ប្រទេសថៃត្រូវបានថ្កោលទោសពីសម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមចំពោះការបាញ់ គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានៅក្នុងខែកុម្ភៈ ខណៈដែលកងទ័ពនៃប្រទេសទាំងពីរបានវាយ ប្រយុទ្ធគ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។ ប្រទេសថៃបានទទួលស្គាល់ការបាញ់គ្រាប់បែកចង្កោមនេះ។ ជនរងគ្រោះកម្ពុជាបានទាមទារឱ្យថៃសងការខូចខាត និងការបាត់បង់ជីវិតមនុស្ស។
សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមបានថ្កោលទោលប្រទេសថៃចំពោះការបាញ់គ្រាប់ចង្កោមមកលើប្រទេសកម្ពុជា ដែលនៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋខ្មែរបានសាទរ និងបានទាមទារឱ្យប្រទេសថៃសងការខូចខាតនិងការបាត់បង់អាយុជីវិតមនុស្ស។
តាមការស៊ើបអង្កេតនៅលើតំបន់ពីរផ្សេងគ្នា សម្ព័ន្ធអង្គការប្រឆាំងគ្រាប់ចង្កោមបានសន្និដ្ឋានថា ថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានៅក្នុងអំឡុងពេលមានជម្លោះព្រំដែនកាលពីខែ កុម្ភៈ ឆ្នាំ២០១១ នេះបើតាមសេចក្តីថ្លែងការណ៍។
សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោមសូមធ្វើការថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោមណាហើយអំពាវនាវយ៉ាងទទូចឱ្យប្រទេសថៃ និងកម្ពុជាប្តេជ្ញាឈប់ប្រើជាបន្ទាន់ និងទទួលយកសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រើប្រាស់សព្វាវុធនេះ។
លោក Laura Cheeseman នាយកសម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វាគួរឱ្យព្រួយបារម្ភណាស់ ដែលប្រទេសណាមួយបែរមកប្រើគ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ និងប្រឆាំងដោយសហគមន៍អន្តរជាតិនោះ។
លោក Laura Cheeseman បានបន្ថែមថា ប្រទេសថៃជាប្រទេសឈានមុខមួយក្នុងការប្រឆាំងរាល់ទម្រង់នៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សដោយគ្មានរើសមុខនិងធ្វើឱ្យជនស៊ីវិលរងរបួសក្នុងលក្ខណៈនេះ។
លោកឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានទទួលស្គាល់ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារថាថៃបានប្រើគ្រាប់កាំភ្លើងធំធុន១៥៥មម ក្នុងបំណងបញ្ជូនគ្រាប់បែកចង្កោមសម្រាប់ កិច្ចអន្តរាគមន៍, បើតាមសេចក្តីថ្លែងការណ៍។
លោកឯកអគ្គរាជទូត បានបន្តថាថៃប្រើគ្រាប់បែកចង្កោម 'ក្នុងកិច្ចស្វ័យការពារខ្លួន' ដោយប្រើគោល ការណ៍ស្តីពី 'ភាពចាំបាច់សមស្រប និងអនុវត្តន៍តាមក្រមប្រតិបត្តិការយោធាផងដែរ'។
លោកឯកអគ្គរាជទូតបានចោទប្រកាន់កងទ័ពកម្ពុជាពីការប្រើគ្រាប់រ៉ុក្កែតដ៏ច្រើនប្រឆាំងលើគោលដៅជាជនស៊ីវិលនៅក្នុងតំបន់សាត់ទិសុក ស្រុកគោកខាន់ ប្រទេសថៃ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សមាជិកសម្ព័ន្ធអង្គការគ្រាប់បែកចង្កោមបានឃើញដោយផ្ទាល់ភ្នែកនូវគ្រាប់មិនទាន់ផ្ទុះតូចៗ និងសំណល់គ្រាប់បែកតូចៗដែលបានបណ្តាលមកពីគ្រាប់បែកចង្កោមនៅក្នុងភូមិស្វាយជ្រុំ និងភូមិសែនជ័យ ប្រទេសកម្ពុជា។
លោក Atle Karlsen មកពីអង្គការជំនួយរបស់ប្រជាពលរដ្ឋណ័រវេស បានថ្លែងថា ប្រជាពលរដ្ឋប្រហែល៥០០០នាក់ ដែលរស់នៅក្នុងភូមិសែនជ័យ ប្រឈមនឹងហានិភ័យពីគ្រាប់មិនទាន់ផ្ទុះទាំងនេះ។
លោក Atle Karlsen បានបន្តថា ប្រទេសថៃត្រូវតែផ្តល់ព័ត៌មានដល់កម្ពុជាដើម្បីជួយដល់ការបោស សម្អាតក្នុងតំបន់ដែលប៉ះពាល់ និងធ្វើឱ្យមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់ទៅភូមិរបស់ប្រជាពលរដ្ឋវិញ។
Denise Coghlan អ្នកដឹកនាំសម្ព័ន្ធអង្គការគ្រាប់បែកចង្កោមនៅកម្ពុជា បានថ្លែងថា គ្រាប់បែកចង្កោមនេះបានឆក់យកជីវិតបុរសពីរនាក់ និងពីរនាក់ទៀតបានបាត់បង់ដៃរបស់គេ និងប្រាំនាក់ផ្សេងទៀតបានរងរបួស។
លោកសៅ ចិត្ត មេក្រុមដែលមានកងទ័ព៣០នាក់ប្រចាំនៅភ្នំទ្រព្យ បានថ្លែងថា លោកស្វាគមន៍ និងគាំទ្រការថ្កោលទោសរបស់សម្ព័ន្ធអង្គការប្រឆាំងគ្រាប់បែកចង្កោម ចំពោះការបាញ់គ្រាប់បែកចង្កោមរបស់ប្រទេសថៃចូលក្នុងទឹកដីកម្ពុជា។
«ពិភពលោកបានហាមប្រាមការប្រើគ្រាប់បែកចង្កោមនេះ។ ថៃបានបំពានមកលើខ្មែរ។ អត់ខុសទេ គេថ្កោលទោសវានេះ។ ខ្ញុំមានការសប្បាយរីករាយចំពោះការថ្កោលទោសប្រទេសថៃ»។
លោកសៅ ចិត្ត ដែលបានរងរបួសចិញ្ចើមខាងឆ្វេងដោយគ្រាប់បែកចង្កោមក្នុងខែកុម្ភៈ បាននិយាយថា កងទ័ពកម្ពុជាយ៉ាងតិច៧នាក់បានរងរបួស។
លោកប្រាក់ ភី ប្រធានភូមិធម្មជាតិសម្តេចហ៊ុន សែន បានថ្លែងថា អ្នកភូមិរបស់លោកបានទទួលរងនូវការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្រូវអង្ករដោយសារគ្រាប់បែកចង្កោមរបស់ថៃ ប៉ុន្តែមិនមានរងរបួសទេ។
លោកប្រាក់ ភីបានបញ្ជាក់ថា កងទ័ពកម្ពុជាបានស្លាប់ និងរងរបួសពីការបាញ់គ្រាប់បែកចង្កោមរបស់ថៃ។
«គេថ្កោលទោសទៅលើប្រទេសថៃគឺជារឿងត្រឹមត្រូវហើយ។ ខ្ញុំទាមទារឱ្យថៃទទួលខុសត្រូវចំពោះការបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជានេះ។ ខ្ញុំចង់ឱ្យថៃឈប់បាញ់គ្រាប់បែកចង្កោមចូលមកក្នុងទឹកដីកម្ពុជា ហើយចិត្តរបស់ខ្ញុំ ចង់ឱ្យថៃសងការខូចខាតឆេះផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្រូវអង្កររបស់ប្រជាពលរដ្ឋ នៅភូមិធម្មជាតិ ដោយអត់មានអ្វីហូបទេ»។
លោក Thani Thongphakdi អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងប្រាប់ VOA ថា ហេតុផលរបស់ថៃប្រើគ្រាប់បែកចង្កោមនេះ គឺដើម្បីធ្វើឱ្យប្រសើរដល់គោលបំណងពិតនៃគ្រាប់ដែលមានអនុញ្ញាត។
«យើងត្រូវតែឆ្លើយតបក្នុងកិច្ចស្វ័យការពារខ្លួនចំពោះការប្រើគ្រាប់រ៉ុក្កែត BM21 ដ៏ច្រើនរបស់ប្រទេស កម្ពុជា គឺមានគ្រោះថ្នាក់បំផុតដល់ជនស៊ីវិលថៃ។ យើងបានសំដៅទៅរកគោលដៅយោធា ប៉ុន្តែមិនមែនគោលដៅជនស៊ីវិលទេ»។
លោក Thani បានបន្តថា យោធានៃភាគីទាំងពីរធ្វើទំនាក់ទំនងគ្នាដើម្បីផ្តល់ព័ត៌មានសម្រាប់ទីតាំងនៃការវាយប្រហារដោយគ្រាប់បែកចង្កោមនេះ។
ប្រទេសកម្ពុជា និងប្រទេសថៃមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើ ប្រាស់គ្រាប់បែកចង្កោមនេះនៅឡើយទេ៕