លោក Juan Guaido មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្ខិតបង្ខំលោកប្រធានាធិបតី Nicolas Maduro ឱ្យចុះចេញពីអំណាច និងធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសជាតិនេះនៃទ្វីបអាមេរិកខាងត្បូង។
លោក Guaido ប្រធានរដ្ឋសភាត្រួតត្រាដោយពួកប្រឆាំង បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីសប្តាហ៍មុននៅក្រោយរដ្ឋសភាបានប្រកាសថាតំណែងប្រធានាធិបតីរបស់លោក Maduro មិនត្រឹមត្រូវតាមច្បាប់ទេ ដោយនិយាយបង្ហាញហេតុផលថាការជាប់ឆ្នោតជាថ្មីរបស់លោកកាលពីខែឧសភាឆ្នាំ២០១៦មិនយុត្តិធ៌មទេពីព្រោះបេក្ខជនប្រឆាំងភាគច្រើនបានត្រូវរារាំងឱ្យឈរឈ្មោះឬបានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនេះទេ។
ស.រ.អាបានទទួលស្គាល់លោក Guaido ថា ជាមេដឹកនាំបណ្តោះអាសន្ននៃប្រទេសវេណេស៊ុយអេឡា។
នៅក្នុងអត្ថបទបញ្ចេញមតិមួយចុះផ្សាយក្នុងកាសែត The New York Times នៅថ្ងៃព្រហស្បតិ៍នេះ លោក Guaido បាននិយាយថា ប្រទេសជាង៥០បានទទួលស្គាល់លោកជាប្រធានាធិបតីបណ្តោះអាសន្ន ឬទទួលស្គាល់រដ្ឋសភាជាអាជ្ញាធរត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសវេណេស៊ុយអេឡា។ លោកក៏បានអំពាវនាវដល់លោកអគ្គលេខាធិការអ.ស.ប Antonio Guterres សុំជំនួយមនុស្សធ៌ម។ លោក Guaido ថ្លែងថាលោកបានចាប់ផ្តើមដំណើរការតែងតាំងឯកអគ្គរដ្ឋទូត និង «ស្វែងរកព្រមទាំងយកមកវិញនូវធនធានជាតិរក្សាទុកនៅក្រៅប្រទេស»។
លោក Guaido និយាយអះអាងថា លោកបាន «ជួបដោយសម្ងាត់» ជាមួយពួកសមាជិកនៃក្រុមយោធា ដើម្បីនិយាយបញ្ចុះបញ្ចូលពួកគេឱ្យឈប់គាំទ្រលោក Maduro ដែលលោកថ្លែងថា «មានសារៈសំខាន់ណាស់សម្រាប់ធ្វើឱ្យមានការផ្លាស់ប្តូរមួយក្នុងរដ្ឋាភិបាល»៕