ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​សុំ​ឱ្យ​សហការ​ទប់​ស្កាត់​ការឆ្លង​ផ្តាសាយ​បក្សី


ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​បំរាម​ការនាំ​ចូល​ស៊ុត​ពី​ប្រទេស​កម្ពុជា។
ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​បំរាម​ការនាំ​ចូល​ស៊ុត​ពី​ប្រទេស​កម្ពុជា។
ភ្នំពេញ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​អំពាវនាវ​ឡើងវិញ​ឲ្យ​មាន​យុទ្ធនាការ​រួម​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​ផ្តាសាយ​បក្សី​បន្ទាប់​ពី​ជំងឺ​នេះ​បានសម្លាប់​ជនរងគ្រោះ​ចំនួន​ប្រាំ​បីនាក់​ហើយ​គិត​ចាប់​តាំង​ដើមឆ្នាំ​២០១៣​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ ​គ្រូបង្រៀន ព្រះសង្ឃ​និង​បណ្តាញ​ផ្សព្វផ្សាយ​រួមគ្នា​ទប់ស្កាត់​ជំងឺ​ប្រល័យ​នេះ។

«ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ផ្ទុះ​អានេះ​កាន់តែ​ធំ​ដើម្បី​ចៀសវាង​ការរីក​រាលដាល​ដែល​ឈានទៅដល់​មហន្តរាយ​សម្រាប់​ជីវិត​មនុស្ស​និង​សត្វ។ មនុស្ស​ដែលមាន​ជំងឺ​ត្រូវ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត ​ទាំង​តាមរយៈ​វិទ្យុ​និង​ទូរទស្សន៍»។

គិត​មកដល់​ខែកុម្ភៈ​ឆ្នាំ២០១៣នេះ​មាន​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី​ចំនួន​ប្រាំបួន​ករណី​និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ប្រាំ​បីនាក់។ ភាគច្រើន​ជា​កុមារ។

លោក​ហ៊ុន សែន​បញ្ជាក់​ថា​ជំងឺ​នេះ​មិន​ត្រឹមតែ​កំពុង​រាត​ត្បា​ត​នៅ​ប្រទេស​កម្ពុជា​នោះទេ​ប៉ុន្តែ​វា​ក៏​កំពុង​រាលដាល​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ម​ជ្ឈិម​បូព៌ា​និង​នៅ​ប្រទេស​ចិន​ផងដែរ។

ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​បំរាម​ការនាំ​ចូល​ស៊ុត​ពី​ប្រទេស​កម្ពុជា​និង​ឲ្យ​ពង្រឹង​ការត្រួត​ពិនិត្យ​លើ​អ្នកដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​កម្ពុជា​ចូលក្នុង​ប្រទេស​ចិន។

ក្នុងពេល​ជាមួយគ្នា​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ ​ក្រុម​ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន។
«អ្នក​ដែល​សំខាន់​ជាងគេ​គឺ​ប្រជាពលរដ្ឋ​តែម្តង។ បើ​ឃើញ​មិន​ស្រួល មាន​សត្វ​ស្លាប់​ ឬ​សត្វ​ឈឺ​ត្រូវតែ​រាយ​ការណ៍​បន្ទាន់​ទៅ​ភ្នាក់ងារ​សុខភាព​ដែល​នៅ​ជិត​បំផុត»។

លោក​វេជ្ជបណ្ឌិត​ លី សុវណ្ណ ​អនុប្រធាន​នាយកដ្ឋាន​ទប់ស្កាត់​ជំងឺឆ្លង ​នៃ​ក្រសួង​សុខា​ភិ​បាល មាន​ប្រសាសន៍​ថា​នៅ​មិនទាន់មាន​ករណី​ឆ្លង​ថ្មី​ទេ​រហូត​មក​ទល់​ថ្ងៃ​នេះ។

«ចាប់តាំងពី​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី២៥កុម្ភៈ​រហូតដល់​ថ្ងៃនេះ​អត់​ទាន់​មាន​ករណី​ថ្មី​ទេ។ ខ្ញុំ​នៅតែ​ពង្រឹង​ដដែល​លើ​ប្រព័ន្ធ​តាមដាន​រុករក ការអប់រំ​ផ្សព្វផ្សាយ​នៅតាម​វិទ្យុ ​ទូរទស្សន៍ ​ការអប់រំ​ថ្នាក់ភូមិ​នៅតែ​បន្ត»។

ជំងឺ​ផ្តាសាយ​បក្សី​បាន​ផ្ទុះ​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០០៥​ហើយ​រហូតមក​ទល់នឹង​ដើម​ឆ្នាំ​២០១៣​នេះ​ជំងឺ​នេះ​បានសម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២៧​នាក់។
ការផ្ទុះ​នៅ​ដើមឆ្នាំ​នេះ​បង្ក​ឲ្យ​មាន​អត្រា​ជនរងគ្រោះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំណាៗ​ទាំងអស់៕
XS
SM
MD
LG