លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានសម្រេចបញ្ឈប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកជាទេសរដ្ឋមន្ត្រីក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៤ ខែឧសភាក្រោយមានទំនាស់ពាក្យសម្តីជាមួយមន្រ្តីក្រសួងបរិស្ថាន។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលភាគច្រើនគេស្គាល់ថា William Guang មានតួនាទីជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលអវត្តមានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល។
ការដកតំណែងនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំគណបក្សវ័យក្មេងរូបនេះ ចុះទៅស្រាវជ្រាវទំនាស់ដីធ្លីមួយក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងខេត្តព្រះសីហនុ។
លោក សាប៊ុង ប្រាប់VOAនៅថ្ងៃអង្គារនេះថា លោកមិនបានដឹងមូលហេតុនៅពីក្រោយការបញ្ចប់តំណែងនេះទេ ប៉ុន្តែលោកថានេះជាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ខ្ញុំអត់ដឹងទេ ព្រោះអ្នកថា បញ្ចប់គឺសម្តេចអគ្គមហាសេនាបតីតេជោ ហើយខ្ញុំគ្រាន់តែដឹងថា ខ្ញុំធ្វើការតាមតួនាទី និងភារកិច្ចប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំទទួលយក អត់អីទេ»។
លោក សាប៊ុង បានដឹកនាំប្រតិភូគណបក្សរបស់លោកទៅកាន់ខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន ហើយមានលិខិតបេសកកម្មចេញដោយលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សានេះ។ ប្រតិភូរបស់លោក មានបំណងចូលទៅសិក្សាទីតាំងដែលមានទំនាស់ដីធ្លីមួយកន្លែងស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម។
ក្នុងឃ្លីបវីដេអូមួយមានរយៈពេលជិត២០នាទី ដែលបង្ហោះនៅទំព័រហ្វេសប៊ុកឈ្មោះWilliam Guang ដែលមានលោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង ជាម្ចាស់នោះ មេដឹកនាំគណបក្សខ្មែរក្រោករូបនេះ និយាយថា ក្រុមមន្ត្រីបរិស្ថានមិនអនុញ្ញាតឲ្យលោកចូលទីតាំងដែលមានទំនាស់។
ក្នុងវីដេអូដដែលនោះ លោក សាប៊ុង បានអានត្រួសៗពាក្យបណ្តឹងមួយសន្លឹករបស់ពលរដ្ឋ៤រូបតំណាងឲ្យប្រជាពលរដ្ឋចំនួន១៣៥គ្រួសារ ដែលអះអាងថា មានវិវាទដីធ្លីក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មានរបាយការណ៍ថា ក្នុងទំនាស់ដីធ្លីនោះមានអំពើហិង្សានិងការបង្ខាំងពលរដ្ឋ។
មុនពេលដកតំណែងនេះ ក្រសួងបរិស្ថានចេញលិខិតប្រតិកម្មមួយចុះថ្ងៃទី៣ ខែឧសភា ដោយចោទលោកសាប៊ុងថា មិនយល់បែបបទការងាររដ្ឋបាលសាធារណៈ។ក្រសួងហៅលោក សាប៊ុងថាមាន«ចរិតក្រអឺតក្រទមនិងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានគ្មានភស្តុតាងច្បាស់លាស់»។
ក្រសួងបរិស្ថានបញ្ជាក់ថា គ្មានការប្រើប្រាស់ហិង្សា និងបង្ខាំងពលរដ្ឋដូចការលើកឡើងរបស់លោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុងនោះឡើយ។ ក្រសួងក៏បានចោទក្រុមពលរដ្ឋដែលមានវិវាទដីធ្លី ហើយមកពឹងឲ្យលោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុងជួយនោះថា ជា«ក្រុមជនទន្ទ្រានកាន់កាប់ដីធី្លខុសច្បាប់ ដោយសារតែដីដែលពលរដ្ឋចោទថាមានទំនាស់នោះត្រូវបានចុះបញ្ជីដីរដ្ឋរួចហើយ»។
