ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Tillerson៖ សហរដ្ឋ​អាមេរិក​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រេង​លើ​ប្រទេស​វ៉េណេស៊ុយអេឡា


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន San Martin ក្នុង​ក្រុង Buenos Aires កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ដាក់​កំហិត​ចំពោះ​ការ​លក់​ប្រេង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា ដើម្បី​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​នេះ។

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Tillerson បាន​និយាយ​ថា នៅ​ក្នុង​អំឡុង​ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​ប្រទេស​អាហ្សង់ទីន លោក​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​ថា​ជា​វិធី​មួយ​ដើម្បី​ធានា​ឲ្យ​មាន «ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​អាច​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន» នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

ប៉ុន្តែ លោក Tillerson ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ចង់​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​មាន​មក​លើ​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋ​អាមេរិក ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដែល​ពឹងផ្អែក​លើ​ប្រេង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា។

លោក Tillerson បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដោយសារតែ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដូច្នេះ​ចំណុច​មួយ​ដែល​ត្រូវ​ពិចារណា​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​នេះ គឺ​ផល​ប៉ះពាល់​ដែល​ទណ្ឌកម្ម​នេះ​អាច​មាន​ចំពោះ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា និង​ថា​តើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​ជួយ​បញ្ចប់​ស្ថានការណ៍​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​កាន់តែ​ឆាប់​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ»។

ប្រទេស​វ៉េណេស៊ុយអេឡា​គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ធំ​បំផុត​ទី ៣ ចំពោះ​សហរដ្ឋ​អាមេរិក។ ឧស្សាហកម្ម​ប្រេង​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​ចំពោះ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​អាច​ប៉ះពាល់​ដល់​ចំនួន​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​តម្លៃ​សាំង​ឡើង​ថ្លៃ៕

XS
SM
MD
LG