មេដឹកនាំគណបក្សប្រឆាំងដ៏យូរអង្វែងក្នុងប្រទេសវ៉េណេស៊ុយអេឡាលោក Antonio Ledezma បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោកបានធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញពីប្រទេសកូឡុំប៊ី បន្ទាប់ពីបានគេចចេញពីការជាប់ឃុំក្នុងគេហដ្ឋាននៅក្នុងទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡាមក។
មេដឹកនាំទាំងពីរមិនបានថ្លែងជាសាធារណៈអំពីជំនួបរបស់ពួកគេនោះទេ។
មុនពេលចាកចេញពីប្រទេសកូឡុំប៊ី លោក Antonio Ledezma បាននិយាយថា លោកគ្រោងនឹង «ធ្វើដំណើរវែងឆ្ងាយបែបសន្តិវិធីជាអន្តរជាតិ» មួយ ក្នុងគោលបំណងប្រយុទ្ធដើម្បីសេរីភាពនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោក Antonio Ledezma ដែលធ្លាប់ធ្វើជាចៅហ្វាយក្រុងការ៉ាកាស បាននិយាយថា លោកបាននិយាយតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ដែលជាអ្នកផ្ដល់ការគាំទ្រចំពោះរូបលោក។
លោកបាននិយាយនៅពេលលោកធ្វើដំណើរទៅដល់ប្រលានយន្តហោះក្នុងទីក្រុងម៉ាឌ្រីដថា៖ «ប្រទេសវ៉េណេស៊ុយអេឡាមិនមែនកំពុងស្ថិតនៅមាត់ជ្រោះនោះទេ។ ប្រទេសនេះបានធ្លាក់ចូលក្នុងជ្រោះដ៏ជ្រៅរួចទៅហើយ»។
លោក Antonio Ledezma ដែលបានជាប់ឃុំក្នុងគេហដ្ឋានរបស់លោកតាំងពីឆ្នាំ ២០១៥ មក ពាក់ព័ន្ធនឹងបទចោទប្រកាន់ថារៀបចំគម្រោងសម្ងាត់ដើម្បីធ្វើរដ្ឋប្រហារ បានបញ្ជាក់ថា លោកបានរត់គេចពីការជាប់ឃុំនោះកាលពីថ្ងៃសុក្រទៅកាន់ប្រទេសកូឡុំប៊ីដែលនៅក្បែរខាង ដោយឆ្លងកាត់ប៉ុស្តិ៍ប៉ូលិស និងយោធាជាច្រើន៕