ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម រីករាយនឹង​ការបញ្ចប់​រឿងក្តី


រូបឯកសារ៖ លោក ​អោ​ អាន​ អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល​ ក្នុង​របប​ខ្មែរ​ក្រហម​ អង្គុយ​លើ​ដី​ក្នុង​​ចម្ការ​របស់​លោក​ ក្នុង​ស្រុក​កម្រៀង​ ខេត្ត​បាត់​ដំបង​កាលពីថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/វីអូអេ)

កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបញ្ចូលព័ត៌មានថ្មី។

ទីក្រុង CHARLOTTE រដ្ឋ NORTH CAROLINA — ក្រោយ​ពេល​ដែល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ ​បាន​សម្រេច​បញ្ចប់​រឿងក្តីក្តាំ​មួយ​នៃ​សំណុំ​រឿង​០០៤ ​វគ្គ២ ​នៅសប្តាហ៍​នេះ​ លោក​អោ អាន​ ដែលជាជន​ជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​ បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ។​

នៅក្នុងសេចក្តី​សម្រេច​កាលពី​ថ្ងៃទី១០ ​ខែសីហា​ អង្គជំនុំ​ជម្រះ​នៃតុលាការ​កំពូល​នៃ​សាលាក្តីខ្មែរក្រហម ​បាន​បញ្ចប់​សំណុំ​រឿង​ប្រឆាំងនឹង ​អោ អាន ​ដោយបាន​បញ្ជាក់​យោងថា​ គ្មានការឯកភាព​គ្នា​ចំពោះ​ការ​ស៊ើបអង្កេត​ក្នុង​រយ:ពេល​១៣ឆ្នាំ ​គ្មានដីកា​បញ្ជូនរឿង​ទៅជំនុំ​ជម្រះ​ជាក់​លាក់ និង​អាច​អនុវត្តន៍​បាន​ក្រៅពីបាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​ភ្លាមៗ។

​ថ្លែងប្រាប់​ VOA​ ពីស្រុក​កំរៀង​តាមទូរស័ព្ទ​នៅព្រឹកនេះ​ លោក​ អោ អាន ​ដែល​អះអាងថា ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្តីពីការ​បញ្ចប់​សំណុំ​រឿងនេះ​នៅឡើយ ​បាន​បញ្ជាក់​ពីភាព​រីករាយ​របស់​លោក​ ដែលថា​សំណុំរឿង​ត្រូវបាន​បញ្ចប់។​

«ជា​ធម្មតា​ទៅ​ហើយ​ អ្នក​ដែល​មាន​បញ្ហា​ បានចប់​ហ្នឹង​ ត្រេក​អរណាស់​ទៅ​ហើយ»។

លោកពុំ​បានធ្វើ​អត្ថាធិប្បាយ​អ្វីច្រើន​នោះទេ​ ដោយសារ​លោកមាន​វ័យ​ចំណាស់។ ​តែកាល​ពីឆ្នាំ​ទៅ លោក​បានថ្លែង​ប្រាប់ ​VOA​ ពីការ​បដិសេធ​ថា មិន​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ​ខ្មែរក្រហម ​ដូច​សហព្រះរាជ​អាជ្ញា​អន្តរជាតិ​ បានចោទ​ប្រកាន់​នោះទេ។

​សំណុំ​រឿងនេះ ​មានការ​ខ្វែងគំនិត​គ្នា​ក្នុង​ចំណោម​សហ​ព្រះរាជ​អាជ្ញា និង​សហ​ចៅក្រមជាតិ​ ជាមួយនឹងសហ​ព្រះរាជ​អាជ្ញា ​ចៅក្រម​អន្តរជាតិ​ ដែល​ចង់​ស្វែង​រក​យុត្តិធម៌​នោះ​ ទៅលើ​បញ្ហា​យុត្តាធិការ​របស់​តុលាការ​មិនគ្រប​ដណ្តប់​លើសំណុំ​រឿង​លោក​អោ អាន​ ដែល​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់កណ្តាល​នោះទេ​ ដោយ​ចៅក្រម​ជាតិ​ដែល​មាន​សំឡេង​ភាគច្រើន​នោះ​សំអាង​ថា ​កិច្ចព្រម​ព្រៀងរវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​តម្រូវ​ឲ្យ​កាត់ទោស​តែជន​ពីរជំពូក ​គឺមេដឹកនាំខ្ពស់​បំផុត​ និងអ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត។

លោក ​ភ័ព្វ ​ដែល​អះអាង​ថា ជា​ក្មួយ​ប្រុស​លោក​ អោ អាន ​មិនបាន​អើពើ​នឹងការ​ចោទ​ប្រកាន់​របស់តុលាការ​ទេ​ តែបាន​អះអាង​ថា ​លោក​ត្រេកអរ​ដែរ ​ដោយសារ​លោក​ អោ អាន ​បាន​បញ្ចប់​រឿងក្តី​របស់គាត់​។

«ខ្ញុំ​សប្បាយ​ចិត្ត​ដែរតើ​បង»។

លោក​រៀបរាប់​ថា ​តា អាន ​មិនធ្លាប់​ធ្វើអ្វី​ខុស​នោះទេ ​មានតែ​ការ​ស្រឡាញ់​រាប់អាន​ពីអ្នក​ស្រុក​ភូមិ។

លោក​ អោ អាន ​អាយុ ​៨៧ឆ្នាំ ​អតីត​អនុប្រធាន​តំបន់​មជ្ឈឹម ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ពី​បទ​មនុស្សឃាត​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ទៅលើ​ជនជាតិ​ចាម​ផង​ដែរ ​នៅមុន​ពេល​សំណុំ​រឿង​លោក​ ត្រូវ​បញ្ចប់។

លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានបញ្ជាក់​ថា រឿង​ក្តីរបស់​លោក​ អោ អាន ត្រូវ​បញ្ចប់។

«យោង​តាម​នីតិវិធីច្បាប់ ​គឺការ​សម្រេច​របស់​អង្គជំនុំ​ជម្រះ​នៃតុលាការ​កំពូល​ គឺបិទផ្លូវតវ៉ាតែម្តង»។

សាលាក្តី​ខ្មែរក្រហម​ បាន​សម្រេច​ទម្លាក់​បទចោទ​ប្រកាន់​កាលពី​ ៣ឆ្នាំមុន​ ប្រឆាំងនឹង​កម្មការភិបាល​ខ្មែរក្រហម​ម្នាក់ គឺ​អ្នកស្រី​ អ៊ឹម ចែម​ ជាអតីត​កម្មាភិបាល​ថ្នាក់​គណ:​ស្រុក​សម័យ​ខ្មែរក្រហមដែរ ​ដោយសារ​តែ​អ្នកស្រី ​ត្រូវបាន​ចៅក្រម​ខ្មែរដែល​មាន​សំឡេង​ភាគច្រើន​ មិនបាន​ចាត់​ចូល​ក្នុងជំពូក​នៃមេដឹកនាំ​ជាន់ខ្ពស​បំផុត​ និង​ជាអ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត។ ​សាលាក្តី​ នឹងនៅ​មានសំណុំ​រឿង​បន្ថែម​ពីរទៀត​ត្រូវសម្រេច​។ ​សុំណុំរឿង​ទាំងពីរ​នោះ​ ក៏​មានជាប់​ពាក់ព័ន្ធ​នឹង​អតីតកម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ផងដែរ​ក្នុង​ពេល​មេដឹកនាំ​កំពូល ​ត្រូវបាន​តុលាការ​កាត់​ទោសឲ្យជាប់​គុកមួយ​ជីវិត​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ដែល​ត្រូវស្តី​បន្ទោស​ថា បាន​សម្លាប់​មនុស្សជាង​១លាន​ ៧សែន​នាក់ ​ក្នុងចន្លោះ​ឆ្នាំ១៩៧៥ ​ដល់ឆ្នាំ១៩៧៩៕

ព័ត៌មានថ្មី៖ វីអូអេ ទើបតែបញ្ចូលព័ត៌មានថ្មី នៅកថាខណ្ឌទី ៧ ទី៨ ទី៩ ទី១១ និង ទី១២ ក្រោយពីវីអូអេបានសម្ភាសលោក ​ភ័ព្វ ​ដែល​អះអាង​ថា ជា​ក្មួយ​ប្រុស​លោក​ អោ អាន និងលោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG