ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​រង់ចាំ​កោសល្យវិច័យ​មុន​កំណត់​មូលហេតុ​ស្លាប់​អ្នក​កាសែត​កាណាដា

  • ហេង រស្មី

ទី​តាំង​ដែល​គេ​រក​ឃើញ​សាកសព​ដែល​គេ​គិត​ថា​ជា​របស់​លោក​ Dave Walker នៅ​ក្នុង​ព្រៃ​នៅ​អង្គរ​ធំ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១៤។
រយៈ​ពេល​ជាង​បី​ខែ​ក្រោយ​ពី​បាត់​ខ្លួន​អ្នក​កាសែត​ជនជាតិ​កាណាដា​នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​សាក​សព​ទើប​តែ​បាន​រក​ឃើញ​នៅ​ដើម​ខែ​ឧសភា​នេះ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មិន​ទាន់​បាន​កំណត់​មូលហេតុ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ជន​រងគ្រោះ​នៅ​ឡើយ​ទេ។​

អ្នក​ឃ្លាំមើល​សេរីភាព​សារព័ត៌​មាន​កម្ពុជា​បាន​ចាត់​ទុក​ថា​ភាព​យឺតយ៉ាវ​របស់​ក្រុម​សមត្ថកិច្ច​បាន​បង្ហាញ​ពី​រូប​ភាព​យ៉ាង​អាក្រក់​មួយ​ទៅ​លើ​អ្នក​កាសែត​ក្នុង​ស្រុក​ស្រប​ពេល​និង​សេរីភាព​អ្នក​ការ​សែត​នៅ​កម្ពុជា​បាន​រង​នូវ​ការ​រិះ​គន់​ថា​បាន​ធ្លាក់​ចុះ និង​ ក្រោយ​ពី​អ្នក​កាសែត​ផ្សេង​ទៀត​បាន​ទទួល​រងការ​វាយ​ដំនៅ​សួន​ប្រជាធិបតេយ្យ។​

លោក​ ដេវ វ៉កឃឺ ​(Dave Walker) ​អាយុ​៥៨​ឆ្នាំ ​ជា​អ្នក​កាសែត​ជនជាតិ​កាណាដា​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​ឈ្មោះ​ Animist ​Farm ​Films ​បាន​បាត់​ខ្លួន​តាំង​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ពី​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត​សៀមរាប។

លោក​ ដេវ វ៉កឃើ​ បាន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាបដើម្បី​ផលិត​ខ្សែ​ភាពយន្ត​មួយ​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ ជើង​ថា​ «The ​Poorest ​Man»ឬ​ «បុរស​ក្រីក្រ​បំផុត»​។​ ខ្សែភាពយន្ត​រយៈ​ពេល​៨០​នាទី​នេះ​រៀបរាប់​អំពី​អ្នក​ភូមិ​ម្នាក់​ ដែល​ខ្មែរ​ក្រហម​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ភូមិ​ ក្រោយ​ពី​បាន​ដឹង​ថា ​គាត់​ជា​អ្នកក្រ​ជាង​គេ​ក្នុង​ភូមិ។​ តួអង្គ​ប្រធាន​ភូមិនោះបាន​សង្គ្រោះ​ជីវិត​មនុស្ស​១០០​នាក់​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ មិន​ឲ្យ​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ចោល។​

សាក​សព​របស់​ផលិតករ​ ដេវ វ៉ក​ឃើ​ ទើប​តែ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​១​ខែឧសភា​ក្នុង​ព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ​ ខេត្ត​សៀមរាប​ តែ​សាកសព​របស់​ជន​រង​គ្រោះ​បាន​ស្អុយ​រលួយ​ស្ទើរ​បាត់​រូប​ភាព​ដើម​អស់​ទៅ​ហើយ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ សត ណាឌី​ ស្នង​ការ​ប៉ូលិស​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​ថា​មាន​អ្នក​ជំនាញ​មក​ពីប្រទេស​ថៃ​ចំនួន​៨នាក់​បាន​មក​ធ្វើ​កោសល្យ​វិច័យ​សាក​សព​តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ស្លាប់​បាន​នៅ​ឡើយ​ទេ។​

«ក្រុមការ​ងារ​បច្ចេក​ទេស​កំពុង​តែ​ធ្វើ​ការ​ពិនិត្យ​កោសល្យ​វិច័យ​ទៅ​លើ​សពនោះ​ហើយ។​ គេ​មិន​ទាន់​បាន​ផ្តល់​ការ​សន្និដ្ឋាន​យ៉ាង​ម៉េច​ផង។ ​ខ្ញុំ​មិន​ទាន់​ប្រាប់​ថា​ម៉េច​ទេ»។​

លោក​នាយ​ឧត្តមសេនីយ​ សុខ ផល​ ប្រធាន​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​លទ្ធផល​មិន​ទាន់​បាន​បង្ហាញ​ពី​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។​

«រង់​ចាំ​កោសល្យ​វិច័យ​គេ​យក​មក​ពី​បាងកក​វិញ​ពី​ព្រោះ​ជាធម្មតា​យើង​ធ្វើ​កោសល្យ​វិច័យ​ធ្វើ​រួម​គ្នា​។​យើង​មិន​ទាន់​និយាយ​កើត​ទេ​កុំ​អាល​និយាយ»។​

លោក​ សាន់នី ឈួន​ មិត្តភក្តិ​លោក​ ដេវ វ៉កឃើ​ បាន​បញ្ជាក់​ថា​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​បង្កប់​នៅ​មន្ទិល​សង្ស័យ​យ៉ាង​ច្រើន។ ​លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​ទៅ​ពិនិត្យ​សាកសព ​លោក​ឮ​សមត្ថកិច្ច​និយាយ​គ្នា​ថា ​ឲ្យ​សន្និដ្ឋាន​ដូច​ៗគ្នា​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ក្នុង​ខណះ​ពេល​ការ​ធ្វើ​កោសល្យ​វិច័យ​មិន​ទាន់​ចាប់​ផ្តើមនៅ​ឡើយ​។​

«​ខ្ញុំ​មាន​ការមិន​អស់​ចិត្ត​នៅ​ពេល​ដែល​ព្រឹក​ថ្ងៃ​ទី១​ហ្នឹង​ពេល​ដែល​ខ្ញុំ​ទៅ​មើល​សាកសព​គាត់​ហ្នឹង​ខាង​នគរ​បាល​មួយ​ចំនួន​ហ្នឹង​គាត់​បាន​និយាយ​គ្នា​ហើយ​គេ​ប្រាប់​ឃ្នីគ្នា​គេ​នៅ​ពីមុខ​ហ្នឹង​គេថា​ឲ្យ​និយាយ​ឲ្យ​ដូច​គ្នា​ទៅ​ថា​សព​នេះ​ស្លាប់​ដោយ​ខ្យល់​គរ។ ​គេ​និយាយ​គ្នា​ពេញ​ថ្នល់​តែ​ម្តង»។​

ការ​បាត់​ខ្លួន​លោក ​Dave ​Walker ​ដែល​គ្មាន​មូលហេតុ​នេះ​បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​អង្គការ​សារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រឿង​នេះ។​

លោក ​មឿង ឈាន​ណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​បាន​រិះគន់​ថា​ ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​អ្នក​កាសែត​កាណាដា​និង​ការ​វាយ​សំពង​ទៅ​លើ​អ្នក​កាសែត​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ពី​រូប​ភាព​កាន់​តែ​អាក្រក់​និង​សេរីភាព​សារ​ព័ត៌មាន​បាន​ធាក់​ថយ​ក្រោយ​មុន​ឆ្នាំ​១៩៩៣​ទៅ​ទៀត៕
XS
SM
MD
LG