ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត


លោក Gerardo Blyde អ្នក​តំណាង​របស់​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា Democratic Union Roundtable ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​សម្រាប់​អភិបាល​ថ្មី​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​នៅ​ក្នុង​រដ្ឋ​ទាំង ២៣ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ និង​អំពាវនាវ​ឲ្យ​បេក្ខជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Gerardo Blyde ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៃ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា Democratic Union Roundtable បាន​និយាយ​ថា៖ «យើង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ណា​មួយ​នៅ​ពេល​នេះ​ទេ។ ប្រទេស​របស់​យើង​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​តឹងតែង​បំផុត​មួយ‍»។

ការ​ស្ទង់​មតិ​នានា​កន្លង​មក​បាន​ព្យាករណ៍​ថា សម្ពន្ធភាព​គណបក្ស​ប្រឆាំង​នេះ​អាច​នឹង​ឈ្នះ​បាន​សំឡេង​ជាង​ពាក់​កណ្ដាល​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

ប៉ុន្តែ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោកស្រី Tibisay Lucena ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល បាន​និយាយ​ថា គណបក្ស​សង្គម​និយម​ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ប្រធានាធិបតី Nicolas Maduro ឈ្នះ​បាន​តំណែង​អភិបាល​រដ្ឋ​ចំនួន ១៧ ដោយ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ទទួល​បាន ៥។

ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​សាកល្បង​សម្រាប់​រដ្ឋាភិបាល​របស់​លោក Nicolas Maduro នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​កង្វះ​ម្ហូប​អាហារ សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ឧក្រិដ្ឋកម្ម​កើន​ឡើង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​បាន​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​អាច​ជា​សញ្ញា​នៃ​ការ​ចាប់ផ្ដើម​នូវ​ការ​បញ្ចប់​ការ​ដឹកនាំ​បែប​សង្គម​និយម​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក។ ប្រទេស​វ៉េណេស៊ុយអេឡា​បាន​រង្គោះរង្គើ​ដោយសារ​ការ​តវ៉ា​នានា​ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​មេសា​មក ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១ រយ​នាក់​ស្លាប់៕

XS
SM
MD
LG