កាលពីថ្ងៃទី១២ ខែវិច្ឆិកា ទីក្រុងនៅជាប់សមុទ្រមួយនេះរងគ្រោះដោយសារហេតុការណ៍ធ្ងន់ធ្ងរមួយដែលបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់អគារ ព្រះវិហារ និងបេតិកភណ្ឌវប្បធម៌។ ឥឡូវនេះកម្រិតទឹកសមុទ្របានស្រកទៅវិញ ហើយនៅក្នុងខែប្រារព្ធពិធីបុណ្យដង្ហែក្បួនមួយដែលគេហៅថា carnival អ្នកទេសចរអាចកម្សាន្តសប្បាយដោយមិនចាំបាច់សម្លៀកបំពាក់ការពារទទឹកទៀតនោះទេ។ ប៉ុន្តែសម្រាប់អាជ្ញាធរវិញ ពួកគេកំពុងធ្វើប្រតិបត្តិការសម្អាត បន្ទាប់ពីមានជំនោរទឹកសមុទ្រដ៏ខ្ពស់នេះ។
ការឡើងកម្រិតទឹកសមុទ្រនៅក្នុងរដូវរងាមិនមែនជារឿងចម្លែកនោះទេសម្រាប់ពលរដ្ឋនៅក្នុងក្រុង Venice ដែលបានរស់នៅជាមួយនឹងការជោរជន់និងលំនាចទឹកសមុទ្ររាប់សតវត្សរ៍មកហើយ។ មជ្ឈមណ្ឌល Tides Center នៅក្នុងក្រុង Venice បង្កើតកម្មវិធីទូរស័ព្ទដៃ ដែលអ្នកស្រុករស់នៅទីនោះ និងភ្ញៀវទេសចរអាចតាមដានការព្យាករណ៍របស់ខ្លួនបាន។ មជ្ឈមណ្ឌលនេះអាចព្យាករណ៍ពីការឡើងកម្រិតទឹកសមុទ្រ និងជូនដំណឹងដល់អ្នករស់នៅក្នុងទីក្រុងថាតើតំបន់ណាមួយត្រូវលិច និងក្នុងរយៈពេលប៉ុន្មាន។
ប៉ុន្តែអ្វីដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានធ្វើឱ្យអ្នកជំនាញផ្នែកជំនោរនិងលំនាចទឹកសមុទ្រមានការភ្ញាក់ផ្អើល។ ពួកគេបានពណ៌នាហេតុការណ៍ដែលបានកើតឡើងនោះថា ជាហេតុ ការណ៍កម្រមួយបង្កដោយកត្តាជាច្រើន ដែលនាំឱ្យមាន «ព្យុះចម្លែកមួយ»។ លោក Morris Ceron នាយកខុទ្ទកាល័យរបស់អភិបាលក្រុង Venice បាននិយាយថា នៅពេលដែលជំនោរទឹកសមុទ្រឡើងដល់កម្រិតកំពូល នឹងមានខ្យល់ចំនួនពីរដែលមានកម្លាំងខ្លាំង បោកបក់ក្នុងពេលតែមួយ។
លោកបាននិយាយថា ការបំផ្លិចបំផ្លាញខ្លាំងដែលមាត់សមុទ្រ និងទូកនានារងផលប៉ះពាល់គឺជាលទ្ធផលនៃកម្លាំងខ្យល់កន្ត្រាក់ និងជំនោរទឹកសមុទ្រដ៏ខ្ពស់។ របាំងទប់រលកសមុទ្រក៏រងការខូចខាតផងដែរ ហើយលោក Ceron និយាយថា គ្រោះមហន្តរាយនេះត្រូវការការឆ្លើយតបភ្លាមៗ ដោយសារតែសេវាកម្មទូកសាធារណៈគឺជាសេវាកម្មធ្វើដំណើរដ៏ចាំបាច់នៅក្នុងក្រុង Venice។
លោកបានបន្ថែមថា ក្រុង Venice ជាក្រុងមួយដែលស្ថិតនៅលើទឹក ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាមានទូកនោះទេ។
លោក Ceron បាននិយាយថា ជាងពីរខែបន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នោះបានកើតឡើងនៅក្នុងខែវិច្ឆិកា នាពេលថ្មីៗនេះ អាជ្ញាធរទើបតែគណនាការខូចខាត ដែលបង្កដោយជំនោរទឹកសមុទ្រក្នុងរដូវរងានេះ ដែលនៅក្នុងឆ្នាំនេះកើតឡើងញឹកញាប់ជាងមុន ដោយសារតែការកើនឡើងកម្តៅផែនដី និងការឡើងកម្រិតទឹកសមុទ្រ។ លោកបាននិយាយថា ការខូចខាតសរុបត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជា៥៤៦លានដុល្លារ ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋប្រមាណជា៤៣៧លានដុល្លារ និងទ្រព្យសម្បត្តិឯកជនមានទឹកប្រាក់ចំនួន១០៩លានដុល្លារ។
ការថែទាំទីក្រុងទេសចរណ៍ត្រូវចំណាយប្រាក់យ៉ាងច្រើន។ លោក Ceron បានបន្ថែមថា អ្នកស្រុក និងអាជ្ញាធរធ្វើការឆ្លើយតបបានយ៉ាងលឿន ដោយសារតែពួកគេដឹងថាតើត្រូវដោះស្រាយជាមួយនឹងកម្រិតទឹកសមុទ្រខ្ពស់ដោយរបៀបណា ហើយពួកគេអាចគ្រប់គ្រងបញ្ហានេះបាន។
លោកបាននិយាយថា ក្រុង Venice តែងតែជាទីក្រុងនិម្មិតរូបនៃការងើបឡើងវិញ ហើយការងើបឡើងវិញនេះគឺជាចំណុចដែលធ្វើឱ្យទីក្រុងនេះនៅតែមានលក្ខណៈពិសេសអស់រយៈពេលជាច្រើនឆ្នាំ។
អាជ្ញាធរ និងពលរដ្ឋមូលដ្ឋាននិយាយថា ក្រុង Venice មានសុវត្ថិភាព ហើយភ្ញៀវទេសចរមិនគួរមានការបារម្ភនោះទេ ដោយសារតែវានឹងត្រឡប់ទៅរកស្ថានភាពធម្មតាវិញ។ តាមពិតទៅ ប្រសិនបើអ្នកណាម្នាក់ដើរតាមផ្លូវតូចចង្អៀតនៅក្នុងក្រុងនេះ នៅពេលដែលទឹកស្រកទៅវិញ គេអាចនឹងមិនដឹងថា មានជំនោរទឹកសមុទ្រដ៏ខ្ពស់កើតឡើងនោះទេ។
ផ្ទះសម្បែង និងហាងទំនិញនានាត្រូវបានសម្អាត ហើយមានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថា មិនមានសំរាមនៅលើផ្លូវ និងនៅក្នុងប្រឡាយក្នុងក្រុងនេះទេ។ ភ្ញៀវទេសចរដែលមកលេងក្រុងនេះនឹងមិនភ្ញាក់ផ្អើលនោះទេ ប្រសិនបើគេឃើញមានអ្នកជិះទូកកាន់សម្ភារៈពិសេស ហើយធ្វើការសម្អាតនៅក្នុងប្រឡាយនោះ។ មានសំរាមរាប់រយគីឡូក្រាមបន្សល់ទុកនៅលើច្រាំងបន្ទាប់ពីមានជំនោរទឹកសមុទ្ររួចមក។
លោក Nicola Picco ជាប្រធានក្រុមហ៊ុន Insula ដែលក្រុមប្រឹក្សាក្រុងបានផ្តល់ការងារដាច់ដោយឡែកក្នុងការសម្អាតប្រឡាយក្នុងក្រុង Venice។
លោក Picco និយាយថា ក្រុមហ៊ុន Insula បានធ្វើការងារជាច្រើនដែលទីក្រុងនេះត្រូវចំណាយទឹកប្រាក់ជាង៥៤៦លានដុល្លារក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថា ប្រឡាយចំនួន៣០កំពុងត្រូវបានគេស្តារយកភក់ចេញចំនួន៣ម៉ឺនម៉ែត្រគូប។ គោលបំណងនៃប្រតិបត្តិការនេះគឺដើម្បីធានាអនាម័យ និងសុខមាលភាព និងធានាថាគេអាចធ្វើដំណើរនៅក្នុងប្រឡាយនេះបានដោយសុវត្ថិភាព៕