ទីក្រុងការ៉ាកាស៖ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មប្រេងបានធ្លាក់ចុះនៅក្នុងប្រទេសវេណេហ៊្សូអេឡា (Venezuela) សូម្បីតែនៅពេលដែលការប៉ាន់ស្មានអំពីចំនួនប្រេងបម្រុង ដែលមានក្នុងអណ្តូងរបស់ប្រទេសនេះបានកើនឡើងក៏ដោយ។ ឥឡូវនេះ ប្រេងបម្រុងក្នុងអណ្តូងរបស់ប្រទេសវេណេហ៊្សូអេឡាត្រូវបានគិតថា មានបរិមាណច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលនឹងផ្តល់ឱ្យប្រទេសនេះ នូវសក្តានុពលប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខទៀត។ បញ្ហាថាតើលោកប្រធានាធិបតី ហ៊ូហ្គោ ឆាវេស (Hugo Chavez) អាចជួយឲ្យប្រទេសរបស់លោក បានសម្រេចនូវសក្តានុពលបែបនោះឬដូចម្តេច គឺជារឿងនៃការពិភាក្សាវែកញែកមួយ។
ប្រទេសវេណេហ៊្សូអេឡា បានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងរបស់ខ្លួន ក្នុងទសវត្សរ៍ ១៩៧០ ប៉ុន្តែលោកប្រធានាធិបតី ឆាវេស រិះគន់ខ្លាំងៗប្រឆាំងនឹងផលប្រយោជន៍ប្រេងបរទេស ដែលហាក់ដូចជារឿងនោះទើបកើតឡើងកាលពីម្សិលមិញប៉ុណ្ណោះ។
«លទ្ធិអាណានិគមនិយមប្រេងត្រូវបានដាក់បង្ខំមកលើប្រទេសវេណេហ៊្សូអេឡា ហើយបានគ្របដណ្តប់មកលើនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់យើង»។
ដោយឧស្សាហកម្មប្រេងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ លោកឆាវេស ជាអ្នកទទួលខុសត្រូវចំពោះរបៀបគ្រប់គ្រងលើឧស្សាហកម្មនេះ។ នៅពេលមើលមួយភ្លែត តួលេខឃើញដូចជាមិនគួរជាទីលើកទឹកចិត្តទេ។ ក្រុមអ្នកជំនាញនិយាយថា ផលិតកម្មបានធ្លាក់ចុះប្រហែល ១ភាគ៣ ចាប់តាំងពីលោកឡើងកាន់តំណែងមក ហើយបានកាត់បន្ថយផលប្រយោជន៍ហិរញ្ញវត្ថុពេញលេញរបស់ប្រទេសវេណេហ៊្សូអេឡា ដែលអាចកើនឡើងបានយ៉ាងច្រើនបំផុតក្នុងឆ្នាំ២០០៨ នៅពេលដែលតម្លៃប្រេងជាសកលបានឡើងដល់ចំណុចកំពូល ទៅដល់តម្លៃប្រហែល១៤០ដុល្លារក្នុងមួយធុង។
លោកវ័ន ខាឡូស សូសា (Juan Carlos Sosa) ជាអ្នកវិភាគប្រេងជាតិវេណេហ៊្សូអេឡា មានប្រសាសន៍ថា រដ្ឋាភិបាលបានបង្វែរមូលនិធិពីហេដ្ឋារចនាសម្ព័ន្ធប្រេង ដើម្បីរក្សាឱ្យនៅគង់វង់បានយូរ នូវគំនិតផ្តួចផ្តើមខាងលទ្ធិសង្គមនិយម ដែលមានតម្លៃខ្ពស់យ៉ាងខ្លាំង។
«ដើម្បីត្រឡប់ទៅរកកម្រិតផលិតកម្មក្នុងឆ្នាំ១៩៩៨វិញ ប្រទេសវេណេហ៊្សូអេឡា នឹងត្រូវការធ្វើវិនិយោគក្នុងទឹកប្រាក់ពី១០ពាន់លាន ទៅ១២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការប្រេងរបស់ខ្លួន។ កិច្ចការនេះ មិនត្រូវបានធ្វើឡើយ ដូច្នេះស្ថានការណ៍មានភាពធ្ងន់ធ្ងរ»។
បើយោងតាមលោក សូសា គឺថា រដ្ឋាភិបាលបានធ្វើឱ្យបញ្ហានេះមានភាពកាន់តែធ្ងន់ធ្ងរឡើងទៀត ដោយបានបណ្តេញអ្នកបច្ចេកទេសរាប់ពាន់នាក់ចេញពីក្រុមហ៊ុនប្រេង PDVSA ដែលរដ្ឋគ្រប់គ្រង ហើយជំនួសអ្នកទាំងនោះដោយកម្មករ ដែលសមត្ថភាពចំបងរបស់ពួកគេ គឺភាពស្មោះត្រង់ចំពោះលោកប្រធានាធិបតី ឆាវេស។ ហើយ លោកបានកត់សម្គាល់ថា សមាមាត្រមួយភាគធំនៃផលិតផលប្រេង ដែលចេះតែរួញទៅរបស់ប្រទេសវេណេហ៊្សូអេឡា ត្រូវបានបរិច្ចាគទៅឲ្យប្រទេសគុយបា (Cuba) និងប្រទេសដឹកនាំដោយពួកឆ្វេងនិយមដទៃទៀត។
