ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ជម្លៀស​មនុស្ស​៥ម៉ឺន៩ពាន់​នាក់​ពេល​ដែលទឹក​ជំនន់​ដោយ​ព្យុះ​សង្ឃរា​បាន​សម្លាប់​មនុស្ស​១២៧នាក់


បុរស​ម្នាក់​ដើរ​កាត់ទឹក​ជំនន់​នៅក្រៅផ្ទះរបស់​ខ្លួន​ក្នុង​ខេត្ត Thai Nguyen​ កាលពីថ្ងៃទី​១០ កញ្ញា ឆ្នាំ២០២៤។
បុរស​ម្នាក់​ដើរ​កាត់ទឹក​ជំនន់​នៅក្រៅផ្ទះរបស់​ខ្លួន​ក្នុង​ខេត្ត Thai Nguyen​ កាលពីថ្ងៃទី​១០ កញ្ញា ឆ្នាំ២០២៤។

មនុស្ស​រាប់​ពាន់​នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅពេល​ដែល​ទឹក​ជំនន់​ដ៏​ធំ​បាន​ធ្វើ​ឱ្យ​លិចលង់​តំបន់​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​បន្ទាប់ពី​ព្យុះ​សង្ឃរា Yagi ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់១២៧នាក់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព្យុះ​សង្ឃរា Yagi បាន​បក់បោក​កាលពី​ថ្ងៃ​សប្តាហ៍​មុន​ដែល​ធ្វើ​ឱ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង​ដែល​មាន​ល្បឿន១៤៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​ការធ្លាក់​ភ្លៀងយ៉ាង​ខ្លាំង​បាន​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​ឃើញ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។ នេះ​បើ​តាម​ពួក​អ្នក​ស្រុក។

មនុស្ស​ជាង៥ម៉ឺន៩ពាន់​នាក់​បាន​ត្រូវ​គេ​បង្ខំ​ឱ្យ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត Yen Bai បន្ទាប់ពី​ទឹក​ជំនន់​ដែល​បាន​លិចលង់​ផ្ទះ​សម្បែង​ជិត១ម៉ឺន៨ពាន់​ខ្នង។ នេះ​បើ​តាម​ពួក​អាជ្ញាធរ​មូលដ្ឋាន។

ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ហាណូយ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​ឃើញចាប់តាំង​ពី​ឆ្នាំ២០០៨មក។ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​រដ្ឋ​ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់​ខ្ពស់​មូលដ្ឋាន​ម្នាក់​ហើយ​ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមានទឹក​ជំនន់​កាន់​តែ​ខ្លាំង​ឡើង​ដែល​ត្រូវ​គេ​រំពឹង​ថានឹង​កើតឡើង​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រនេះ។

អ្នក​ស្រី Phan Thi Tuyet អាយុ៥០ឆ្នាំ​ដែល​រស់​នៅ​ជិត​ទន្លេរ​ក្រហម​ដែល​លិចលង់​ហើយ​ហូរ​កាត់​តាម​រដ្ឋធានី​ក្នុង​ល្បឿន​លឿន​នេះ​បាន​និយាយ​ថា​អ្នក​ស្រី​មិន​ដែល​បាន​ឃើញ​ទឹក​ខ្ពស់​បែប​នេះ​ទេ។

«ខ្ញុំ​បាន​បាត់បង់​អ្វីៗ​ទាំង​អស់»។ អ្នក​ស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​កំពុង​ឱប​ឆ្កែ២ក្បាល​របស់​អ្នក​ស្រី​នៅពេល​ដែល​អ្នក​ស្រី​ត្រូវ​បាន​ជម្លៀស​ដោយ​ទូក រួម​ជាមួយ​អ្នក​ស្រុក​ផ្សេង​ទៀត​ដែល​ផ្ទះ​របស់​ពួកគេ​បាន​ជន់លិច។

ព្យុះ​សង្ឃរា​នៅ​ក្នុង​តំបន់​កំពុង​បក់បោកខិត​កាន់តែ​ជិត​ទៅ​នឹង​ឆ្នេរ​សមុទ្រ ដែល​កំពុង​មាន​ល្បឿន​កាន់តែ​លឿន​ឡើង​ហើយ​និង​បក់បោក​នៅ​លើ​ដីគោក​រយៈពេល​កាន់តែ​យូរ​បណ្តាល​មកពីការប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការសិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​កក្កដា។

ព្យុះ​សង្ឃរា Yagi បាន​បំផ្លាញ​ស្ពាន ហែកច្រៀក​ដំបូលអាគារ ធ្វើ​ឱ្យ​ខូចខាត​រោងចក្រ​និង​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​និង​ការបាក់​ដីយ៉ាង​ខ្លាំង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗពី​ចំនួន​មនុស្ស​ស្លាប់​ដល់១២៧នាក់​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៥៤នាក់​ដែរ​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ដោយសារ​ព្យុះ​សង្ឃរា​នោះ។

ពួក​អាជ្ញាធរ​ក្រុងហាណូយ​បាន​និយាយ​ថា​ដើម​ឈើ​ជាង២ម៉ឺន៥ពាន់​ដើម​បាន​ដួលរ​លំ​ដោយ​សារ​ព្យុះ​សង្ឃរា​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG