ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ថ្កោលទោស​«អាកប្បកិរិយា​ដ៏​ព្រៃផ្សៃ»របស់​ចិន​នៅ​ក្នុង​ការវាយ​ប្រហារ​អ្នក​នេសាទ


រូបឯកសារ៖ ឆ្មាំរឆ្នេរសមុទ្រ​ហ្វីលីពីនឈរយាម​នៅ​សមុទ្រ​ចិន​ខាងត្បូង
រូបឯកសារ៖ ឆ្មាំរឆ្នេរសមុទ្រ​ហ្វីលីពីនឈរយាម​នៅ​សមុទ្រ​ចិន​ខាងត្បូង

ក្រសួង​ការបរទេស​វៀតណាម​បាន​ថ្កោលទោស​កាលពី​ថ្ងៃ​ពុធ​ចំពោះ«អាកប្បកិរិយា​ដ៏​ព្រៃផ្សៃ»​ក្នុង​អំឡុង​នៃ​ការវាយ​ប្រហារ​ហិង្សា​លើ​អ្នក​នេសាទ​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន AFP។

មាន​សេចក្តីរាយការណ៍​ថា​អ្នក​នេសាទ​ចំនួន១០នាក់​ត្រូវ​វាយដំ​ដោយ​ដុំដែក​ហើយ​បាន​លួច​ប្លន់​ត្រី​និង​ឧបករណ៍​ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ផ្ទៃ​ទឹក​ទល់មុខ​ប្រជុំ​កោះ Paracel ជា​ប្រជុំ​កោះមួយ​នៅ​ក្នុង​ផ្លូវ​ទឹក​ដែល​សម្បូរ​ដោយ​ធនធាន​ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ចិន វៀតណាម ហ្វីលីពីន កោះ​តៃវ៉ាន់ ម៉ាឡេស៊ី​និង​ប្រ៊ុយណេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោក​ Pham Thu Hang បាន​បញ្ជាក់​នៅ​ក្នុង​សេច ក្តីថ្លែងការណ៍​ដែល​ប្រើពាក្យ​ជា​ភាសា​វៀតណាម​សម្រាប់​ប្រជុំ​កោះ Paracel​ ថា​វៀតណាម​«តវ៉ា​ដាច់​អហង្ការ​ចំពោះ​អាកប្បកិរិយា​ដ៏​ព្រៃផ្សៃ​របស់​កងកម្លាំង​ពង្រឹង​ច្បាប់​ចិន​ប្រឆាំង​នឹង​អ្នក​នេសាទ​វៀតណាម​និង​ទូក​នេសាទ​ដែល​ប្រតិបត្តិការ​នៅ​ប្រជុំ​កោះ Hoang Sa របស់​វៀត ណាម»។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ត​ទៀត​ថា«សកម្មភាព​ខាង​លើ​នេះ​របស់​កងកម្លាំង​ពង្រឹង​ច្បាប់​របស់​ចិន​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​របស់​វៀតណាម»។

អ្នក​ដើរ​កប៉ាល់​នេសាទ​វៀតណាម​ចំនួន​បួន​នាក់ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ទៅដល់​កំពង់ផែ Quang Ngai ។ នេះ​បើ​តាម​កាសែត Tien Phong ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋ​ដែល​បាន​និយាយ​ថា​បុរស​ទាំង​នោះ​ត្រូវ​មនុស្ស​ប្រហែល៤០នាក់​វាយ​ប្រហារ​អស់​រយៈពេល៣ម៉ោង។

អ្នកបើក​កប៉ាល់​នេសាទ​លោក Nguyen Thanh Bien បាន​ត្រូវ​គេ​ដកស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា«ដោយ​ស្លៀក​សំលៀក​បំពាក់​ចំហរ​ឡេវ ពួកគេ​បាន​វាយ​តប់​យើង​យ៉ាង​ព្រៃផ្សៃ​ដោយ​ប្រើដុំ​ដែក»។ លោក​បាន​បន្ថែម​ទៀត​ថា​លោក​បាន​ដួល​សន្លប់​ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​ការវាយ​ប្រហារ​នេះ។

អ្នកបើកកប៉ាល់ លោក​ Bien បាន​ប្រាប់​ពួគ​អាជ្ញាធរ​ថា​ឧបករណ៍​និង​ត្រី​ដែល​មាន​តម្លៃ​ប្រហែល​២ម៉ឺន​ដុល្លារ​បាន​ត្រូវ​គេ​លួច​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG