ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ជាច្រើន​សន្ធឹកសន្ធាប់​បន្ត​ធ្វើ​ចំណាក​ស្រុក​គ្រាដែល​សេដ្ឋកិច្ច​និង​បញ្ហា​សិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់


ប្រជាជន​វ៉េណេស៊ុយអេឡា​រង់ចាំ​ឆ្លងកាត់​កន្លែង​ត្រួត​ពិនិត្យ​ជនអន្តោប្រវេសន៍នៅព្រំដែនអេក្វាទ័រនិង​ប៉េរូ​។
ប្រជាជន​វ៉េណេស៊ុយអេឡា​រង់ចាំ​ឆ្លងកាត់​កន្លែង​ត្រួត​ពិនិត្យ​ជនអន្តោប្រវេសន៍នៅព្រំដែនអេក្វាទ័រនិង​ប៉េរូ​។

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា​និង​ក្រុមប្រឆាំងដោះស្រាយ​ភាព​ខុសគ្នា​របស់​ពួកគេ​ដែល​បង្ក​ឲ្យ​មាន​ស្ថានការណ៍​សេដ្ឋកិច្ច​សង្គម​កាន់តែ​អាក្រក់ និង​ការបំពាន​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រី Michelle Bachelet បាន​បង្ហាញ​អំពី​ស្ថានការណ៍​ថ្មី ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នៅ​ឯ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។

អង្គការ​សហ​ប្រជាជាតិ​រាយការណ៍​ថា ជនភៀសខ្លួន និង​ជនចំណាកស្រុក​វ៉េណេស៊ុយអេឡា​ជាង​៤លាន ៣សែននាក់ បាន​ភៀស​ខ្លួន​ពី​ប្រទេស​របស់​ពួកគេ។ ពួកគេ​ភាគច្រើន​បាន​ទៅ​ប្រទេស​ក្បែរខាង។ លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​ព្រមាន​ថា ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ក្នុង​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ដូចនេះ នឹង​បន្ត​មាន​ទៀត បើសិនណា​ស្ថានការណ៍​សេដ្ឋកិច្ច​សង្គម និង​ការបំពាន​សិទ្ធិ​មនុស្ស មិន​ស្រកស្រុត​ទេ​នោះ។ នេះ ជា​ពាក្យសម្តី​របស់​លោកស្រី Michelle Bachelet តាមរយៈ​អ្នកបកប្រែ។

លោកស្រី Michelle Bachelet ថ្លែង​ថា៖

«ការិយាល័យ​របស់​ខ្ញុំ បាន​កត់ត្រា​ករណី​ធ្វើ​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដល់​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង ពី​សំណាក់​មនុស្ស​មាន​អំណាច ជាពិសេស​ពីសំណាក់​សមាជិក​យោធា។ ស្ថានការណ៍​នៃ​ការឃុំខ្លួន មិន​ដល់​កំរិត​អប្បបរមា​នៃ​បទដ្ឋាន​អន្តរជាតិ​ទេ និង​ជនទាំងឡាយ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន មិន​អាច​ទទួល​ការថែទាំ​សុខភាព​ឲ្យបាន​សមរម្យ​ទេ។ ខ្ញុំ សូម​អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​ចាត់​វិធានការ ដើម្បី​កែប្រែ​ការអនុវត្ត​ទាំងនេះ អនុញ្ញាត​ឲ្យ​មាន​ការថែទាំ​សុខភាព និង​ស៊ើបអង្កេត​ការបំពាន​ផ្នែក​សិទ្ធិ​មនុស្ស»។

លោកស្រី Bachelet បាន​ទៅ​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ខែមិថុនា ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ការិយាល័យ​របស់​លោកស្រី​ឡើងវិញ​នៅក្នុង​រដ្ឋធានី​ការ៉ាកាស។ លោកស្រី Bachelet ថ្លែង​ថា ចាប់តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​របស់​លោក Nicolas Maduro បាន​ដោះលែង​មនុស្ស​៨៣ នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ហើយ​អ្នកទោស​ក្នុង​ពន្ធនាគារបាន​ទទួល​ការថែទាំ​សុខភាព​ច្រើន​ជាង​មុន។

ក៏ប៉ុន្តែ លោកស្រី​ក៏​បាន​ថ្លែង​ផងដែរ​ថា ភាពប្រសើរ​ឡើង​នេះ គឺ​តិចតួច​ណាស់​បើប្រៀប​ទៅ​នឹង​ទុក្ខលំបាក​វេទនា​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​គ្មាន​ជម្រក ដែល​បណ្តាល​មកពី​អតិផរណា​ដ៏​ខ្លាំងក្លា ការខ្វះ​ម្ហូប​អាហារ ថ្នាំពេទ្យ និង​ទំនិញ​និង​សេវាកម្ម​សំខាន់ៗ​ដទៃទៀត។ នេះ ជា​ពាក្យសម្តី​របស់​លោកស្រី Michelle Bachelet តាមរយៈ​អ្នកបកប្រែ។

លោកស្រី Michelle Bachelet ថ្លែងថា៖

«នៅក្នុង​បរិបទ​នេះ កាលពី​ថ្ងៃទី​៨ខែសីហា ខ្ញុំបាន​បង្ហាញ​ការព្រួយបារម្ភ​របស់​ខ្ញុំ ទាក់ទង​នឹង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​ឡើង ទៅ​លើ​ផ្នែក​សិទ្ធិ​មនុស្ស ដោយសារតែ​ការដាក់​ទណ្ឌកម្ម​ថ្មី​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ ថ្វីបើ​មាន​ករណី​លើកលែង​ខ្លះ​នៅក្នុង​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​នេះ សម្រាប់​ចំណាយ​ទៅ​លើ​ផ្នែក​ជំនួយ​មនុស្សធម៌ ការអនុលោមទៅ​តាម​វិស័យ​ហិរញ្ញវត្ថុ​ហួសហេតុ ការថយចុះ​ប្រាក់ចំណូល​សម្រាប់​សាធារណៈ និង​ការធ្លាក់ចុះ​ប្រាក់ចំណូល​ពី​ការលក់ប្រេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាស្រេច​ទៅ​ហើយ​ទៅ​លើ​កម្មវិធី​សង្គម​ និង​ប្រជាពលរដ្ឋ​ទូទៅ»។

លោកស្រី Bachelet ព្រមាន​ថា ជនភៀសខ្លួន និង​ជនចំណាកស្រុក​វ៉េណេស៊ុយអេឡា​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ ធ្វើឲ្យ​មាន​អស្ថេរភាព​នៅក្នុង​តំបន់។ លោកស្រី​បង្ហាញ​ការព្រួយបារម្ភ​អំពី​សេចក្តី​រាយការណ៍អំពី ការកើត​មាន​នូវ​ការស្អប់ខ្ពើម​ជនបរទេស នៅក្នុង​ប្រទេស​ដែល​ទទួល​ជនចំណាកស្រុក និង​ជន​ភៀសខ្លួន និង​គ្រោះថ្នាក់​ដែល​កាន់តែ​កើនឡើង​ចំពោះ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ ជាច្រើន​ទម្រង់​ដូចជា អំពើ​ហិង្សា ការកេងប្រវ័ញ្ច និង​ការជួញដូរ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG