វាជារឿងធម្មតាដែលមនុស្សម្នាក់រងការចោទប្រកាន់ពីបទល្មើសអ្វីមួយមានសិទ្ធិទទួលបានមេធាវី ប៉ុន្តែចុះចំណែកជនរងគ្រោះនៅក្នុងបទល្មើសដែលត្រូវបានគេចោទប្រកាន់វិញ? សំណួរនេះត្រូវបានគេលើកឡើងនៅក្នុងប្រទេសវៀតណាម។ ឥឡូវសំណួរនេះត្រូវបានឆ្លើយតាមរយៈបទបញ្ញត្តិមួយដែលធានាសិទ្ធិទទួលបានការតំណាងស្របច្បាប់ដល់ជនរងគ្រោះ។
បទបញ្ញត្តិដែលក្នុងនោះមានសារាចរណែនាំលេខ៤៦ អាចមានប្រយោជន៍ដល់ជនរងគ្រោះនៃការជួញដូរ និងការរំលោភបំពាន នេះបើយោងតាមអង្គការមូលនិធិកុមារ Blue Dragon ដែលធ្វើការលើបញ្ហាទាំងនេះ និងបានធ្វើការជាមួយនឹងរដ្ឋាភិបាលលើសារាចរណែនាំនេះ។ ការពិភាក្សានានាទាក់ទងនឹងបទបញ្ញត្តិនេះត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែសារាចរនេះកាន់តែមានសារៈសំខាន់ ដោយសារតែពេលនេះការស្លាប់របស់ពលរដ្ឋវៀតណាមចំនួន៣៩នាក់នៅក្នុងរថយន្តកុងតឺណឺនៅចក្រភពអង់គ្លេស បានធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើការជួញដូរមនុស្ស។
សារៈសំខាន់នៃការផ្លាស់ប្តូរផ្នែកច្បាប់នេះ គឺដើម្បីកាត់បន្ថយការភ័ន្តច្រឡំថា តើជនរងគ្រោះអាចមានមេធាវីរបស់ពួកគេតំណាងឲ្យពួកគេដែរ ឬ យ៉ាងណា។
លោក Michael Brosowski ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់អង្គការ Blue Dragon បាននិយាយនៅក្នុងសារអេឡិចត្រូនិច ឬ អ៊ីមែលថា «ខណៈដែលច្បាប់នៅមានចន្លោះប្រហោង សារាចរណែនាំនេះធានាថា ជនរងគ្រោះនៃការជួញដូរ ការរំលោភបំពាន និងបទល្មើសផ្សេងទៀត ទទួលបានការការពារផ្លូវច្បាប់ជាមូលដ្ឋានរបស់ពួកគេ។ លើសពីនេះ ការចេញសារាចរណែនាំនេះធានាថា មន្ត្រីគ្រប់រូបដែលធ្វើការនៅក្នុងផ្នែកនោះ ដឹងពីតួនាទីរបស់មេធាវីសម្រាប់ជនរងគ្រោះនៃបទល្មើស»។
នៅមុនពេលដែលសារាចរណែនាំនេះចូលជាធរមាននៅក្នុងខែតុលា បញ្ហាគឺថា ប៉ូលិសអាចស្ថិតនៅចំកណ្តាលនៃការស៊ើបអង្កេតនៃបទល្មើសដែលត្រូវបានចោទប្រកាន់ ប៉ុន្តែពួកគេនឹងមិនប្រាកដពីឋានៈផ្លូវច្បាប់ ឬតួនាទីផ្លូវច្បាប់អ្វីដែលជនរងគ្រោះអាចមាននៅក្នុងដំណើរការស៊ើបអង្កេតនោះទេ។ សារាចរណែនាំនេះធ្វើឲ្យមានភាពច្បាស់លាស់ថា ជនរងគ្រោះ និងមេធាវីរបស់ពួកគេអាចចូលរួមបាន ដូច្នេះប៉ូលិសមិនចាំបាច់បារម្ភថាតើពួកគេបានធ្វើតាមនីតិវិធីត្រឹមត្រូវឬក៏អត់នោះទេ ប្រសិនបើពួកគេអនុញ្ញាតឲ្យជនរងគ្រោះ និងមេធាវីចូលរួមក្នុងដំណើរការស៊ើបអង្កេតនោះ។ សារាចរណែនាំនេះដើរតួជាឯកសារច្បាស់លាស់ដែលពួកគេអាចប្រើប្រាស់ នៅក្នុងគ្រប់ដំណាក់កាលនៃការស៊ើបអង្កេត។
