ភ្នំពេញ៖ រយៈពេលបួនថ្ងៃបន្ទាប់ពីផ្ទុះសង្គ្រាមជាមួយប្រទេសថៃនៅតាមក្រវ៉ាត់ព្រំដែនក្បែរប្រាសាទព្រះវិហារ ប្រទេសកម្ពុជាបានបង្ហាញរបាយការណ៍ជាផ្លូវការថា ភាគីកម្ពុជាស្លាប់មនុស្សចំនួន៧នាក់និងរងរបួស៣១នាក់ ព្រមទាំងមានជនភៀសខ្លួនជាង១០០០០នាក់។ ប្រទេសកម្ពុជាបានចាត់ទុកថានេះជាសង្គ្រាមឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីសប្តាហ៍មុន បានចេញរបាយការណ៍មួយស្តីពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងការខូចខាតប្រាសាទព្រះវិហារ ដែលមានអាយុកាលប្រមាណជាង៩០០ឆ្នាំ បន្ទាប់ពីមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំចំនួនបួនលើករវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះ។
ការបញ្ចេញរបាយការណ៍នេះធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបិទទ្វាររមួយរវាងក្រសួងការបរទេសកម្ពុជា ក្រសួងការបរទេសថៃ និងក្រសួងការបរទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានសមាគមអាស៊ាន ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា ថៃ នៅបូរីញូយ៉កសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ការផ្ទុះសង្គ្រាមរយៈពេលបួនថ្ងៃដែលចាប់ផ្តើមកាលពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧កន្លងទៅនេះ បានសម្លាប់ទាហានកម្ពុជាចំនួនបួននាក់ ប៉ូលិសម្នាក់ និងជនស៊ីវិលចំនួនពីរនាក់ផ្សេងទៀត ព្រមទាំងរងរបួសទាហាន៣០នាក់ និងជនស៊ីវិលម្នាក់ផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងថា ការវាយប្រហារទ្រង់ទ្រាយធំនេះបណ្តាលឲ្យពលរដ្ឋកម្ពុជាចំនួន២៩៥៦គ្រួសារភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួនចំនួនប្រាំពីរកន្លែង ហើយជនភៀសខ្លួនចំនួន៥០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីមានការវាយប្រហារនោះ។
ប្រទេសថៃបានប្រើប្រាស់អាវុធខុសច្បាប់ ដែលរួមមានគ្រាប់បែកចង្កោម អាវុធគីមី និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដែលបានធ្វើឲ្យខូចខាតទៅលើគោបុរៈទាំងប្រាំរបស់ប្រាសាទព្រះវិហារ ដែល បានចុះបញ្ជីរបស់បេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។ គ្រាប់កាំភ្លើងរាប់ពាន់គ្រាប់របស់ថៃបានបាញ់ស្រោចបណ្តាលឲ្យខូចខាតខាងក្នុងប្រាសាទនិងលំនឹងរបស់ប្រាសាទព្រះវិហារ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា នេះគឺជាចេតនាឈ្លានពានរបស់ប្រទេសថៃ ដែលប៉ុនប៉ងធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា កម្ពុជាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា នេះមិនមែន ជាការប៉ះទង្គិចដោយប្រដាប់អាវុធទេ ក៏ប៉ុន្តែគឺជាការធ្វើសង្គ្រាម ដើម្បីកាន់កាប់ទឹកដីប្រទេសកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ។
«អ្វីដែលកើតឡើងនៅក្នុងទឹកដីកម្ពុជា ហើយជាការកើតឡើងដោយសារអ្នកញុះញង់ ហើយនិងបង្ករឿងដោយសារភាគីថៃ។ ចំណុចទីមួយ នៅលើសមរភូមិ វាតែងតែឈ្លានពាននៅលើតំបន់ដែលថាមិនឲ្យមានកងទ័ព ដែលគេច្រើនតែដាក់កងទ័ពពី១០ទៅ២០នាក់ ជ្រៀតជ្រែកនៅក្នុងកន្លែងហ្នឹង និងមានអាវុធគ្រប់ដៃ»។
លោកផៃ ស៊ីផានបានមានប្រសាសន៍ទៀតថា ទាហានថៃបានបន្ថែមយុទ្ឋោបករណ៍ទំនើបៗ និងទាហានជាច្រើនរាប់ម៉ឺននាក់នៅតាមក្រវ៉ាត់ព្រំដែននៃប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពនៅតាមក្រវ៉ាត់ព្រំដែនមានសភាពទ្រឹង។ ក៏ប៉ុន្តែកងទ័ពទាំងសងខាងបានត្រៀមលក្ខណៈ ប្រយុទ្ធ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបើកកិច្ចប្រជុំបិទទ្វារ បន្ទាប់ពីមានការស្នើសុំពីភាគីកម្ពុជា ឲ្យដោះស្រាយបញ្ហាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ប្រទេសកម្ពុជាបានទម្លាក់ចោលការចរចាជាមួយប្រទេសថៃតាមរយៈទ្វេភាគី ក៏ប៉ុន្តែបើតាមការ អះអាងរបស់លោក Panitan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់VOAសំឡេង សហរដ្ឋអាមេរិកថា បញ្ហាជម្លោះព្រំដែនត្រូវតែដោះស្រាយដោយទ្វេភាគី។
លោក Panitan Wattanayagorn បានមានប្រសាសន៍ទៀតថា លោកសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងបញ្ចុះបញ្ចូលឲ្យកម្ពុជាវិលត្រឡប់មកតុចរចាជាមួយថៃវិញ ពីព្រោះប្រទេសទាំងពីរមានអនុស្សរណៈនៃការយោគយល់គ្នារួចជាស្រេច។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុន បានបញ្ជាក់ថា កម្ពុជាឈប់ចរចាជាមួយ ប្រទេសថៃតាមរយៈទ្វេភាគីទៀតហើយ ពីព្រោះ «យើងបានចុះហត្ថលេខាដោយដៃ តែប្រទេសថៃបែរជាលុបនឹងជើង»។
គួរបញ្ជាក់ផងដែរថា យន្តការចរចាទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកម្ពុជាបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ ក៏ប៉ុន្តែពុំទាន់បានទទួលលទ្ធផលនៅឡើយ៕