ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះនៃការបង្រ្កាបហិង្សានៅលើផ្លូវវេងស្រេងកាលពី១០ឆ្នាំមុន បន្តទាមទារយុត្តិធម៌


រូប​ឯកសារ៖ កម្មករ​ម្នាក់​​ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។
រូប​ឯកសារ៖ កម្មករ​ម្នាក់​​ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។

ការ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​នៅតែ​បន្ត​កើត​មាន ​បើ​ទោះ​បី​ជា​ការបង្ក្រាប​ពី​សំណាក់​កង​កម្លាំង​ចម្រុះ​លើ​កម្មករ​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០ ​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៤ ​លើ​កំណាត់​ផ្លូវវេង​ស្រេង ​និង​នៅ​មុខ​រោងចក្រ​យ៉ាកជីង ​បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល ​១០ ឆ្នាំ​ក្តី។

បើ​តាម​ជន​រងគ្រោះ​ និង​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្នាំ​ ២០១៤ ​នោះ ​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​ក្រុម​ទាហាន​ឆ័ត្រ​យោង ​៩១១ ​បាន​ប្រើ​ប្រាស់​«ហិង្សា​យ៉ាង​ព្រៃផ្សៃ»​លើ​កម្មករ​ រួម​មាន​ទាំង​ការ​បង្ក្រាប ​និង​បាញ់​រះ​គ្រាប់​កាំភ្លើង​ពិត​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤ ​នាក់​ រង​របួស​ចំនួន​៤៤​នាក់។​ មនុស្ស​ ២៣ ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ខណៈ​កម្មករ​ម្នាក់​ឈ្មោះ ​ខឹម សុផាត ​បាន​បាត់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ ពួក​គេ​ថា ​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​នោះ​កើត​ឡើង​នៅ​ពេល​កម្មករ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​ដល់​ ១៦០​ ដុល្លារ​ ហើយ​ការ​ប្រមូល​ផ្តុំ​នេះ​កើត​ឡើង ​ដោយ​សារ​ការ​ចរចា​ប្រាក់​ឈ្នួល​នា​ពេល​នោះ​ជាប់​គាំង​ដែល​ធ្វើ​ឱ្យ​កម្មករ​តវ៉ា​ទូទាំង​ប្រទេស។​

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​លោក ​វន់ ពៅ​ ​អះ​អាង​ថា ​លោក​ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ដំ​ដោយ​ទាហាន​ឆ័ត្រ​យោង​ ៩១១ ​នៅ​មុខ​រោងចក្រ​យ៉ាកជីង​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បង្រ្កាប​នេះ។​ លោក​ប្រាប់​វីអូអេ​ថា​ រយៈ​ពេល ​១០ ​ឆ្នាំ​នេះ ​យុត្តិធម៌​មិន​ទាន់​មាន​សម្រាប់​លោក​ និង​កម្មករ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ ​និង​តុលាការ​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​ទាំង​អស់​ បើទោះ​បី​ជា​លោក​មាន​ជំនឿ​តិច​តួចក្តី។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​ដូច​បច្ចុប្បន្ន​នេះ ​គឺ​សមត្ថកិច្ច​ហាក់​មិន​មាន​ពន្លឺ​ណា​មួយ​ ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​រង​គ្រោះ​ឬ​គ្រួសារ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ។​ អ៊ីចឹង​រយៈ​ពេល ​១០ ​ឆ្នាំ​នេះ ​យើង​គិត​ថា​ ស្ថានភាព​បែប​នេះ​គឺ​យើង​នឹង​មិន​សង្ឃឹម​នូវ​ភាព​យុត្តិធម៌ ​ទទួល​បាន​ភាព​យុត្តិធម៌​ទេ។ ​ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​ថ្មី​នេះ​គឺ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ណា​មួយ​ឱ្យ​ទទួល​យក​បាន​ ខ្ញុំ​គិត​ថា​ អាច​ទៅ​រួច»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៤ ​ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​កម្មករ​ និង​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​កម្មករ​ និង​សកម្ម​ជន​សហជីព​ ដាក់​ទោស​សមត្ថ​កិច្ច​ដែល​បាន​បង្ក្រាប​និង​ប្រើ​ប្រាស់​អំពើ​ហិង្សា ​បន្ត​ស៊ើប​អង្កេត​ស្វែង​រក​ជនរង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ និង​ផ្តល់​សំណង​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ រួម​ទាំង​សំណង​ដល់​កម្មករ​ដែល​រង​គ្រោះ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ ដែល​រួម​មាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​សមាគម​អាដហុក ​និង​អង្គការ​លីកាដូ​ជាដើម។​

លោក ​ថេង សារឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC)​ អះអាង​ថា ​លោក​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​ការ​បង្រ្កាប​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​ ២០១៤ ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​កាល​នោះ។ ​លោក​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពីថ្ងៃ​ទី​ ២ ​ខែ​មករា​ថា ​«១០​ឆ្នាំ​រង់​ចាំ​យុត្តិធម៌»។​

លោក ​ថេង សារឿន ​រៀប​រាប់​បន្ត​ថា៖​ «រយៈ​ពេល ​១០ ​ឆ្នាំ​ ដែល​ខ្ញុំ​រង់​ចាំ​យុត្តិធម៌​ គិត​ត្រឹម​ថ្ងៃ​ទី ២ ​ខែ ​មករា​ ឆ្នាំ​ ២០១៤​ ដល់​ថ្ងៃ​ទី​ ២​ ខែ​មករា​ ឆ្នាំ ​២០២៤ ​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ ​ដែល​រូប​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ​និង​បាន​ចង់​ចាំ​នៅ​ក្នុង​ខួរ​ក្បាល​ជារៀង​រហូត​រាល់​គ្រប់​រូបភាព​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ​ជាទី​បំផុត​របស់​កង​ទាហាន​ឆ័ត្រ​យោង​ ៩១១ ​កំបូល​មក​លើ​រូប​ខ្ញុំ​ ព្រម​ទាំង​ការ​កាត់​ក្ដី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​រយៈ​ពេល ​៤ ​ខែ​ ២៨ ​ថ្ងៃ ​ក្នុង​ការ​តស៊ូ​មតិ​ស្វែង​រក​យុត្តិធម៌​ក្នុង​ទិដ្ឋភាព​ច្បាប់»។​

លោក​ក៏​ស្នើ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ​និង​ជន​រងគ្រោះ​ដទៃ​ទៀត​ដើម្បី​បំបាត់​ភាព​ឈឺ​ចាប់​របស់​អ្នក​រង​គ្រោះ។​

លោក​ ថេង សារឿន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «សម្រាប់​ខ្ញុំ ​ខ្ញុំ​នៅ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ ​ក៏​ដូច​ជា​រដ្ឋាភិបាល ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​ខ្ញុំ ​និង​កម្មករ​ [និង]​ផ្តល់​យុត្តិធម៌​ ពីព្រោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រមូល​ផ្តុំ ​ផ្តួល​រលំ​រដ្ឋាភិបាល​នោះ​ទេ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ ​គឺ​មិន​បាន​ដឹក​នាំ​ ឬ​មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​ការ​ចោទ​ប្រកាន់​ និង​ការ​លើក​ឡើង ​និង​ការ​អះអាង​ទេ។ ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ឃ្លាំមើល​តែ​ប៉ុណ្ណោះ»។​

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កាល​នោះ​ជា​រឿង​ត្រឹមត្រូវ​ ហើយ​លោក​ចាត់​ទុក​ថា ​ការ​ប្រមូល​ផ្តុំ​កាល​នោះ ​ខុស​ច្បាប់ ​និង​មាន​ចេតនា​ចង់​ផ្តួល​រលំ​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន។​

លោក​បញ្ជាក់​ថា៖​ «យើង​ចាត់​ទុក​នេះ​ជា​អំពើ​កុបកម្ម​ផ្តួល​រលំ ​ដែល​ច្បាប់​ត្រូវ​តែ​ព្រមាន ដើម្បី​រក្សា​នូវ​សន្តិ​ភាព​ជាតិ​ទាំង​មូល»។​

លោក ​ខៀវ សុភ័គ​ ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ចូល​រួម​បន្ត​ទាមទារ​រក​យុត្តិធម៌​នៅ​ក្នុង​ការ​បង្រ្កាប​នេះ។​

លោក​បញ្ជាក់​ថា៖ ​«អង្គការ​សង្គម​ស៊ីវិល​ជា​អង្គការ​មួយ​ ដែល​ធ្វើ​ការ​បម្រើ​ឱ្យ​បរទេស​យក​ប្រាក់​ខែ​បរទេស​ ចេះ​តែ​ស្រែក​ឱ្យ​បរទេស។ ​ឱ្យ​គាត់​ស្រែក​ទៀត​ទៅ​ចុះ ​ព្រោះ​គាត់​ស្រែក​ក៏​បាន​លុយ​ដែរ ​ចិញ្ចឹម​ពួក​គាត់​ដែរ​ ហើយ​លុយ​ក៏​ធ្លាក់​ចូល​ជាតិ​យើង​ដែរ។​ អាហ្នឹង​ទុកជា​ការ​សម្តែង​របស់​គាត់ ​ជា​រឿង​សម្តែង​របស់​គាត់​ប៉ុណ្ណឹង​ទេ»។​

លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​បញ្ជាក់​ថា​ សម្រាប់​លោក​នៅ​តែ​មើល​ឃើញ​ថា ​ការ​ប្រមូល​ផ្តុំ​របស់​កម្មករ​កាល​ពីថ្ងៃ​ទី​ ២ ​និង​ទី​ ៣​ ខែ​មករា​ ឆ្នាំ​ ២០១៤ ​គឺ​ជា​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​មែន​ជា​ការ​ផ្តួល​រលំ​រដ្ឋាភិបាល​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «គ្រាន់​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ ​ការ​តវ៉ា​នោះ​ គឺ​កូដកម្ម​រឿង​ប្រាក់​ឈ្នួល ​អត់​មាន​រឿង​នយោបាយ ​ផ្តួល​រលំ​[រដ្ឋាភិបាល]​អ្វី​ទេ។ ​ការ​លើក​ឡើង​គ្រាន់​តែ​ជា​ការ​លាប​ពណ៌​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល​តែ​ប៉ុណ្តោះ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG