ប្រើ​ការ​ផ្ទៀតផ្ទាត់​តាម​ជីវសាស្ត្រ ដូចជា​ការ​ប្រើ​ស្នាម​ក្រយៅ​មេ​ដៃ​ជា​ដើម។

លោក Andrew Shikiar ដែល​ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន FIDO Alliance បាន​និយាយ​ពី​និន្នាការ​នេះ​ថា៖ «មិន​ធ្លាប់​ដែល​មាន​ក្រុមហ៊ុន​ផ្ដល់​សេវា និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី​អ៊ីនធឺណិត​ណា​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ដែល​មាន​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ទូលំទូលាយ​ដូច​នេះ​នោះ​ទេ។ ក្រុមហ៊ុន​ផ្ដល់​សេវា ឥឡូវ​នេះ​កំពុង​ទាញ​យក​អត្ថប្រយោជន៍​ពី​សមត្ថភាព​ថ្មីៗ​ទាំង​នេះ​ក្នុង​កម្រិត​មួយ​ជា​សាកល»។

ក្រុមហ៊ុន​សាខា​របស់​ក្រុមហ៊ុន Vingroup បាន​និយាយ​ថា ដោយសារ​តែ​ឥឡូវ​នេះ​ខ្លួន​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ជា​អន្តរជាតិ ខ្លួន​អាច​នឹង​បោះ​ជំហាន​ទៅ​មុខ​ដោយ​អភិវឌ្ឍ​កម្មវិធី​អ៊ីនធឺណិត​នានា​ដូចជា​កម្មវិធី​សុវត្ថិភាព​សម្រាប់​ឧបករណ៍​ដែល​មាន​ភ្ជាប់​អ៊ីនធឺណិត​ជា​ដើម។ ឧបករណ៍​ដែល​មាន​ភ្ជាប់​អ៊ីនធឺណិត​នេះ​អាច​មាន​ដូចជា​ម៉ាស៊ីន​កម្ដៅ​នំប៉័ង និង​ព្រីភ្លើង​ឆ្លាតវៃ​ជា​ដើម។

ឧបករណ៍​ភ្ជាប់​អ៊ីនធឺណិត​ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មិន​សូវ​មាន​សុវត្ថិភាព ដោយសារ​តែ​ឧបករណ៍​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ផលិត​ក្នុង​ចំនួន​ច្រើន និង​ក្នុង​តម្លៃ​ទាប ហើយ​មិន​មាន​លេខ​សម្ងាត់ ឬ​ក៏​ប្រើ​លេខ​សម្ងាត់​ដែល​កំណត់​ជា​មុន​ខ្សោយ ដែល​មេរោគ​អាច​ចូល​បាន​ដោយ​ងាយ​ស្រួល។

ក្រុមហ៊ុន VinCSS ក៏​មាន​បំណង​បង្កើត​អ្វី​ដែល​ខ្លួន​ហៅ​ថា «ប្រព័ន្ធ Zero Trust Platform» ដែល​មាន​ន័យ​ថា មិន​មាន​ការ​ទុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​ណា​ម្នាក់​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​ដែល​ទុក​ចិត្ត​លើ​អ្នក​ប្រើប្រាស់​ដែល​ជា​សមាជិក​រួច​ហើយ​នៃ​ស្ថាប័ន​ណា​មួយ​តែ​មួយ​រួម​គ្នា។

លោក Nguyen Phi Kha និយាយ​ដូច្នេះ​ថា៖ «ដោយសារ​យើង​មាន​ក្រុម​អ្នក​ជំនាញ​កម្រិត​ពិភពលោក នៅ​ពេល​ខាង​មុខ ក្រុមហ៊ុន VinCSS នឹង​បន្ត​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត»។

ការ​ប្រកាស​របស់​ក្រុមហ៊ុន VinCSS នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ក្រុមហ៊ុន Vingroup កំពុង​ដកថយ​ចេញ​ពី​អាជីវកម្ម​ផ្សេង​ទៀត ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Vingroup នេះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នោះ​ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ក្រុមហ៊ុន Vingroup ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​នឹង​បញ្ចូល​អាជីវកម្ម​ហាង​ទំនិញ​លក់​រាយ អាជីវកម្ម​លក់​ទំនិញ​តាម​អ៊ីនធឺណិត និង​អាជីវកម្ម​កសិកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន Masan ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ទៀត​របស់​ប្រទេស​វៀតណាម។ ការ​ដាក់​បញ្ចូល​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Vingroup មិន​សូវ​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​វិស័យ​ទាំង​នេះ។

ក្រុមហ៊ុន​ពហុ​អាជីវកម្ម​ដែល​បោះ​លក់​ភាគហ៊ុន​ជា​សាធារណៈ​មួយ​នេះ​មាន​មូលធន​ទីផ្សារ​ចំនួន ១៣ ពាន់ ៧ រយ​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ក៏​ដូចជា​ធ្វើ​ឱ្យ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​បុរស​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ៕

XS
SM
MD
LG