ក្រសួងសន្តិសុខសាធារណៈបានចេញផ្សាយបទបញ្ញត្តិនេះ ហើយវាមានចែងពីនីតិវិធីផ្លូវការដែលជនរងគ្រោះ និងមេធាវីរបស់ពួកគេគួរតែគោរពតាម រួមទាំងការចុះបញ្ជីជាមួយនឹងអាជ្ញាធរ បំពេញឯកសារចាំបាច់នានា និងការបង្ហាញអត្តសញ្ញាណ។ ការណ៍នេះធ្វើឲ្យពួកគេមានឋានៈផ្លូវច្បាប់ច្បាស់លាស់នៅក្នុងដំណើរការស៊ើបអង្កេត។
អង្គការ Blue Dragon ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ ផ្តោតជាពិសេសលើក្មេងអនាថាដែលរស់នៅតាមចញ្ចើមផ្លូវ និងមនុស្សវ័យក្មេងផ្សេងៗទៀត ដែលងាយរងគ្រោះដោយការរំលោភបំពាន រួមទាំងការជួញដូរផ្លូវភេទផងដែរ។
ការងាររបស់ពួកគេមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងព័ត៌មាននៅក្នុងខែតុលាដែលផ្សាយថាប៉ូលិសអង់គ្លេសបានរកឃើញសាកសពរបស់មនុស្ស៣៩នាក់នៅក្នុងរថយន្តកុងតឺណឺ និងត្រូវបានគេជឿថា បានថប់ដង្ហើមស្លាប់បន្ទាប់ពីពួកគេត្រូវបានគេជួញដូរចេញពីប្រទេសវៀតណាម នោះទេ។ ទោះជាយ៉ាងនេះក្តី សាកសពទាំងនោះបានធ្វើឲ្យកម្រិតនៃការយល់ដឹងជាសាធារណៈអំពីការជួញដូរមនុស្ស ជាទូទៅមានការកើនឡើង។
ចាប់តាំងពីពេលដែលជនរងគ្រោះទាំងនោះត្រូវបានគេរកឃើញ ប៉ូលិសវៀតណាម និងអង់គ្លេសបានធ្វើការជាមួយគ្នាលើការស៊ើបអង្កេតមួយ រួមទាំងបានចាប់ខ្លួនជនសង្ស័យមួយចំនួននៅក្នុងប្រទេសទាំងពីរ។ ប្រទេសវៀតណាមក៏បានប្រកាសពីការចាប់ខ្លួននៅក្នុងការស៊ើបអង្កេតការជួញដូរមនុស្សដែលត្រូវបានគេចោទប្រកាន់ផ្សេងទៀត ដែលមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងករណីក្នុងចក្រភពអង់គ្លេសផងដែរ។ ជនរងគ្រោះដែលប្រឈមមុខខ្លាំងនៅក្នុងសំណុំរឿងទាំងនេះ គឺមានរួមទាំងអ្នកដែលនឹងត្រឡប់មកប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗនេះ នឹងមានសិទ្ធិថ្មីក្នុងការទទួលបានមេធាវីផងដែរ នេះបើយោងតាមសារាចរណែនាំលេខ៤៦។
ក្នុងចំណោមជនចំណាកស្រុកនៅអាស៊ី ជនជាតិវៀតណាមបង់ថ្លៃខ្ពស់ជាងគេដល់មេខ្យល់ ហើយចំនួនជនចំណាកស្រុកកំពុងកើនឡើង នេះបើយោងតាមអង្គការពលកម្មអន្តរជាតិនៅក្នុងប្រទេសវៀតណាម។ អង្គការពលកម្មអន្តរជាតិផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យសហការដើម្បីធានាឲ្យមានបណ្តាញសុវត្ថិភាពសម្រាប់ការធ្វើចំណាកស្រុក ដូច្នេះប្រជាពលរដ្ឋ មិនចាំបាច់ងាកទៅរកឈ្មួញកណ្តាលដោយត្រូវប្រឈមនឹងភាពប្រថុយប្រថាននោះទេ។ អ្នកតស៊ូមតិសម្រាប់ជនរងគ្រោះនិយាយថា ជនចំណាកស្រុក នៅតែប្រើប្រាស់បណ្តាញគ្មានសុវត្ថិភាពនេះ ព្រោះថាសាកលភាវូបនីយកម្ម បានបង្កើតការងារកាន់តែច្រើននៅតាមកន្លែងនានាជាច្រើនទៀត។
ទោះជាយ៉ាងនេះក្តី គ្រាដែលសាកលភាវូបនីយកម្មបានធ្វើឲ្យលំហូរក្រុមហ៊ុននិងមូលធនឆ្លងកាត់ព្រំដែននោះ វាមិនបានធ្វើឲ្យពលករឆ្លងកាត់ព្រំដែនបានដោយងាយនោះទេ ដែលជាហេតុជំរុញពួកគេឱ្យធ្លាក់ចូលទៅក្នុងការជួញដូរមនុស្ស៕