ប្រទេសវៀតណាមបានអនុម័តបទបញ្ញត្តិថ្មីមួយដែលចែងលម្អិតអំពីការហាមឃាត់ប្រឆាំងនឹងការប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីអាកប្បកិរិយារបស់មន្ត្រីរដ្ឋាភិបាល និងការសូកប៉ាន់តាមការផ្ដល់ជូនកន្ត្រកផ្លែឈើជាដើម។
អនុក្រឹត្យលេខ59/2019/ND-CP តម្រូវឲ្យមន្ត្រីរដ្ឋការទាំងអស់រាយការណ៍អំពីអំណោយគ្រប់បែបយ៉ាងរួមទាំងអំណោយតូចតាច និងអំពីទំនាក់ទំនងរបស់ពួកគេជាមួយអ្នកផ្ដល់អំណោយ ក៏ដូចជាតម្រូវឲ្យមន្ត្រីរដ្ឋការសាធារណៈបដិសេធទទួល «អំណោយមិនសមរម្យ» ដែលជាពាក្យមិនទាន់ត្រូវបានគេឲ្យនិយមន័យនៅឡើយទេ តែវាសំដៅទៅលើការសូកប៉ាន់។
ក្រុមហ៊ុនច្បាប់មួយឈ្មោះថា Baker & McKenzie Vietnam បានកត់សម្គាល់ថា កាលពីមុនគឺធ្លាប់មានការកំណត់ឲ្យទទួលយកអំណោយត្រឹមតម្លៃ ៥០ម៉ឺនដុង ឬក្រោម ២០ដុល្លារអាមេរិក ដែលពុំតម្រូវឲ្យមន្ត្រីរដ្ឋការរាយការណ៍នោះទេ។ អំណោយជាទូទៅត្រូវបានគេផ្ដល់ជូននៅក្នុងឱកាសមួយចំនួនដូចជាអាពាហ៍ពិពាហ៍ បុណ្យសព និងថ្ងៃឈប់សម្រាកសាធារណៈជាដើម ក៏មិនចាំបាច់រាយការណ៍។ អនុក្រឹត្យថ្មីនេះ បានលុបចោលការលើកលែងខាងលើនេះ។
ក្រុមហ៊ុននេះបានឲ្យដឹងថា នៅក្នុងសេចក្ដីសង្ខេបនៃអនុក្រឹត្យនេះមានការចែងថា៖ «ឥឡូវនេះមន្ត្រីរដ្ឋការសាធារណៈត្រូវតែរាយការណ៍រាល់អំណោយទាំងអស់ដែលទទួលបានក្នុងគោលបំណងមិនសមរម្យ មិនថាអំណោយនោះមានតម្លៃប៉ុន្មាននោះទេ»។
វិធានការនេះគឺជាផ្លាស់ប្ដូរថ្មីបំផុតដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងថ្មីៗរបស់ប្រទេសដើម្បីកម្ចាត់អំពើពុករលួយ មិនខុសគ្នាទៅនឹងយុទ្ធនាការកម្ចាត់អំពើពុករលួយនៅប្រទេសជិតខាងគឺ ប្រទេសចិនដែលដឹកនាំដោយលោកប្រធានាធិបតី ស៊ីជីនពីងឡើយ។ កន្លងមកនេះ ប្រទេសវៀតណាមបានចាប់ធនាគារិក មន្ត្រីសាលាក្រុង និងនាយកប្រតិបត្តិក្រុមហ៊ុនប្រេងដាក់ពន្ធនាគាររួចមកហើយ។ ឥឡូវនេះវៀតណាមកំពុងតែផ្ដោតលើគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចដែលក្នុងខែកញ្ញាបានអនុម័តច្បាប់មួយទៀតគឺសេចក្ដីសម្រេចលេខ ២០៥ ដើម្បីហាមឃាត់ការបង់ប្រាក់ដើម្បីឡើងដំណែង។
លោក Carl Thayer អ្នកវិភាគ និងសាស្ត្រាចារ្យខាងនយោបាយនៅឯសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បានទស្សន៍ទាយថានឹងមានអាទិភាពបី នៅពេលដែលមានការប្រជុំគណៈកម្មការកណ្ដាលរបស់បក្សនៅក្នុងខែតុលានេះ ដែលនឹងផ្ដោតលើការរៀបចំធ្វើសមាជបក្សលើកក្រោយ គោលនយោបាយការបរទេស និងការប្រឆាំងអំពើពុករលួយ។
លោក Thayer បាននិយាយថា៖ «អគ្គលេខាធិការបក្ស លោក Nguyen Phu Trong កំពុងអនុវត្តយុទ្ធសាស្ត្រយ៉ាងជាប់លាប់ និងតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណ យុទ្ធសាស្ត្រស្នូលនៃកម្មាភិបាលដែលមិនពុករលួយ និងការតែងតាំងតំណែងមន្ត្រីថ្នាក់កំពូល បន្ទាប់ពីសមាជថ្នាក់ជាតិលើកទី១៩ របស់គណបក្សកុម្មុយនិស្ត ដែលគ្រោងនឹងធ្វើឡើងនៅត្រីមាសទី១ ឆ្នាំ២០២១។»
លោក Thayer បន្តថា៖ ឧទាហរណ៍គណបក្សកុម្មុយនិស្ត វៀតណាមបានយល់ព្រមលើបញ្ជីមួយដែលសមាជិកគណបក្សមិនអាចធ្វើបានរួចទៅហើយ។ សេចក្ដីសម្រេចលេខ ២០៥ មានគោលបំណងកាត់បន្ថយ ការរីករាលដាលនៃការអនុវត្តសូកប៉ាន់ឡើងតំណែង ឬយកតួនាទីណាមួយ»។
ឲអង្គការតម្លាភាពអន្តរជាតិបានផ្ដល់ចំណាត់ថ្នាក់ទី ១១៧ ក្នុងចំណោមប្រទេស ១៨០ ដល់ប្រទេសវៀតណាមនៅលើសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយប្រចាំឆ្នាំរបស់ខ្លួន។ អង្គការឃ្លាំមើលអំពើពុករលួយនេះបានឲ្យដឹងថា ការលុបបំបាត់អំពើពុករលួយក៏អាចជួយប្រទេសវៀតណាមឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទូលំទូលាយរបស់ខ្លួនក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។
លោក Nguyen Ngoc Anh និង Dang Quang Vinh អ្នកស្រាវជ្រាវពីររូបមកពីអង្គារតម្លាភាព បានឲ្យដឹងថានៅក្នុងរបាយការណ៍របស់ពួកគេថា៖«ការលើកកម្ពស់សុចរិតភាពនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការវិនិយោគ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជនក្នុងតំបន់។ សេចក្ដីសម្រេចលេខ 59/2019/ND-CP គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងនេះ។
ក្រៅពីគោលការណ៍ណែនាំថ្មីស្ដីពីការបង់ប្រាក់ខុសច្បាប់ សេចក្ដីសម្រេចនេះក៏បានផ្ដល់សិទ្ធិអំណាចដល់ប៉ូលិសក្នុងការស៊ើបអង្កេតអំពើពុករលួយ និងអាចចោទប្រកាន់ថ្នាក់ដឹកនាំឲ្យទទួលខ្លួនត្រូវចំពោះបទល្មើសទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយដែលកូនចៅក្រោមបង្គាប់របស់ពួកគេបានប្រព្រឹត្ត៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា