ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ត្រៀម​នាំចេញ​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ ទៅ​បរទេស


បុគ្គលិក​ពេទ្យ​ម្នាក់​ពាក់​គ្រឿង​ការពារ​ខ្លួន​​ដើរ​កាត់​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​​រក​វីរុស​កូរ៉ូណា​ ដែល​បង្ហាញ​លទ្ធផល​​ក្នុង​រយៈពេល​ខ្លី នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​២០២០។REUTERS/Kham
បុគ្គលិក​ពេទ្យ​ម្នាក់​ពាក់​គ្រឿង​ការពារ​ខ្លួន​​ដើរ​កាត់​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​​រក​វីរុស​កូរ៉ូណា​ ដែល​បង្ហាញ​លទ្ធផល​​ក្នុង​រយៈពេល​ខ្លី នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​២០២០។REUTERS/Kham

ប្រហែល​មួយ​ខែ​មុន ប្រទេស​វៀតណាម​បាន​នាំ​ចូល​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ពី​ប្រទេស​កូរ៉េខាង​ត្បូង ហើយ​បាន​ធ្វើ​ការស្រាវជ្រាវ​ខាង​ការ​ធ្វើ​តេស្ត​ជាមួយ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ឧបករណ៍​ធ្វើ​តេស្ត​ផលិត​ក្នុង​ប្រទេស​ទៅ​ប្រទេស​ដែល​មាន​ជាង​ខ្លួន​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​វៀតណាម​អាច​ចំណេញ​ផ្នែក​ការទូត​បន្ថែម​ទៀត។

កន្លង​មក ប្រទេស​វៀតណាម​បាន​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​ជំងឺ​កូវីដ១៩​នេះ បាន​លឿន​ជាង​ប្រទេស​ភាគ​ច្រើន។

រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បញ្ជាក់​កាល​ពី​ចុង​ខែ​មេសា​ថា ឧបករណ៍​ធ្វើ​តេស្ត​របស់​វៀតណាម​បាន​ទទួល​ការ​យល់ព្រម​ពី​អង្គការ​សុខភាព​ពិភពលោក និង​ចក្រភព​អង់គ្លេស។

មន្ត្រី​រដ្ឋាភិបាល​វៀតណាម​និយាយ​ថា ប្រទេស​វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ៥ ដែល​ត្រៀម​រួចរាល់​ក្នុង​ការ​នាំចេញ​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ ទៅ​បរទេស ហើយ​កន្លង​មក បាន​ទទួល​ការបញ្ជា​ទិញ​ពី​ប្រទេស​ចំនួន ២០ រួច​មក​ហើយ ស្រប​ពេល​ដែល​ប្រទេស​ជា​ច្រើន​ប្រឹង​ប្រែង​ឲ្យ​បាន​ឧបករណ៍​ធ្វើ​តេស្ត​គ្រប់គ្រាន់។

កាល​ពី​ថ្ងៃ​អង្គារ​ទី ២៨ មេសា នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​សរសើរ​អ្នក​វិទ្យាសាស្ត្រ​និង​ក្រុមហ៊ុន​នានា ដែល​បាន​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​ទាំង​នេះ ដោយ​បាន​និយាយ​ថា ប្រទេស​វៀតណាម​មាន​ឧបករណ៍​ទាំង​នេះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ការ​ប្រើ​ក្នុង​ប្រទេស ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​វៀតណាម​មិន​អាច​នាំ​ចេញ​ទៅ​បរទេស​នោះ​ទេ។

លោក Nguyen Xuan Phuc បាននិយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​អំពី​ជំងឺ​កូវីដ១៩​ថា៖ «យើង​ត្រូវ​លើក​ទឹកចិត្ត​ក្រុមហ៊ុន​អាជីវកម្ម​នានា​ដែល​នាំ​ចេញ​ម៉ាស់ ថ្នាំ​ពេទ្យ និង​ប្រដាប់ប្រដា​វេជ្ជសាស្ត្រ​ទៅ​ក្រៅ​ប្រទេស ដោយ​ផ្តល់ឱ្យ​ពួក​គេ​នូវ​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​បំផុត»។

ប្រទេស​វៀតណាម​បានក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្ថានការណ៍​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ឆ្លើយតប​យ៉ាង​លឿន​របស់​ប្រទេស​នេះ​ចំពោះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ជា​មុន ការ​ដាក់​អ្នក​ជំងឺ​និង​អ្នក​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ពីគេ​ភ្លាមៗ និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ បាន​ជួយ​ធ្វើឱ្យ​ប្រទេស​នេះ​មានករណី​អ្នក​ឆ្លង​ជំងឺ​នេះ​តិចតួច។ គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​មេសា ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​ថា វៀតណាម​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន ២៦១.០០៤ នាក់​ហើយ។

ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ បានអនុញ្ញាត​ឱ្យ​ប្រទេស​វៀតណាមដែល​មាន​ទំហំ​សេដ្ឋកិច្ច​ជាង ២៥០ ពាន់​លាន​ដុល្លារ​នេះ បង្កើន​កិច្ចការ​ទូត​ដូចជា​ករណី​នាំ​ចេញ​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ នេះ​ជា​ដើម។

