គណកម្មការរៀបចំការបោះឆ្នោតក្នុងប្រទេសវេណេស៊ុយអេឡាបានប្រកាសថា លោក Nicolas Maduro ដែលជាប្រធានាធិបតីកំពុងកាន់តំណែងបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសម្រាប់អណត្តិ៦ឆ្នាំបន្ទាប់ទៀត។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យដោយគ្មានវត្តមានគណបក្សប្រឆាំងគឺជាជ័យជម្នះមួយរបស់មេដឹកនាំផ្តាច់ការ ដែលបានទទួលការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
លោក Maduro វ័យ៥៥ឆ្នាំដែលជាអតីតអ្នកបើករថយន្តដឹកអ្នកដំណើរ បានត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតនេះ បើទោះបីជាមានវិបត្តិយ៉ាងខ្លាំងបានកើតឡើងនៅក្នុងប្រទេសនេះ ដែលមានដូចជាកង្វះម្ហូបអាហារ និងមានអតិផរិណាខ្លាំងយ៉ាងណាក៏ដោយ។
លោក Maduro បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណាស៊ុយអេឡាថា ជ័យជម្នះរបស់លោកគឺជាកំណត់ត្រាជាប្រវត្តិសាស្ត្រ។
លោក Henri Falcon អតីតអភិបាលរដ្ឋគឺជាដៃគូប្រជែងសំខាន់មួយរបស់លោក Maduro ប៉ុន្តែឱកាសរបស់លោក Henri Falcon ត្រូវបានបាត់បង់បន្ទាប់ពីវត្តមានរបស់បេក្ខជនប្រកួតប្រជែងសំខាន់ទីពីរ ដែលជាអ្នកប្រឆាំងនឹងលោក Maduro គឺបព្វជិត Javier Bertucci។
លោក Falcon បានថ្លែងកាលពីថ្ងៃអាទិត្យថា «លោកមិនទទួលស្គាល់ដំណើរបោះឆ្នោតនេះទេ។ នេះមិនមែនជាការបោះឆ្នោតដែលត្រឹមត្រូវនោះទេ។ហើយលោកទាមទារឲ្យមានការបោះឆ្នោតថ្មីមួយទៀតនៅក្នុងប្រទេសវេណេស៊ុយអេឡា»។
លោក Bertucci ក៏បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មីមួយផងដែរ។
លោក Falcon បានរិះគន់ទៅលើការតំឡើងតង់ពណ៌ក្រហមនៅជិតស្ថានីយ៍បោះឆ្នោត នៅទូទាំងប្រទេស សម្រាប់ឲ្យពលរដ្ឋវេណេស៊ុយអេឡាស្កេនប័ណ្ឌសម្គាល់របស់ពួកគេបន្ទាប់ពីបោះឆ្នោតរួចដើម្បីទទួលបានរង្វាន់។ រដ្ឋាភិបាលបានចេញប័ណ្ឌសម្គាល់ទាំងនេះទុកសម្រាប់ទទួលអត្ថប្រយោជន៍ផ្សេងៗមានដូចជាកញ្ចប់អាហារជាដើម។ ក្រុមអ្នករិះគន់និយាយថានេះគឺរូបភាពទិញសន្លឹកឆ្នោត។
ជ័យជម្នះរបស់លោក Maduro អាចនឹងបណ្តាលឲ្យមានទណ្ឌកម្មថ្មីបន្ថែមទៀត រួមទាំងការដាក់ទណ្ឌប្រេងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាការរិះគន់យ៉ាងខ្លាំងពីសហភាពអ៊ឺរ៉ុប និងអាមេរិកឡាទីនផងដែរ៕