អាជ្ញាធរវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាលើកទី១នៅក្នុងរយៈពេលជិត២ខែ ដោយរកឃើញការឆ្លងថ្មី ៨៣ ករណី ដែលជាចំនួនឆ្លងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន។
អាជ្ញាធរព្រមានថា ការផ្ទុះលើកនេះអាចមានសភាពធ្ងន់ធ្ងរជាងលើកមុនៗ ហើយបានប្រញាប់ប្រញាល់ទប់ស្កាត់ការរាលដាលនេះ និងធ្វើតេស្តមនុស្សរាប់ម៉ឺននាក់។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការផ្ទុះរាតត្បាតដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក៏បង្កការរំខានដល់សមាជ ៥ឆ្នាំម្តង ក្នុងសប្តាហ៍នេះរបស់បក្សកុម្មុយនីស្តវៀតណាម ដែលកន្លងមកមានមោទនភាពចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ បាន។
ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា ១ករណីបានកើតឡើងលើបុគ្គលម្នាក់ដែលបានស្ថិតនៅក្បែរបុគ្គលម្នាក់ទៀតដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសជប៉ុន ឃើញប្រភេទវីរុសវិវត្តថ្មីនិងឆ្លងលឿនពីអង់គ្លេស B.1.1.7។
ករណីថ្មីទាំង ៨៣នេះ ត្រូវបានរកឃើញនៅខេត្ត Hai Duong និង ខេត្ត Quang Ninh នៅភាគខាងជើងប្រទេសជិតរដ្ឋធានីហាណូយ។ អាជ្ញាធរបានព្រមានថា ការផ្ទុះរាតត្បាតលើកនេះអាចឆ្លងដល់មនុស្សរហូតដល់ ៣ម៉ឺននាក់ទូទាំងប្រទេស។
ក្រសួងសុខាភិបាលបានស្នើឱ្យបិទជើងយន្តហោះចូលវៀណាម និងហាមការជួបប្រជុំគ្នាច្រើននៅមុនពិធីបុណ្យចូលឆ្នាំវៀតណាម នៅប្រមាណពីរសប្តាហ៍ទៀត។
កន្លងមកវៀតណាមបានបិទព្រំដែនរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព ហើយបានបញ្ចៀសការរាតត្បាតកាន់តែខ្លាំងឡើង ដែលត្រូវបានគេឃើញនៅបណ្តាប្រទេសជិតខាងខ្លួន។
កាលពីពេលមុន វៀតណាមបានរកឃើញការឆ្លងជាង ១.៥០០ករណី និងមនុស្សស្លាប់ចំនួន ៣៥នាក់។ ការរាតត្បាតចុងក្រោយបំផុតបានលេចចេញឡើងនៅក្នុងទីក្រុងដាណាង ភាគកណ្តាលកាលពីខែកក្កដា ឆ្នាំទៅ ហើយបានរាលដាលយ៉ាងរហ័សទៅកាន់តំបន់ភាគច្រើននៅក្នុងប្រទេស ដែលបាននាំឲ្យមានការស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកទី១។
លោក Nguyen Thanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅឯជំនួបក្នុងគ្រាអាសន្នមួយនៅខាងក្រៅសមាជគណបក្សកុម្មុយនីស្តវៀតណាមថា៖ «យើងគិតថា ការផ្ទុះនៅក្នុងខេត្ត Hai Duong នេះ នឹងមានសភាពអាក្រក់ជាងនៅក្នុងទីក្រុងដាណាង កាលពីមុនទៀត»។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងសន្យាថានឹងចាត់វិធានការបន្ទាន់ ដោយកោះហៅការប្រជុំនៅក្រៅសមាជបក្សកុម្មុយនីស្ត៕