វៀតណាម​ក៏​បាន​ឧបត្ថម្ភ ឬ​ក៏​លក់​ម៉ាស់ និង​ប្រដាប់​ពាក់​ការពារ​ខ្លួន​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​ឱ្យ​ប្រទេស​មួយ​ចំនួន​ផង​ដែរ នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​បាន​ហាមប្រាម​មិន​ឱ្យ​នាំ​ចេញ​ឧបករណ៍វេជ្ជសាស្ត្រ​ទាំង​នេះ។ វៀតណាម​បានបង្វែរ​ការ​ផ្ដោត​របស់​ខ្លួន​ទៅលើ​ការ​ផលិត​ឧបករណ៍​ជួយ​ដក​ដង្ហើម និង​វ៉ាក់សាំង ដោយ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា​កន្លង​ទៅ​នេះ ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Vu Duc Dam បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩​នេះ។

ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖ «ការ​ស្រាវជ្រាវ និង​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​គឺ​ជា​កិច្ចការ​ដែល​តម្រូវ​ឱ្យមាន​ការ​សម្របសម្រួល​ពី​អង្គភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នានា​នៅក្នុង​វិស័យ​ផ្សេងៗ»។

បើ​យោង​តាម​ការិយាល័យ​គយ​នៅ​ក្នង​ទីក្រុង​ហូជីមិញ ប្រទេស​ដំបូងៗ​ដែល​វៀតណាម​នឹង​នាំ​ចេញ​ឧបករណ៍​ធ្វើ​តេស្ត​ទៅ មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ ហ្វាំងឡង់ ម៉ាឡេស៊ី និង​អ៊ុយក្រែន​ជា​ដើម។ ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​ថា វៀតណាម​បាន​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​ចម្បងៗ​ពីរ​ប្រភទ​ដែល​ប្រើ​ជា​អន្តរជាតិ សម្រាប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។

ឧបករណ៍​ធ្វើ​តេស្ត​ពីរ​ប្រភេទ​នោះ​គឺ ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រ​ការពារ ដើម្បី​រក​មើល​ថា​តើ​មនុស្ស​ម្នាក់​បាន​បង្កើត​អង់ទីគ័រ​ការពារ​ដើម្បី​ឆ្លើយបត​ទៅ​នឹង​វីរុស​នេះ​ដែរ​ឬ​ទេ និង​ឧបករណ៍​ធ្វើ​តេស្ត​មួយ​ទៀត ដែល​គេ​ហៅ​ថា​ការ​ធ្វើ​តេស្ត PCR គឺ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​មនុស្ស​ម្នាក់​មាន​ឆ្លង​វីរុស​នេះ​ឬ​ក៏​អត់។

លោក Doan Huu Thien ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​អំពី​ឧបករណ៍​ធ្វើ​តេស្ត​ទាំង​នេះ បាន​និយាយ​ថា៖ «លទ្ធផល​ខុស​ដែល​បង្ហាញ​អវិជ្ជមាន​មាន​ផល​ប៉ះពាល់​ដល់​សហគមន៍។ ដូច្នេះ​គោលដៅ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​គឺ​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​បែប​ជីវសាស្ត្រ​មួយ​ដែល​មានប្រសិទ្ធិភាព​ខ្ពស់។»

ទោះបីជា​វៀតណាម​មាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ក៏​ដោយ ក៍​ប្រទេស​នេះ​អាច​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​បាន ដោយសារតែ​ខ្លួន​មាន​បទ​ពិសោធន៍​ទូលំទូលាយ​លើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ព្យាបាល​ជំងឺ​ដែល​កើត​នៅ​តំបន់​ត្រូពិក និង​ជំងឺ​ឆ្លង។

ប្រទេស​វៀតណាម​មាន​ការិយាល័យ​ពីរ​របស់​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​ដែល​ហៅ​កាត់​ថា CDC ក៏​ដូចជា​មជ្ឈមណ្ឌល CDC របស់​ខ្លួន​ផ្ទាល់​ផង​ដែរ។ ក្រៅ​ពី​នេះ​ប្រទេស​នេះក៏​មាន​សាខា​មួយ​នៃ​ផ្នែក​ស្រាវជ្រាវ​ខាង​គ្លីនិក​នៃ​សាកលវិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស និង​សាខា​ជា​ច្រើន​ទៀត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​ជា​កេរ្តិ៍​ដំណែល​អាយុកាល​ជាង ១ រយ​ឆ្នាំ បន្សល់​ពី​សម័យ​អាណានិគម​បារាំង។

ប្រទេស​វៀតណាម​ក៏​បាន​ធ្វើ​ការ​ជិតដិត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ។ កាល​ពី​ជាង​ពីរ​ខែ​មុន អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​ឧបករណ៍​ផ្គត់ផ្គង់​ខាង​មន្ទីរ​ពិសោធន៍​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដែល​ឧបករណ៍​ទាំង​នេះ​រួមចំណែក​ដល់​ការ​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ នេះ។

លោក Kidong Park ដែលជា​អ្នក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ប្រទេស​វៀតណាម បាន​និយាយ​ថា៖ «តាម​រយៈ​ការ​វិនិយោគ​នេះ ឥឡូវ​នេះ ប្រទេស​វៀតណាម​មាន​ប្រព័ន្ធ​មន្ទីរ​ពិសោធន៍​ដ៏​ខ្លាំងក្លា​មួយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​តេស្ត​ម៉ូលេគុល​ជាន់​ខ្ពស់​ផង​ដែរ ដែល​ជា​អ្វី​ដែល​តម្រូវ​ឱ្យមាន​សម្រាប់​ការ​រក​ជំងឺ​កូវីដ១៩»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG