សមាជិកម្នាក់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវបានបញ្ចប់ពីមុខតំណែងនៅថ្ងៃច័ន្ទទី៤ ខែឧសភានេះ ដោយមិនដឹងពីមូលហេតុពិតប្រាកដ។ នេះបើយោងតាមព្រះរាជក្រឹត្យមួយ ចុះហត្ថលេខាដោយលោក សាយ ឈុំ ដែលបំពេញតួនាទីជាប្រមុខរដ្ឋស្តីពី ជំនួសព្រះមហាក្សត្រដែលបានយាងទៅប្រទេសចិន។
ព្រះរាជក្រឹត្យដែលវីអូអេទទួលបាននៅថ្ងៃចន្ទនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តបញ្ចប់មុខតំណែងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីនេះទេ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គឺជាប្រធានគណបក្សខ្មែរក្រោក ដែលជាគណបក្សបង្កើតថ្មីមួយដែលបានចូលរួមជាមួយគណបក្សនយោបាយចំនួន១៥ទៀតនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ ត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨។
ក្រុមប្រឹក្សានេះ មានតួនាទី ផ្តល់យោបល់និងជួបពិគ្រោះជាមួយនាយករដ្ឋមន្ត្រី រាល់៦ខែម្តង។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលគេស្គាល់តាមឈ្មោះហៅក្រៅថា William Guang ត្រូវបានគេមើលឃើញថាបានចុះមូលដ្ឋាន ធ្វើសកម្មភាពជួបជាមួយប្រជាពលរដ្ឋនិងចែកម៉ាសដល់អ្នកភូមិជាដើមក្នុងចំណោមសកម្មភាពមួយចំនួនទៀតក្នុងពេលកន្លងទៅនិងថ្មីៗនេះ។
វីអូអេ បានទាក់ទងស្នើសុំប្រតិកម្មតបប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបណាមួយពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាននៅឡើយទេគិតត្រឹមថ្ងៃចន្ទនេះ៕