ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​លុប​ចោល​ការ​សម្តែង​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាងត្បូង


ក្រុម​កីឡាការនី hockey របស់​កូរ៉េ​ខាង​ជើង​ទៅ​ដល់​ការិយាល័យ Inter-Korean Transit Office នៅ​ក្នុង​ក្រុង ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

កូរ៉េ​ខាង​ជើង​បាន​លុបចោល​ការ​សម្តែង​វប្បធម៌​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ ដែល​គ្រោង​នឹង​សម្តែង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា នេះ​បើ​យោង​តាម​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ស្តីបន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ញុះញុង​ឲ្យ​មាន​ការ​ប្រមាថ​ជា​សាធារណៈ​ទៅ​លើ​កូរ៉េ​ខាង​ជើង ហើយ​កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​ព្រឹត្តិការណ៍​ថ្ងៃ​ទី៤ ខែកុម្ភៈ ដែល​នឹង​ធ្វើ​ឡើង​នៅ​កូរ៉េ​ខាង​ជើង​ដើម្បី​អបអរ​ការ​ប្រកួត​កីឡា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Pyeong Chang ប្រទេស​កូរ៉េ​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះ​ថា ជា​រឿង​គួរ​ឲ្យ​សោកស្តាយ ហើយ​បាន​ជុំរុញ​ឲ្យ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​មួយ​នេះ គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​ទាំង​អស់​ដែល​បាន​ធ្វើ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​នេះ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

កាលពី​សប្តាហ៍​មុន កីឡាការនី ice hockey របស់​កូរ៉េ​ខាង​ជើង​ចំនួន​១២នាក់​បាន​ឆ្លង​ព្រំប្រទល់​ដើម្បី​ចូលរួម​ជាមួយ​នឹង​សមភាគី​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្កើត​ក្រុម​កីឡា​អូឡាំពិក​រួបរួម​ដោយ​កូរ៉េ​ទាំង​ពីរ​នេះ​ជា​លើក​ទីមួយ​ ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​នេះ​បាន​បែង​ចែក​គ្នា​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ទសវត្សរ៍១៩៥០។

ការ​ភ្ញាក់​ផ្អើល​ដែល​ផ្តល់​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ក្នុង​ការ​បញ្ចូន​ប្រតិភូ​មួយ​រូប​របស់​ខ្លួន​ទៅ​កាន់​កីឡា​អូឡាំពិកក្នុង​ទីក្រុង Pyeong Chang ក្នុង​អំឡុង​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​ស្តារ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ឡើង​វិញ ដែល​ទំនាក់​ទំនង​នេះ​បាន​ជាប់​គាំង​ ដោយ​សារ​តែ​ការ​ផលិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​ដែល​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ៕

XS
SM
MD
LG