«ប្រទេសគុយបាទទួលបានប្រេងរបស់ប្រទេសវេណេហ្សូអេឡាចំនួនជាង១សែនធុងក្នុងមួយថ្ងៃៗ ដោយមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់។ ជាជំនួសវិញ ប្រទេសគុយបាបានផ្តល់សេវាពេទ្យ ការបណ្តុះបណ្តាលផ្នែកកីឡា និងជំនួយផ្សេងៗទៀត។ នេះជាការរៀបចំផ្នែកមនោគមវិជ្ជា។ ប៉ុន្តែ PDVSA បានទទួលរងគ្រោះ ពីព្រោះខ្លួនអាចលក់ប្រេងទាំងនោះ ទៅឲ្យសហរដ្ឋអាមេរិកដើម្បីប្តូរយករូបិយប័ណ្ណសុទ្ធបាន»។
លោកប្រធានាធិបតី ឆាវេស សើចចំអកចំពោះការរិះគន់បែបនោះ ដោយកត់សម្គាល់ថា ប្រទេសវេណេហ៊្សូអេឡាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ជាមួយប្រទេសចិន និងប្រទេសផ្សេងៗទៀត ដែលនឹងនាំមកនូវការវិនិយោគរាប់សិបពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង។ ផ្ទុយពីការធ្លាក់ចុះបន្ថែម លោកបានព្យាករណ៍ថា ផលិតកម្មនឹងកើនឡើងទ្វេដង។
«ក្នុងរយៈពេលតែពីរបីឆ្នាំ យើងនឹងផលិតបានប្រេង ៥លានធុងក្នុងមួយថ្ងៃ។ បន្ទាប់មក ៦លានធុងក្នុងមួយថ្ងៃ»។
ប្រជាពលរដ្ឋវេណេហ្សូអេឡាមានអារម្មណ៍ផ្សេងគ្នាអំពីរបៀបចាត់ចែងទ្រព្យសម្បត្តិ ដែលបានមកពីប្រេងរបស់ប្រទេសខ្លួន។ បុរសម្នាក់នេះត្រេកអរនឹងតម្លៃសាំងក្នុងស្រុកដ៏ថោក ដែលបានលក់ត្រឹមតម្លៃប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយលីត្រ ប៉ុន្តែបាននិយាយបន្ថែមថា៖
«ផ្ទុយទៅវិញ ប្រសិនបើប្រេងសាំងមានតម្លៃខ្ពស់ជាងនេះ ប្រហែលជាអាចមានថវិកាកាន់តែច្រើនសម្រាប់ផ្លូវថ្នល់ និងគម្រោងដទៃទៀតជាក់ជាពុំខាន»។
ប៉ុន្តែ កម្មករស្រីម្នាក់នៃហាងលក់គ្រឿងវាយណភ័ណ្ឌ ដែលគ្រប់គ្រងដោយ PDVSA មិនបានមើលឃើញអ្វីផ្សេងក្រៅតែពីកក្តាវិជ្ជមានឡើយ។
«ក្រុមហ៊ុន PDVSA ធ្លាប់បូមប្រេងដើម្បីគាំទ្រអ្នកមានទ្រព្យសម្បតិ្ត។ ឥឡូវនេះ ប្រេងត្រូវបានប្រើសម្រាប់ការថែទាំសុខភាព អាហារ ការអប់រំ និងការងារ។ យើងមានមជ្ឈមណ្ឌលនេះ ក៏ដោយសារតែ PDVSA ដែរ។ PDVSA ផ្តល់មូលនិធិដល់អ្វីៗគ្រប់យ៉ាង។ PDVSA ស្ថិតនៅគ្រប់កន្លែងទាំងអស់ដើម្បីជួយប្រជាពលរដ្ឋ។ ដូចអ្វីដែលលោកប្រធានាធិបតីមានប្រសាសន៍អញ្ជឹង ឥឡូវនេះ PDVSA ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លោក អ៊ឡានដូ អូឆាវ (Orlando Ochoa) ជាសេដ្ឋវិទូជាតិវេណេហ៊្សូអេឡា និយាយថា ពាក្យស្លោកជាតិនិយម និងវោហាសាស្ត្រលទ្ធិសង្គមនិយម មិនអាចលាក់បាំង នូវអ្វីដែលលោកមើលឃើញថាជាការពិតដ៏ជាក់ស្តែងមួយបានទេ ដែលថាគំរូរបស់លោក ឆាវេស គ្មាននិរន្តភាពទេ។
«តម្លៃប្រេងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ គឺប្រហែលគ្នាទៅនិងតម្លៃប្រេងក្នុងឆ្នាំ២០០៦ ដែលជាឆ្នាំលូតលាស់ខ្លាំងសម្រាប់ប្រទេសវេណេហ៊្សូអេឡា។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ចំណូលមិនមានគ្រប់គ្រាន់ទេ សម្រាប់រដ្ឋាភិបាលដែលបានដំឡើងការចំណាយក្នុងស្រុក តាមរយៈការផ្តល់ទុនបម្រុងដល់វិស័យស្បៀងអាហារ និងកាន់កាប់លើសហគ្រាសឯកជនទាំងឡាយ»។
ប៉ុន្តែ បើទោះជាមិនមានចំនួនគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការចំណាយរបស់រដ្ឋាភិបាលដែលកំពុងកើនឡើងក៏ដោយ ក៏លោក អូឆាវ ទទួលស្គាល់ថា យ៉ាងហោចណាស់ក្នុងពេលឥឡូវនេះ ប្រាក់ចំណូលដែលបន្តបានមកពីប្រេង នឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ឆាវេស លើកផ្អាកថ្ងៃដែលលោកត្រូវធ្វើសេចក្តីសម្រេចផ្តាច់ព្រ័ត្រណាមួយនាពេលខាងមុខដ៏ខ្លី៕
ប្រែសម្រួលដោយលី សុខឃាង