ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបោកបក់ចំភាគកណ្ដាលប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ឥឡូវនេះ បានកើនដល់ជាង ២០០នាក់ហើយ ដោយមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ ហើយតំបន់ជាច្រើនកំពុងអំពាវនាវសុំជំនួយម្ហូបអាហារ និងទឹកបរិភោគ។
អាជ្ញាធរហ្វីលីពីនបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា យ៉ាងហោចណាស់មានមនុស្ស ២០៨ នាក់ បានស្លាប់ មនុស្ស ៥២ នាក់ កំពុងបាត់ខ្លួន ហើយមនុស្ស ២៣៩ នាក់ទៀត បានរងរបួសដោយសារខ្យល់ព្យុះទីហ្វុង Rai នេះ។
ចំនួនមនុស្សស្លាប់ រងរបួស និងបាត់ខ្លួនទាំងនេះ ត្រូវគេរំពឹងថា នឹងកើនឡើងថែមទៀត ដោយសារតែអាជ្ញាធរ នៅមិនទាន់អាចទាក់ទង ឬចូលទៅដល់តំបន់និងភូមិជាច្រើនកន្លែងទៀតដែលរងគ្រោះដោយសារខ្យល់ព្យុះនេះ ដោយសារតែខ្សែទំនាក់ទំនង ចរន្តអគ្គិសនី និងផ្លូវនានា ត្រូវបានកាត់ផ្ដាច់ ឬបង្អាក់។
ខ្យល់ព្យុះទីហ្វុង Rai នេះ មានល្បឿន ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះបោកបក់រហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលវាថមថយឥទ្ធិពលបក់ឆ្ពោះទៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុន។
មនុស្សប្រមាណជាង ៧០០.០០០ នាក់ ក្នុងបណ្តាខេត្តភាគកណ្តាលប្រទេសហ្វីលីពីនបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ដែលក្នុងនោះមនុស្សជាង ៤០០.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើដំណើរទៅកាន់ខេត្ត Cebu និងខេត្ត Bohol កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកសម្រាប់អ្នកភូមិដែលទទួលរងការប៉ះពាល់ដោយសារខ្យល់ព្យុះនេះ៕