ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ Yagi នៅ​វៀតណាម​កើន​ដល់​យ៉ាង​តិច ៥៩ នាក់


ទិដ្ឋភាពនៃទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi នៅខេត្ត Bac Giang ប្រទេសវៀតណាម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ទិដ្ឋភាពនៃទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi នៅខេត្ត Bac Giang ប្រទេសវៀតណាម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ប្រទេស​វៀតណាម​ដោយសារ​ខ្យល់ព្យុះ​ទីហ្វុង Yagi បាន​កើន​ដល់ ៥៩ នាក់​ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ។

អ្នក​ឧតុនិយមវិទ្យា​ថា ខ្យល់ព្យុះ Yagi នេះ​គឺជា​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំងក្លា​បំផុត​ដែល​បក់បោក​ចំ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​នៅក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ។ ខ្យល់ព្យុះ​នេះ​បាន​បោក​បំបាក់​ស្ពាន បំប៉ើង​ដំបូល​អគារ និង​បំផ្លិចបំផ្លាញ​រោងចក្រ​នានា បន្ទាប់ពី​បាន​បក់បោក​មក​ដល់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្នុង​កម្លាំង​ខ្យល់​លើស ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ការ​ដាច់​ចរន្ត​អគ្គិសនី​ដែល​បណ្ដាល​មកពី​ខ្យល់ព្យុះ​នេះ​បាន​បង្អាក់​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​នានា​នៅ​ភាគ​ខាង​ជើង​វៀតណាម ដែល​ជា​មណ្ឌល​ផលិតកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​សាកលលោក​នានា​ដូចជា Samsung និង Foxconn ជាដើម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា ខ្យល់ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស ៥៩ នាក់​នៅក្នុង​ប្រទេស ដោយ​មនុស្ស ៤៤ នាក់​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​ដោយសារ​ជំនន់​បាក់ដី​និង​ជំនន់​គំហុក។

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស ២៤៧ នាក់​បាន​រង​របួស​ដោយសារ​ខ្យល់ព្យុះ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG