រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ស្វាគមន៍ការវិវត្តទៅមុខនៅអ៊ូសបេគីស្ថាន ប៉ុន្តែ បានអំពាវនាវឲ្យមានការការពារសិទ្ធិជាមូលដ្ឋាន។ ហើយមន្ត្រីរដ្ឋាភិបាលអ៊ូសបេគីស្ថាន បានសុំឲ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់អំពីបញ្ហានេះ។
នៅពេលប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev បំពេញទស្សនកិច្ចនៅរដ្ឋ ធានីវ៉ាស៊ីនតោនកាលពីបីឆ្នាំមុន លោកបានសើរើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជា មួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធមួយចំនួន ខណៈបើកទ្វារប្រទេសសម្រាប់ទំនាក់ទំនងជាច្រើនវិស័យជាមួយនឹងសហរដ្ឋអាមេរិក។
អាណត្តិទីមួយនៃការកាន់តំណែងរបស់លោក Mirziyoyev ឥឡូវនេះកាន់តែកៀកនឹងបញ្ចប់ ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ហើយភាពជោគជ័យរបស់លោកនៅក្នុងការបំពេញការសន្យាខាងលើ និងការសន្យាដទៃទៀត កំពុងត្រូវបានវាយតម្លៃទាំងនៅរដ្ឋធានីវ៉ាស៊ីនតោននិងនៅក្នុងប្រទេស។
សម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិក មតិនៃការវិនិច្ឆ័យមកលើរូបលោកគឺមានភាពចម្រុះគ្នា។
កាលពីខែមេសា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានស្វាគមន៍នៅក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ូសបេគីស្ថានលោក Abdulaziz Kamilov អំពី«ការជឿនលឿនទៅមុខរបស់ប្រទេសអ៊ូសបេគីស្ថាននៅលើរបៀបវារៈកំណែទម្រង់របស់ប្រទេសនេះ ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការការពារសេរីភាពសាសនា និងការពង្រីកលំហសង្គមស៊ីវិល» ។
ក៏ប៉ុន្តែ លោក Blinken ក៏បានអំពាវនាវឲ្យមាន «ការការពារសេរីភាពជាមូលដ្ឋាន រួមមាន តម្រូវការសម្រាប់ដំណើរការបោះឆ្នោតដោយសេរីនិងប្រកបដោយការប្រកួតប្រជែង»។ នេះបើយោងទៅតាមសម្រង់កិច្ចសន្ទនាខាងលើកាលពីខែមុន។
អ៊ូសបេគីស្ថានជាអតីតប្រទេសកុម្មុយនីស្តមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះជាផ្នែកមួយនៃអតីតសហភាពសូវៀតមុនពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៩១។
ការជឿនលឿនលើរបៀបវារៈកំណែទម្រង់របស់លោកMirziyoyev ក៏កំពុងទទួលបានការវាយតម្លៃចម្រុះនៅអ៊ូសបេគីស្ថានជាទីកន្លែងដែលអ្នកធ្វើគោលនយោបាយនិងរដ្ឋមន្រ្តីបានទទួលស្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ VOA ថា ការពង្រីកតម្រូវការរបស់ប្រជាពលរដ្ឋសម្រាប់គណនេយ្យភាព និងការទទួលខុសត្រូវមានការលំបាកដើម្បីធ្វើទៅបាន។
លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន បានទទួលស្គាល់ថា៖ «មកទល់ពេលនេះ កំណែទម្រង់មានភាពរញ៉េរញ៉ៃ។ ជារៀងរាល់ថ្ងៃ យើងកំពុងរកឃើញថា បញ្ហារបស់យើងមានភាពស្មុគស្មាញជាងអ្វីដែលយើងបានរំពឹងទុក ហើយអ្វីដែលយើងត្រូវធ្វើ ដើម្បីជម្នះបញ្ហាទាំងនោះ។ នឹងមានជាឧបសគ្គផ្សេងៗ។ គ្មាននរណាម្នាក់មានមន្ទិលចំពោះរឿងនេះទេ។ យ៉ាងណាក្តី យើងមិនត្រូវបញ្ឈប់ការដោះស្រាយបញ្ហាទាំងនោះនោះទេ ខណៈធានាថា ការដោះស្រាយបញ្ហាទាំងនោះមានលក្ខណៈជាប្រព័ន្ធ»។
លោកស្រី Narbaeva ដែលជាស្រ្តីមានតំណែងខ្ពស់ជាងគេបង្អស់មួយនៅក្នុងប្រទេសអ៊ូសបេ គីស្ថាន ជាមិត្តដ៏ជិតស្និទ្ធនឹងលោកប្រធានាធិបតី Mirziyoyev ដែលបានព្យាយាមស្តារប្រជាប្រិយភាពឡើងវិញតាមរយៈការផ្តួចផ្តើមធ្វើកំណែទម្រង់ផ្សេងៗ។ លោកស្រីទទួលស្គាល់ថា មានការលំបាកនៅក្នុងការបញ្ចុះបញ្ចូលសាធារណជនដែលមានមន្ទិលខ្លាំងថា នីតិបញ្ញត្តិនៅអ៊ូសបេគីស្ថានគឺ មិនមែនមានតែសំបកក្រៅនោះទេ។
លោកស្រីទទូចថា៖ «សភាមានឯករាជ្យភាពពេញលេញ។ យើងមិនទទួលបញ្ជាពីអ្នកណានោះទេ»។
លោក Sardor Umurzakov ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីផ្នែកវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ជឿថា ប្រព័ន្ធដឹកនាំត្រូវធ្វើការជិតស្និទ្ធជាមួយនឹងយុវជននៅអ៊ូសបេគីស្ថានដែលមានចំនួនភាគច្រើនហើយដែលលោកនិយាយថា មានការទាមទារកើនឡើង មិនសូវអត់ធ្មត់ និងរិះគន់ច្រើន។
លោកបានថ្លែងថា៖ «ពួកគេអាចទទួលបានដំណឹងផ្សេងៗពីពិភពលោក ហើយមិនអាចបញ្ឈប់ពួកគេបានទេ។ យើងត្រូវឲ្យពួកគេចូលរួមប្រឡូក បង្កើតនូវឱកាស លើកកម្ពស់លក្ខ ខណ្ឌផ្សេងៗ។ គំនិតផ្សេងៗត្រូវតែប្រែផ្លាស់ជាគម្រោង ហើយគម្រោងនានាត្រូវប្រែផ្លាស់ជាក្រុមហ៊ុនដោយបង្កើតការងារ ធ្វើការផលិតនិងនាំចេញទំនិញផ្សេងៗ បង់ពន្ធ និងផ្តល់ឲ្យពលរដ្ឋនូវលំហដើម្បីរីកចម្រើនទៅមុខនៅក្នុងប្រទេសរបស់យើង»។
លោក Akmal Burhanov ប្រមុខទីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២០ និយាយថា អំពើពុករលួយបានចាក់ឫសនៅក្នុងប្រទេសអ៊ូសបេគីស្ថាន និងបានរីកកាន់តែធំក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជំងឺរាតត្បាតជំងឺ បញ្ហានេះត្រូវបានទទួលស្គាល់ដោយលោកស្រី Narbaeva លោក Umurzakov ក៏ដូចជាតំណាងរាស្រ្តនិងរដ្ឋមន្រ្តីដទៃទៀតដែរ។
លោក Burhanov បានថ្លែងប្រាប់ VOA ថា៖ «យើងកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីមនុស្សគ្រប់ៗគ្នា។ សាធារណជនចង់ឲ្យយើងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។ ពួកគេរំពឹងចង់បានអភូតហេតុ។ ប៉ុន្តែទីភ្នាក់ងារតែមួយមិនអាចសម្រេចវាបាននោះទេ។ យើងត្រូវការការរួមចំណែកពីមនុស្សទាំងអស់គ្នា»។
មន្រ្តីទីភ្នាក់ងាររបស់លោក Burhanov កំពុងជំរុញឲ្យមានច្បាប់មួយដែលមិនធ្លាប់មានកាលពីពេលមុនដែលតម្រូវឲ្យមានការបង្ហាញហិរញ្ញវត្ថុពីសំណាក់មន្រ្តីរដ្ឋ។ លោកបានថ្លែងថា៖ «នេះជាពេលវេលាសម្រាប់យើងក្នុងការកំណត់ព្រំដែននិងធ្វើឲ្យប្រាកដថា ប្រព័ន្ធនេះមិនអនុញ្ញាតឲ្យមានទំនាស់ផលប្រយោជន៍ទេ»។
ក្រសួងយុត្តិធម៌និងការិយាល័យប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអន្តរជាតិនិងកិច្ចការអនុវត្តច្បាប់របស់ក្រសួងការបរទេសអាមេរិក កំពុងតែជួយជ្រោមជ្រែងទីភ្នាក់ងារប្រឆាំងអំពើពុក រលួយនៅអ៊ូសបេគីស្ថាន ដោយផ្តល់ជាជំនួយផ្នែកបច្ចេកទេស។
លោក Ibrokhim Abdurakhmonov រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកច្នៃប្រឌិតនិងជាអ្នកវិទ្យាសាស្រ្តដែលបានទទួលការអប់រំពីសហរដ្ឋអាមេរិក បានធ្វើការជាមួយនឹងដៃគូអន្តរជាតិនានាហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលក្រុងតាស្កិន។
លោក Abdurakhmonov បាននិយាយថា៖ «យើងចង់បង្កើតសេដ្ឋកិច្ចដែលពឹងផ្អែកលើចំ ណេះដឹង»។ ប៉ុន្តែជាមួយនឹងគោលដៅយុទ្ធសាស្រ្តណាមួយក៏ដោយ អ៊ូសបេគីស្ថានកំពុងប្រឈមនឹងឧបសគ្គនៅក្នុងការសម្រេចគោលដៅនេះ។ អ៊ូសបេគីស្ថានទទួលបានកំណើនសេដ្ឋកិច្ចនិងប្រាក់ចំណូលភាគច្រើនពីធនធានធម្មជាតិនិងវត្ថុធាតុដើម។
លោក Abdurakhmonov បានបកស្រាយថា៖ «យើងមានអ្នកស្រាវជ្រាវ១០០០នាក់ក្នុងចំណោមរាល់មនុស្ស១លាននាក់... ប្រទេសអភិវឌ្ឍន៍មានចំនួនអ្នកស្រាវជ្រាវលើសពីនេះបីទៅបួនដង។ ហើយពិបាកជាងនេះ ប្រព័ន្ធដឹកនាំនេះមិនធ្លាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកបង្កើតនិងអ្នកច្នៃប្រឌិតនោះទេ។ កិច្ចការផ្នែកវិទ្យាសាស្រ្តនិងការស្រាវជ្រាវ គឺធ្វើឡើងដើម្បីគ្រាន់តែទទួលបាននូវប្រាក់បៀវត្សរ៍តែប៉ុណ្ណោះ មិនមែនដើម្បីជំរុញការបោះជំហានទៅមុខផ្នែកចំណេះដឹងនោះទេ»។
រដ្ឋមន្រ្តីក្រសួងថាមពលលោក Alisher Sultanov ទទូចថា នៅទីបំផុត ប្រទេសអ៊ូសបេគីស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធផ្នែកឧស្ម័ននិងអគ្គិសនីរបស់ខ្លួន។ លោកនិយាយថា៖ «ប្រព័ន្ធផ្គត់ផ្គង់ចាស់គំរិលមិនអាចបំពេញនូវតម្រូវការដែលកំពុងតែកើនឡើងនោះទេ» ខណៈដែលលោកសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ឯករាជ្យភាពផ្នែកថាមពល។
លោក Sultanov បានប្រាប់VOA ថា លោកទទួលខុសត្រូវសម្រាប់ការខ្វះខាតថាមពលប្រើ ប្រាស់ កាលពីរដូវធ្លាក់ទឹកកកឆ្នាំមុនហើយបានទទួលស្គាល់ថា ប្រព័ន្ធដំណើរការដែលលោកកំពុងមើលការខុសត្រូវមានអំពើពុករលួយយ៉ាងខ្លាំង ខ្វះខាតការទទួលខុសត្រូវ និងខកខានក្នុងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពនិងជាប់លាប់ទេ។
លោក Avazbek Madaminov រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលទទួលបន្ទុកមើលការខុសត្រូវលើអង្គការក្រៅរដ្ឋាភិបាល ក៏បានអះអាងដែរថា ការិយាល័យរបស់លោកមិនទទួលបញ្ជាពីនរ ណានោះទេ។ មានតែរដ្ឋមន្រ្តីប៉ុណ្ណោះទេដែលធ្វើសេចក្តីសម្រេចចុងក្រោយលើការចុះបញ្ជីអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយ។
ក៏ប៉ុន្តែក្រុមអ្នករិះគន់ក្នុងស្រុកនិងអន្តរជាតិនិយាយថា អង្គការក្រៅរដ្ឋាភិបាលជាង ៩.០០០ នៅក្នុងប្រទេសអ៊ូបេគីស្ថានមិនតំណាងឲ្យសង្គមស៊ីវិលពិតប្រាកដនោះទេ ហើយថា ប្រព័ន្ធដឹកនាំ «ក្រៅរដ្ឋាភិបាល» នាពេលបច្ចុប្បន្នគឺគ្រាន់តែជាការពង្រីកបន្ថែមនៃរដ្ឋាភិបាលប៉ុណ្ណោះ។
រដ្ឋាភិបាលក្រុងតាស្កិនបានបង្កើតមួយផ្នែកធំនៃច្បាប់សង្គមស៊ីវិលនៅក្រោមមេដឹកនាំកាលពីមុនគឺលោក Islam Karimov ក្នុងគោលបំណងប្រើប្រាស់ជាវាំងននមួយដើម្បីបំភ័ន្តពិភព លោកឲ្យជឿថា អ៊ូសបេគីស្ថានកំពុងតែពង្រឹងលទ្ធិប្រជាធិបតេយ្យ។
សកម្មជនអ៊ូសបេគីស្ថាននិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្រៅប្រទេសត្អូញត្អែរថា ក្រសួងផ្តល់ការចុះបញ្ជីឲ្យអង្គការណា ដែលសន្យានឹងដើរតួជាទីភ្នាក់ងាររបស់ពួកគេប៉ុណ្ណោះ។ ជាជាងដាក់និយ័តកម្មលើអង្គការទាំងនោះ ពួកគេនិយាយថា រដ្ឋាភិបាលបានលូកដៃដោយផ្ទាល់ ដោយដាក់សម្ពាធលើអង្គការណាដែលទាមទារសេវាកម្ម តម្លាភាព ការទទួលខុសត្រូវ និងយុត្តិធម៌ប្រសើរជាងមុន។
រដ្ឋាភិបាលក្រុងតាស្កិនទទួលបានអនុសាសន៍ជាច្រើនពីបណ្តាប្រទេសដៃគូនៅបស្ចិមលោក ជាពិសេស ពាក់ព័ន្ធនឹងការធានាឲ្យបាននូវសង្គមស៊ីវិលដែលរឹងមាំនិងប្រកបដោយស្វ័យ ភាពជាងមុន។
នៅពេលត្រូវបានចោទសួរ លោក Madaminov និយាយថា អ៊ូសបេគីស្ថានស្តាប់ប្រទេសលោកខាងលិច យល់ពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននិងព្យាយាមតាមតែអាចធ្វើបានដើម្បីសម្របទៅតាមបទដ្ឋានអន្តរជាតិ ខណៈបង្កើតនូវ«លំហសង្គមស៊ីវិល» តាមទម្រង់របស់ខ្លួនមួយ ដែលកើតចេញពីតម្រូវការ និងផលប្រយោជន៍របស់ពលរដ្ឋអ៊ូសបេគីស្ថាន។
លោក Madaminov និយាយថា៖ «ភាពជោគជ័យនៃសង្គមស៊ីវិលរបស់យើងនៅទីបំផុតគឺពឹង ផ្អែកលើឆន្ទៈនិងការប្តេជ្ញារបស់អ្នកដឹកនាំអង្គការទាំងនោះ។ ច្បាប់និងប្រព័ន្ធដែលយើងកំពុងធ្វើការកែទម្រង់ ផ្តល់នូវឱកាស ដើម្បីនាំឲ្យមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិតពលរដ្ឋអ៊ូសបេគីស្ថាន។
គ្រប់ឥស្សរជននយោបាយជាន់ខ្ពស់ដែល VOA បានសម្ភាសន៍យល់ថា ការគាំទ្រនិងជំនួយរបស់សហរដ្ឋអាមេរិក ជាកត្តាចម្បងមួយដើម្បីកែទម្រង់ប្រទេសអ៊ូសបេគីស្ថាន ដោយទទួលស្គាល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានក្តីរំពឹងខ្ពស់។
សាររបស់ពួកគេគឺ បន្តជួយតាមបែបផែនតាមដែលអាចធ្វើបាន។ មានការអត់ធ្មត់ជាមួយនឹងអ៊ូសបេគីស្ថានដោយសារតែប្រទេសនេះកំពុងតែរៀនសូត្រពីមួយជំហានទៅមួយជំហាន។ ពួកគេបានបន្តថា ដូចដែលសហរដ្ឋអាមេរិកប្រាថ្នាចង់បាន អ៊ូសបេគីស្ថានក៏ចង់បានសន្តិសុខ វឌ្ឍនភាព និងសេរីភាពពេញលេញនៅទីបំផុតផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា