ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​​វៀតណាម​ស្នើ​ឲ្យ​ប្រទេស​អាស៊ី​ដទៃ​ជួយ​កម្ចាត់​ព័ត៌មាន​ក្លែងក្លាយ


បុរស​ពីរ​នាក់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​ដែល​ព្រមាន​ពី​ការ​ចែកចាយ​ព័ត៌មាន​ប្រឌិត​លើ​អ៊ីនធឺណិត​អំពី​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
បុរស​ពីរ​នាក់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​ដែល​ព្រមាន​ពី​ការ​ចែកចាយ​ព័ត៌មាន​ប្រឌិត​លើ​អ៊ីនធឺណិត​អំពី​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ការ​កើនឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ​នៅ​ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺកូវីដ១៩ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ក្នុង​តំបន់​ពិចារណា​បង្កើតវិធានការ​បង្ក្រាប​ថ្នាក់​តំបន់ បន្ទាប់​ពី​មាន​ការ​ស្នើ​ពី​មន្ត្រី​សន្តិសុខ​វៀតណាម។

កាល​ពី​ថ្ងៃទី ២៥ ខែកញ្ញា មន្ត្រី​វៀតណាម​ម្នាក់​បាន​និយាយ​នៅ​ពេល​ជួប​ជាមួយមន្ត្រី​ដទៃ​ទៀត​មក​ពី​ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍​ថា ស្ថាប័ន​ប៉ូលិស​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០ ដែល​តំណាង​ឱ្យ​ប្រជាជន​សរុប​ប្រមាណ ៦៥០លាននាក់ រាប់​ចាប់​តាំង​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដល់​ប្រទេស​ហ្វីលីពីន គួរ​តែ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​បញ្ឈប់ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចំណោម​បទឧក្រិដ្ឋ​ឆ្លង​ព្រំដែន​ផ្សេងៗ។

លោក Harris Zainul អ្នកវិភាគ​នៅ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​និងសិក្សាអន្តរជាតិ​ម៉ាឡេស៊ី​និយាយ​ថា៖«ខ្ញុំ​គិត​ថា បញ្ហា​នេះ​គឺ​ជា​អ្វី​ដែល​អាស៊ាន​កំពុង​តាមដាន ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​របស់​ប្រទេស​វៀតណាម​នា​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​ស្ថានភាព​រាតត្បាតនៃ​ជំងឺ​កូវីដ១៩ និង​ការ​រាតត្បាត​នៃ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​នេះ»។

លោក Harris Zainul ថ្លែង​បន្ត​ថា៖ «យើង​ដឹងថា​មាន​ព័ត៌មាន​មិន​ពិត​កើនឡើងទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ចាប់​តាំង​ពី​ពេល​ដែល​ការ​រាត​ត្បាត​ចាប់​ផ្តើម​កើត​មាន​ឡើង និង​បាន​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍ ដូច្នេះ​ការ​អំពាវនាវ​របស់​វៀតណាម​គួរ​ត្រូវយក​មក​ពិចារណា»។

លោក Nguyen Thanh Son ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ការបរទេស​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ប្រាប់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ពី​តំបន់​អាស៊ី​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែនថា ប្រទេស​ជា​សមាជិក​ប្លុក​នេះ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ​ក្នុង​ឆ្នាំ២០១៤ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បណ្តាញ​សារព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សង្គម ហើយ៤ឆ្នាំ​ក្រោយ​មក​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​មួយ​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ។

ប្រជាជន​វៀតណាម​ពាក់​ម៉ាស់​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
ប្រជាជន​វៀតណាម​ពាក់​ម៉ាស់​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

យោងតាម​របាយការណ៍​នានា​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអាស៊ី លោក Nguyen ថា​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ ជា​មូលហេតុ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត។

ក្នុង​ករណី​មួយ​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ ប៉ូលីស​ហ្វីលីពីន​បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​កាល​ពី​ខែ​មេសា បន្ទាប់​ពី​ស្ត្រី​រូប​នោះបាន​និយាយ​ថា នៅ​ផ្នែក​មួយ​នៃ​ខេត្ត​មួយ​មាន​ករណី​ឆ្លង​វីរុសកូរ៉ូណា​ចំនួន ៩០០០ ករណី នៅ​ពេល​ដែល​ការ​ឆ្លង​ជាក់ស្តែង​ក្នុង​ពេល​នោះ​មាន​តែ​ជាង ៦២០០ ករណី នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ។

លោក Henelito Sevilla សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​មាន​ប្រសាសន៍ថា៖ «ក្នុង​រូបភាព​មើល​ទៅ​ដូច​ព័ត៌មាន​ពិត ព័ត៌មាន​ក្លែងក្លាយ​អាច​ទៅ​ដល់​ប្រជាជន​ហ្វីលីពីន​គ្រប់​រូប​ដោយ​ផ្ទាល់ ដោយ​គ្រាន់​តែ​ចុច​លើ​ហ្វេសប៊ុក ហើយ​នៅ​ទី​បំផុត​ធ្វើ​ឱ្យ​ប្រជាជន​ហ្វីលីពីន​ជឿ​ថា​ជា​ព័ត៌មាន​ពិត​ ដោយ​មិន​បាន​ពិនិត្យ​មើល​ថា​តើ​ព័ត៌មាន​នោះ​មក​ពី​ប្រភព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ឬ​ក៏​អត់។ ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ជា​ពិសេស​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅពេល​ព័ត៌មាន​ទាំង​នោះ​បង្ហាញ​ព័ត៌មានមិន​ត្រឹមត្រូវ។

នៅ​ក្នុង​ករណី​មួយ​ផ្សេង​ទៀត​សម្រាប់​តំបន់​អាស៊ាន រដ្ឋាភិបាល​សិង្ហបុរី​បានអះអាង​នៅ​ក្នុង​ខែ​មេសា​តាមរយៈ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា ​ពាក្យ​ចចាមអារាម​ថា​បណ្តា​ផ្សារ​ទំនើប​ក្នុងប្រទេស​នឹង​រឹត​ត្បិត​ការ​ចូល​ដោយ​ផ្អែក​លើ​លេខ​អត្តសញ្ញាណប័ណ្ណ​របស់​អតិថិជននោះ​ថា​ ជារឿង«មិនពិត»។ គេហទំព័រ​នេះ​ដាក់​បង្ហាញព័ត៌មាន​ក្លែងក្លាយ​ជា​បន្ត​បន្ទាប់​ តែ​ក្រោយ​មក​មាន​ការកែ​តម្រូវ។

លោក​ James Gomez នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ Asia Centre ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​បាន​និយាយ​ថា ជា​ធម្មតា​បណ្តា​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តបតព័ត៌មាន​ខាង​វេជ្ជសាស្ត្រ​មិន​ពិត ដោយ​ចេញ​ផ្យាញ​ព័ត៌មាន​ត្រឹមត្រូវ​ឬ​ «បង្កើន​ចំណេះដឹង​សារព័ត៌មាន»។ ប៉ុន្តែនៅពេលដែល​រដ្ឋាភិបាល​ទាំង​នោះ​ត្រូវ​បាន​គេរិះ​គន់ ​ពួកគេ​មាន​ទំនោរ​វាយ​ប្រហារប្រភព​ព័ត៌មាន​វិញ។

លោក​ James Gomez និយាយថា៖ «រដ្ឋាភិបាល​ប្រទេស​អាស៊ីអាគ្នេយ៍ ប្រើ​ច្បាប់​បណ្តោះ​អាសន្ន​ឬ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​ស្រាប់នានា ​នៅ​ពេល​ដែល​ពួកគេ​ចង់​ចាប់​ក្រុម​អ្នក​រិះគន់ ជាពិសេស​អ្នក​ដែល​រិះគន់ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ផ្សេងៗ​ក្នុង​ការ​ឆ្លើយ​តប​លើ​បញ្ហា​ជំងឺ​កូវីដ១៩»។

លោក Herman Kraft សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ហ្វីលីពីន​ក្នុង​ទីក្រុង Diliman និយាយថា នៅ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ដូចជា ប្រទេស​ហ្វីលីពីន ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំងព័ត៌មាន​ក្លែងក្លាយ​បង្ក​ហានិភ័យ​នៃ​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ។ យ៉ាង​ណា​ក្តី​ លោក​បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Rodrigo Duterte នឹង​ទំនោរ​ប្រើ​ប្រាស់​យន្ត​ការ​អនុវត្ត​ច្បាប់​ថ្មី​ណា​មួយ​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់។

លោក Herman Kraft និយាយថា៖ «ប្រសិន​បើ​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្លាយ​ជា​វិធានការ​របស់​អាស៊ាន​មែន​ នោះ​មាន​ន័យ​ថា​ជា​ការ​ចាត់​វិធានការ​យក​ព័ត៌មាន​ក្លែងក្លាយជា​លេស ដើម្បី​ប្រឆាំង​គំនិត​នានា​លើ​បណ្តាញ​សង្គម​ឬ​សារព័ត៌មាន​ប្រឆាំង​ដែល​មាន​លក្ខណៈ​សេរីនិយម ជាពិសេស​នៅប្រទេសប្រទេស​ហ្វីលីពីន​នេះ។ (ដំណើរការនេះ) គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ប្រហែល​ជា​ចាប់​អារម្មណ៍​»។

លោក Harris Zainul និយាយ​ថា ព័ត៌មាន​ក្លែងក្លាយ​ជា​ធម្មតាគឺ​ជា​បញ្ហា​ក្នុង​ស្រុក​ជាជាង​បញ្ហា​ឆ្លង​ព្រំដែន។ ប៉ុន្តែ​ប្រសិន​បើ​មេដឹកនាំ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ធ្វើតាម​គំនិត​របស់​វៀតណាម ពួកគេ​អាច​បង្កើត​បញ្ជី​គោលការណ៍​រួមមួយ​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំងអស់ឲ្យ​អនុវត្ត​តាម។ ភាគី​ទាំងអស់​អាច​បង្កើន​ការ​ចែក​រំលែក​ព័ត៌មាន​ពី​ប្រទេស​មួយ​ដែល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ទៀត​បាន។

លោក Alan Chong សាស្ត្រា​ចារ្យនៅ​សាលា​សិក្សា​អន្តរជាតិ S. Rajaratnam នៅ ប្រទេស​សិង្ហបុរី​មាន​ប្រសាសន៍​ថា ប្រទេស​សិង្ហបូរី​ ថៃ និង​វៀតណាម​នឹង​ជា​ប្រទេស​ដែល​ចាប់​អារម្មណ៍​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង ១០។ លោកបន្ត​ថា ជា​ពិសេស​ប្រទេស​វៀតណាម​ដែល​ពឹង​ផ្អែក​ខ្លាំង​លើភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន។ ការបញ្ចេញ​មតិ​ដោយ​សេរី​មិន​ត្រូវ​បាន​ការពារ​ដោយ​ស្របច្បាប់​ទេ ប៉ុន្តែ​មន្ត្រី​វៀតណាម​ដែល​គិត​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កម្រ​នឹង​បិត​គេហទំព័រ​នានា​ណាស់។

លោក Alan Chong ពន្យល់​ថា៖ «វា​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​សរសេរ​ប្លុក​និង​បណ្តាញ​សង្គម​ដែល​កំពុង​កើត​ឡើង​នៅ​វៀតណាម ​ពី​ព្រោះ​បណ្តាញ​សង្គម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិទ្ធង្សនា​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​និងសិទ្ធិ​អំណាច​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម»៕

ប្រែសម្រួល​ដោយលោក ចាប ចិត្រា

XS
SM
MD
LG