ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​អ្នក​ស្លាប់​យ៉ាងតិច​៥នាក់​ក្នុង​ភាពចលាចល​នៅ​អ៊ូសបេគីស្ថាន


ទាហាន​អ៊ូសបេគីស្ថាន​កំពុង​ល្បាត​ក្នុង​ក្រុង Nukus រដ្ឋធានី​នៃ​តំបន់ Karakalpakstan ភាគពាយ័ព្យ​ប្រទេស​អ៊ូសបេគីស្ថាន កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
ទាហាន​អ៊ូសបេគីស្ថាន​កំពុង​ល្បាត​ក្នុង​ក្រុង Nukus រដ្ឋធានី​នៃ​តំបន់ Karakalpakstan ភាគពាយ័ព្យ​ប្រទេស​អ៊ូសបេគីស្ថាន កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ូសបេគីស្ថាន​លោក ​Shavkat Mirziyoyev ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ មាន​មនុស្ស​ស្លាប់​ក្នុង​ចំណោម​ជនស៊ីវិល ​និង​មន្ត្រី​អនុវត្ត​ច្បាប់ ​បន្ទាប់ពី​មាន​ការ​តវ៉ា​ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​កណ្តាល​នេះ ហើយ​អ្នក​នយោបាយ​ប្រឆាំង​និរទេស​ខ្លួន​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​ស្លាប់។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters។​

ដោយ​ឡែក​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ប្រាប់​គេហ​ទំព័រ​ព័ត៌មាន​ Uzbek ​ថា​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​អ៊ីនធឺណិត ​លោក ​Mirziyoyev ​បាន​និយាយ​ថា ក្រុម​កុបកម្ម​បាន​ធ្វើ​«សកម្មភាព​បំផ្លិច​បំផ្លាញ»​ នៅ​ក្នុង​ទីក្រុង ​Nukus ​រដ្ឋធានី​តំបន់​ Karakalpakstan ​ភាគ​ពាយ័ព្យ ​ដោយ​គប់​ដុំ​ថ្ម​ ដុតភ្លើង​ និង​វាយ​ប្រហារ​ប៉ូលិស។​

លោក​បាន​ថ្លែង​ថា៖ «​ជា​អកុសល​ មាន​ជន​រងគ្រោះ​ក្នុង​ចំណោម​ជន​ស៊ីវិល ​និង​មន្ត្រី​អនុវត្ត​ច្បាប់។​ សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បញ្ជាក់​ពី​តួលេខ​ និង​ស្ថានភាព​មនុស្ស​រង​គ្រោះ​ទេ។ ​លោក​ Sultanbek Ziyayev​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​សាធារណៈ​រដ្ឋ​ Karakalpakstan ​បាន​ប្រាប់​គេហ​ទំព័រ​ព័ត៌មាន ​Daryo.uz​ ថា​ មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ Nukus ​ពោរពេញ​ដោយ​អ្នក​ជំងឺ​ដែលរង​របួស​ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ។​ បើតាម​គេហទំព័រ​នេះ​ លោក​បាន​និយាយ​ថា៖​ «អ្នក​របួស​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទទួល​ការ​ព្យាបាល»។​

រូបថត​ពី​ទីក្រុង​ Nukus ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​គេហ​ទំព័រ​ព័ត៌មាន​មួយ​ទៀត​គឺ​Kun.uz ​បាន​បង្ហាញ​រូបភាព​របាំង​ផ្លូវ​ ឡាន​ដឹក​ទំនិញ​ឆេះ​ និង​វត្តមាន​យោធា​ដ៏ច្រើន​ រួមទាំង​រថពាស​ដែក។ ​វីដេអូ​ដែល​បាន​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​រង​របួស​ធ្ងន់​ដោយ​ត្រូវ​គេ​សែង​ដោយ​កាន់​ដៃ​និង​ជើង។ ​ជនរង​គ្រោះ​ម្នាក់​ហូរ​ឈាម​តាម​ពោះ ​ចំណែក​ម្នាក់​ទៀត​ស្រែក​យំ។​

វីដេអូ​មួយ​ទៀត​បង្ហាញ​ពី​យុវជន​ម្នាក់​ក្រាប​លើ​ជនរង​គ្រោះ​ដែល​ទំនងជា​ស្លាប់​នៅ​តាម​ផ្លូវ​ ដោយ​ស្រែក​ថា​ «គាត់​ស្លាប់​ហើយ»​ រួច​បុរស​នោះ​រត់​រក​កន្លែង​ជ្រក​ ពេល​មាន​ស្នូរ​កាំភ្លើង។ ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​មិន​អាច​ផ្ទៀង​ផ្ទាត់​ភ្លាមៗ​អំពី​វីដេអូ​នោះ​ទេ។ ​អ្នក​នយោបាយ​ប្រឆាំង​ដែល​និរទេស​ខ្លួន​គឺ​លោក ​Pulat Ahunov ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ថា ​ដោយ​ផ្អែក​តាម​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រភព​ក្នុង​ស្រុក ​និង​ភស្តុតាង​វីដេអូ ​យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​ត្រូវ​បាន​សម្លាប់។​ លោក​បាន​និយាយ​ថា ​មាន​របាយ​ការណ៍​មិន​បាន​បញ្ជាក់​អំពី​អ្នក​ស្លាប់​រាប់​សិប​នាក់​ទៀត។​

លោក ​Ahunov ​បាន​និយាយ​ថា ​ប្រជាជន​មិន​អាច​ទៅ​ណា​មកណា​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​ទេ​ ដោយសារ​ស្ថាន​ភាព​អាសន្ន​កំណត់​ដោយ​អាជ្ញាធរ។​ អ៊ូសបេគីស្ថាន​ជា​សារណរដ្ឋ​ចំណុះ​អតីត​សហភាព​សូវៀត​ដែល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ​ហើយ​រដ្ឋាភិបាល​ធ្វើ​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​លើ​ការ​ប្រឆាំង​គ្រប់ទម្រង់។​

នេះ​គឺ​ជា​ភាព​ចលាចល​លើក​ទីពីរ​នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​នេះ ​បន្ទាប់ពី​ប្រតេស​កាហ្សាក់ស្ថាន​បាន​បង្ក្រាប​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មករា​ ហើយ​រុស្ស៊ី​ និង​សាធារណរដ្ឋ​ចំណុះ​អតីត​សហភាព​សូវៀត​ផ្សេង​ទៀត​បាន​បញ្ជូន​ទាហាន​ទៅជួយ​អាជ្ញាធរ​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ។​ ការតវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​បណ្តាល​មកពី​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​នឹង​ធ្វើ​ឱ្យ​រដ្ឋ​ Karakalpakstan ​បាត់​បង់​ឋានៈ​ស្វយ័ត។​ លោក​ប្រធានាធិបតីបាន​ដក​ផែនការ​នោះវិញ​កាលពី​ថ្ងៃ​សៅរ៍៕

រាយការណ៍​ដោយ​លោក​ Olzhas Auyezov ​នៅ​ក្រុង​ Almaty ​និងលោក Mark Trevelyan​ នៅ​ទីក្រុង​ឡុងដ៍​

XS
SM
MD
LG