ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ខាង​ជើង​នៅ​សប្ដាហ៍​នេះ


អនុប្រធានាធិបតី​ Mike Pence បក់ដៃ​ខណ​ដែល​លោក​បាន​មកដល់​កម្មវិធី​គោលនយោបាយ​អាមេរិកាំង​កាលពី​ថ្ងៃទី​០២ កុម្ភៈ​ ២០១៨។

អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​សប្ដាហ៍​នេះ​ទៅ​កាន់​តំបន់​អាស៊ី​ខាង​ជើង​ដើម្បី​ជួយ​ទប់ទល់​នឹង​យុទ្ធនាការ​ទាក់ទាញ​ការ​គាំទ្រ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឯ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Mike Pence លើក​នេះ គឺ​ដោយសារតែ «ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំងក្លា» ដែល​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un «នឹង​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​នៅ​ឯ​កីឡា​អូឡាំពិក។ កូរ៉េ​ខាង​ជើង​កន្លង​មក​គឺ​ជា​អ្នក​ជំនាញ​ដើរ​អុកឡុក​គេ​ឯង។ កូរ៉េ​ខាង​ជើង​គឺ​ជា​រដ្ឋ​ឃោរឃៅ​សាហាវ​យង់ឃ្នង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​សេតវិមាន​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

បន្ទាប់ពី​លោក​ស្ដាប់​ការ​ផ្ដល់​ព័ត៌មាន​អំពី​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Alaska សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​មក លោក Mike Pence នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​លោក​តាម​យន្តហោះ Air Force Two ទៅ​កាន់​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ លោក Mike Pence នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថា ការ​ពិភាក្សា​របស់​លោក Pence ជាមួយ​នឹង​លោក Abe និង​លោក Moon គឺ​ជា​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា៕

XS
SM
MD
LG