ខណៈពេលដែលចិនមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការពិភាក្សាទ្វេភាគីជាមួយប្រទេសហ្វីលីពីនៅខែកញ្ញានេះ ជម្លោះសមុទ្រចិនខាងត្បូងរបស់ប្រទេសទាំង២កំពុងពង្រីកពីដែនសមុទ្រទៅកាន់ដែនអាកាស ដោយបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា។ នេះបើតាមការព្រមានរបស់ពួកអ្នកវិភាគ។
ហ្វីលីពីននិងចិនបន្តការចរចានៅពេលដែលមានការរាលដាលនៃភាពតានតឹងនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ចិនយល់ព្រមបន្តការចរចាស្តីពីជម្លោះសមុទ្រហ្វីលីពីនខាងលិចឬ WPS នៅខែនេះ។ នេះបើតាមបណ្តាញព័ត៌មានអនឡាញ GMA News។
កាសែតប្រចាំថ្ងៃ People Dailyរបស់គណបក្សកុម្មុយនីស្តចិនកាលពីថ្ងៃចន្ទបានចេញផ្សាយអត្ថបទមួយដែលបានព្រមានថា«ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានឈានដល់ដំណាក់កាលសំខាន់» ស្តីអំពីជម្លោះសមុទ្រចិនខាងត្បូង។
ការព្រមាននោះបានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯពិធីការទូតមួយកាលពីថ្ងៃទី៤ ខែកញ្ញានេះថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបយន្តការពិគ្រោះយោបល់ទ្វេភាគីលើកក្រោយដែលត្រូវបានរៀបចំឡើងដើម្បីចាត់ចែងការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។
លោកManaloមិនបាននិយាយអំពីកាលបរិច្ឆេទដែលការចរចានឹងចាប់ផ្តើមនៅខែនេះនោះទេ ក៏ប៉ុន្តែលោកបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំង២នឹងពិភាក្សាអំពីឧបទ្ទវហេតុមួយនៅចុងខែសីហានៅពេលដែលនាវាឆ្មាំការពារដែនសមុទ្រមកពីប្រទេសទាំង២បានបុកគ្នានៅឯប្រជុំកោះ Shoal មានជម្លោះ។ ប្រទេសទាំង២បានស្តីបន្ទោសគ្នាទៅវិញទៅមកអំពីការបុកគ្នានេះ ថ្វីបើវីដេអូដែលបានចេញផ្សាយដោយឆ្មាំការពារដែនសមុទ្រហ្វីលីពីនបង្ហាញថា នាវាឆ្មាំការពារដែនសមុទ្រចិនបានបុកនាវា BRP Teresa Magbanua របស់ហ្វីលីពីនក៏ដោយ៕
ចិននិងហ្វីលីពីននឹងពិភាក្សាគ្នាអំពីជម្លោះសមុទ្រចិនខាងត្បូង ខណៈមានការប៉ះទង្គិច

វេទិកាបញ្ចេញមតិ