ក្រសួងបរិស្ថានដែលស្ថិតក្រោមការដឹកនាំរបស់លោកសាយ សំអាល់ ដែលជាកូនប្រុសរបស់លោកសាយ ឈុំ បានដាក់ការស្តីបន្ទោសមេដឹកនាំគណបក្សខ្មែរក្រោកថា មកបំពេញការងារ«ដោយមិនដឹងទិសតំបន់ ដែលការណ៍នេះបានធ្វើឲ្យខូចផលប្រយោជន៍សង្គមជាតិ និងបង្កើតនូវភាពអនាធិបតេយ្យ»។
បើតាមក្រសួងបរិស្ថាន ដីនេះស្ថិតក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេវើហ្គ្រីន និងក្រុមហ៊ុន យិៈ ចៀ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។
លោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង អះអាងថា អ្វីដែលលោកបានធ្វើនោះ គឺស្របទៅតាមឯកសារគតិយុត្តិនានាស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សា ហើយថាបេសកកម្មរបស់លោកគឺជាដំណើរឈ្វេងយល់អំពីទំនាស់តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
«ពលរដ្ឋអត់មានប្តឹងរឿងក្រុមហ៊ុនអីផង។ ពលរដ្ឋប្តឹងមក យើងអត់មាន វាយតម្លៃវិនិច្ឆ័យទេ។ យើងចុះទៅស្រាវជ្រាវហ្នឹង ប៉ុន្តែការស្រាវជ្រាវរបស់យើងបានអាក់ខាន»។
លោកមាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា តួនាទីនៅក្នុងឧត្តមក្រុមប្រឹក្សាដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះមានភាពផុយស្រួយប្រសិនបើសមាជិករូបណានៃស្ថាប័ននេះ លូកដៃចូលរឿងរសើបដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងធនធានរ៉ែជាដើម។
«វាធ្លាប់មានបទពិសោធន៍មុនៗមកឲ្យតែ សមាជិកឧត្តមក្រុមប្រឹក្សានេះ នរណាម្នាក់ហ៊ានលូកទៅរកកន្លែងណាមួយដែលវាជាកន្លែងរសើប ដូចជាបញ្ហា ដីធ្លី ឬក៏រ៉ែអីហ្នឹង គឺបើមិនមានការព្រមានទេ ក៏អាចមានជា លេចឮជាពាក្យ យើងហៅថា ជាពាក្យព្រមានខ្លះៗ ពីក្នុងរដ្ឋាភិបាល។ ដូច្នេះសម្រាប់ការបញ្ឈប់លោកសាប៊ុងនេះ ខ្ញុំមើលទៅវាសម្រាប់ខ្ញុំ មិនមានអីដែលជាការភ្ញាក់ផ្អើលទេ»។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាសមាជិកមួយរូបនៃក្រុមប្រឹក្សានេះមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលចំពោះការបញ្ចប់តំណែងរបស់លោក សាប៊ុង។
កាលពីខែមិថុនា ឆ្នាំ២០១៩លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការមិនពេញចិត្តម្ដងរួចមកហើយចំពោះ «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ដោយសារសមាជិកខ្លះនៃស្ថាប័ននេះហាក់ដើរហួសតួនាទីក្នុងការកោះហៅរដ្ឋមន្ត្រី និងជ្រៀតជ្រែកចូលកិច្ចការនគរបាល និងយោធាជាដើម។
ប៉ុន្តែក្នុងសន្និបាតមួយកាលពីដំណាច់ខែធ្នូ ឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សានេះ លោក ហ៊ុន សែន បានសរសើរស្ថាប័ននេះថា បំពេញតួនាទីល្អជាងរដ្ឋសភា ដែលមានបក្សជំទាស់ទៅទៀត ហើយលោកថា ចង់បន្តអាណត្តិស្ថាប័ននេះ ក្រោយឆ្នាំ២០២៣តទៅមុខទៀត៕