តុលាការមួយក្នុងប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានតម្កល់ទោសប្រហារជីវិតមហាសេដ្ឋីខាងអចលនទ្រព្យអ្នកស្រី Truong My Lan ក្រោយពីបដិសេធបណ្តឹងឧទ្ធរណ៍របស់អ្នកស្រីជំទាស់ការកាត់ទោសរបស់សាលាដំបូងពីបទកិបកេងនិងសូកប៉ាន់ក្នុងសំណុំរឿងគៃបន្លំប្រាក់១២ពាន់លានដុល្លារដ៏ល្បីសុះសាយមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសា ចំពោះតួនាទីរបស់អ្នកស្រីក្នុងអ្វីដែលជាសំណុំរឿងគៃបន្លំប្រាក់ដ៏ធំជាងគេមិនធ្លាប់មានពីមុននៅវៀតណាម។
តុលាការសាលាឧទ្ធរណ៍តំបន់ក្នុងទីក្រុង Ho Chi Minh ប៉ែកខាងត្បូង បានសម្រេចថាគ្មានមូលដ្ឋានដែលត្រូវកាត់បន្ថយទោសប្រហារជីវិតលើអ្នកស្រី Lan ទេ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតវៀតណាមអនឡាញ VnExpress។
កាសែតនេះបានរាយការណ៍ថាបើអ្នកស្រី Lan អាចសងប្រាក់៣ភាគ៤នៃប្រាក់ដែលបានកិបកេងនោះ ក្នុងពេលរង់ចាំអនុវត្តទោសប្រហារជីវិតនេះ នោះវាអាចទៅរួចដែលថាទោសអាចត្រូវបានកាត់បន្ថយមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ។
អ្នកស្រី ជានាយិកាក្រុមហ៊ុនដ៏ល្បីឈ្មោះជាងគេមួយនិងក៏ជាមន្ត្រីរដ្ឋការម្នាក់ដែលជាប់ពន្ធនាគារក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏យូរអង្វែងរបស់ប្រទេសកុម្មុយនីសនេះ។ យុទ្ធនាការនេះ ត្រូវបានគេហៅឈ្មោះថា«ឡដុត» (Blazing Furnace)។
តំណាងអយ្យការត្រូវបានស្រង់សម្តីដោយកាសែតអនឡាញរបស់រដ្ឋ VietnamNet ពេលថ្លែងក្នុងសវនាការបណ្តឹងឧទ្ធរណ៍នោះថា «ការខូចខាតដែលអ្នកស្រី Lan បានបង្ក មិនអាចនឹកស្មានដល់ទេក្នុងប្រវត្តិសាស្ត្រនៃបណ្តឹង ហើយចំនួនទឹកប្រាក់ដែលត្រូវបានកិបកេងនោះ ច្រើនហួសប្រមាណនិងមិនអាចទូទាត់សងវិញបាន»។
តំណាងអយ្យការបន្ថែមទៀតថា«ទង្វើរបស់ជនជាប់ចោទ បានប៉ះពាល់សង្គម ទីផ្សារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចច្រើនផ្នែក»៕
វេទិកាបញ្ចេញមតិ