ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ម៉ាឡេស៊ី​រកឃើញថា​អ្នក​ដំណើរ​ម្នាក់​តាម​នាវា Westerdam ពី​កម្ពុជា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស


អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

នៅថ្ងៃ​សៅរ៍នេះ អាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី បាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-19 បន្ទាប់​ពី​ស្រ្តីវ័យ ៨៣ឆ្នាំ​រូប​នេះ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី

មន្ត្រី​សុខាភិបាលម៉ាឡេស៊ី លោក​ Noor Hisham Abdullah ត្រូវបាន​ដក​ស្រង់​សម្តី​តាម​សារព័ត៌មាន Malaysiakini ថា ការ​ត្រួតពិនិត្យសុខភាព​នៅ​អាកាសយានដ្ឋាន​កូឡាឡាំពួរ បាន​រកឃើញ​ថា អ្នកធ្វើដំណើរ​ពីររូប​ ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មាន​អាការៈ​សុខភាពដែលអាច​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស។

លោក​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ Covid-19 ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ “Institute for Medical Research” ហើយ​ស្ត្រី​ [ជនជាតិ​អាមេរិក]​ម្នាក់​នោះ​ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​»។​

ស្ត្រី​អាមេរិកាំង​រូប​នេះ គឺជា​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ចំនួន ជាង ២០០០នាក់ តាមនាវាកម្សាន្ត Westerdam របស់​ក្រុមហ៊ុន Holland ​America Line ដែល​រដ្ឋាភិបាល​ចំនួន​បួន រួមមាន​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​បារម្ភថា អ្នក​ដំណើរ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា។

កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យនាវា​នេះ​ចុះចត​នៅកំពង់ផែ​ប្រចាំ​ក្រុង​ព្រះសីហនុ ហើយ​នៅ​ព្រឹក​ថ្ងៃសុក្រ អ្នក​ធ្វើ​ដំណើរ​ជាង​ ១០០​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​គោក បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា​ ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស។

អ្នកស្រី​ Emily Zeeberg អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​ប្រាប់​វីអូអេថា ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា​បាន​ដឹង​ពីសេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើនេះ ហើយ​ថា «យើង​កំពុង​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សេចក្តីរាយការណ៍​ទាំង​អស់​នេះ»។

អ្នក​ស្រីបាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ​ថា៖ «សុវត្ថិភាព និង​សុខមាលភាព​របស់​ពលរដ្ឋ​អាមេរិក​គឺជា​អាទិភាព​ចម្បង​របស់​ស្ថានទូត​អាមេរិក។ យើង​កំពុង​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​សុខាភិបាល​កម្ពុជា ក្នុងការ​ចាត់​វិធានការ​ផ្នែក​ត្រួតពិនិត្យ​សុខភាព​បន្ថែម​ទៀត​ដែល​ចាំ​បាច់»។

សារព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី​ដដែល​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាមេរិកាំង​រូបនេះ កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ Sungai Buloh ក្នុងប្រទេស​ម៉ាឡេស៊ី។ រីឯ​ស្វាមី​របស់​ស្ត្រី​អាមេរិកាំង​រូបនេះ ត្រូវបាន​រាយការណ៍​ថា មិន​មាន​ផ្ទុក​មេរោគ កូរ៉ូណា​វីរុសទេ ប៉ុន្តែកំពុង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​តាមដាន​ស្ថានភាព​សុខភាព។

កាលពីថ្ងៃសុក្រ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ឲ្យ​អ្នក​ដំណើរ ៤០០​នាក់​ចាកចេញ​ពី​នាវា។ អ្នក​ដំណើរ​ខ្លះ​នឹង​ទៅ​ភ្នំពេញ ហើយ​អ្នក​ខ្លះ​បន្ត​ដំណើរ​ទៅ​ប្រទេស​ខ្លួន និង​អ្នក​ខ្លះ​ទៀត នឹង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​ធ្វើ​ដំណើរ​បន្ត​ទៀត។

ក្នុងចំណោម​អ្នកដំណើរ​ជិត ២០០០នាក់ នៅលើនាវា Westerdam នេះ ​អ្នកដំណើរ ២០​នាក់ ត្រូវបានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម។ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​លើក​យក​វត្ថុ​សំណាក​ពី​អ្នក​ដំណើរ​ទាំង​នេះ​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG